ប្រជាកសិករខេត្តស្ទឹងត្រែង ត្អូញត្អែរពីតម្លៃកសិផលនៅឆ្នាំនេះចុះថោកជាងឆ្នាំមុន។ ការធ្លាក់ថ្លៃនេះ ធ្វើឲ្យកសិករមួយចំនួនអស់សង្ឃឹម និងព្រមានឈប់ដាំដំណាំនៅឆ្នាំក្រោយ បន្ទាប់ពីពួកគាត់ខាតបង់ប្រាក់ និងខ្វះប្រាក់បង្វិលសងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ចំណែកប្រធានមន្ទីរកសិកម្មខេត្តអះអាងថា មន្ទីរជំនាញបានបង្កើតសមាគមកសិកម្មនៅមូលដ្ឋាន ដើម្បីស្វែងរកទីផ្សារលក់កសិផលជូនកសិករ។
កសិកររស់នៅភូមិត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ធ្នូ អំពាវនាវឲ្យក្រសួងកសិកម្ម និងរដ្ឋាភិបាល យកចិត្តទុកដាក់ស្វែងរកទីផ្សារទិញកសិផល បន្ទាប់ពីផលដំណាំរបស់ពួកគាត់ចុះថោកខ្លាំង ហើយមានកសិផលមួយចំនួនមិនអាចរកទីផ្សារបាន។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតម្លៃកសិផលល្ងនៅឆ្នាំនេះមានតម្លៃមិនបាន ៣ពាន់រៀលក្នុងមួយគីឡូក្រាម បើធៀបនឹងឆ្នាំ២០១៤ ដែលមានតម្លៃ ៦ពាន់រៀលក្នុងមួយគីឡូក្រាម។ បញ្ហានេះ ធ្វើឲ្យកសិករដាំដំណាំល្ងអស់សង្ឃឹម បន្ទាប់ពីពួកគាត់ត្រូវចំណាយប្រាក់ច្រើនទៅលើការដាំដុះ ថែទាំ កម្លាំងពលកម្ម និងការប្រមូលផល។
កសិកររស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោកស្រី គង់ នាងដារី ត្អូញត្អែរថា មានឧបសគ្គច្រើនរំខានក្នុងការធ្វើកសិកម្មស្ទើររាល់ឆ្នាំ ដូចជា គ្រោះរាំងស្ងួត និងសត្វល្អិត បង្កឲ្យផលដំណាំល្ង និងដំឡូងពួកគាត់មិនអាចប្រមូលផលបានខ្ពស់ឡើយ។ លោកស្រីថា នៅចុងឆ្នាំនេះ កសិករភាគច្រើនប្រមូលទិន្នផលរួចរាល់ ត្រូវឈ្មួញទម្លាក់តម្លៃតាមអំពើចិត្ត ដូចជា ល្ង និងដំឡូងមី ជាដើម។ លោកស្រីបារម្ភថា ប្រសិនបើក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាល មិនអើពើបញ្ហានេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កសិករ បន្ទាប់ពីប្រជាកសិករភាគច្រើនខ្ចីលុយពីធនាគារ ដើម្បីធ្វើដើមទុន។ លោកស្រីថា មានកសិករមួយចំនួន បោះបង់របរកសិកម្មទៅធ្វើការនៅរាជធានីភ្នំពេញ និងនៅក្រៅប្រទេស ព្រោះពួកគេយល់ថា របរនេះមិនអាចធានាជីវភាពរស់នៅរបស់ពួកគេឲ្យប្រសើរ៖ «ឆ្នាំនេះអត់ដូចរាល់ឆ្នាំទេ រាំងណាស់! ប្រជាជនធ្វើអីក៏អត់បានដែរខាត ម្នាក់ៗរត់ទៅស៊ីឈ្នួល ចំណាកស្រុកអស់ហើយ ហើយបានផលល្ងតែ ៣ពាន់ ក៏អត់ទិញដែរ»។
ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោក ទូច ធា លើកឡើងថា មន្ទីរបានបង្កើតសមាគមអភិវឌ្ឍន៍កសិកម្មឃុំអូរម្រះ ដើម្បីជួយរកទីផ្សារជូនកសិករ និងសម្របសម្រួលបញ្ហាបច្ចេកទេស ជាដើម។ លោកបារម្ភថា កសិករភាគច្រើនធ្វើកសិកម្មប្រវាស់មេឃ និងមិនសូវយកចិត្ដទុកដាក់ធ្វើកសិកម្មផ្អែកលើបច្ចេកទេសនោះទេ ទើបបង្កឲ្យខាតបង់ប្រាក់ចំណូល។ លោក ទូ ធា អំពាវនាវឲ្យកសិករធ្វើកសិកម្មផ្ដោតលើបច្ចេកទេស និងប្រឹក្សាយោបល់ជាមួយមន្ត្រីជំនាញផ្នែកកសិកម្ម៖ «សហគមន៍គាត់បានទំនាក់ទំនងទីផ្សារជាមួយថៃ ជាមួយវៀតណាម បានច្រើនណាស់។ យើងទេដែលមិនមានផលិតគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារគេ»។
តួលេខរបស់មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បង្ហាញថា ផ្ទៃដីដាំដំណាំដំឡូងមីនៅឆ្នាំ២០១៥ មានចំនួនជាង ១ម៉ឺន ៤ពាន់ហិកតារ អនុវត្តបានចំនួនជាង ១ម៉ឺន ២ពាន់ហិកតារ (១២.៤៧១ហិកតារ)។ ចំណែកផ្ទៃដីដាំល្ងចំនួន ៥០០ហិកតារ អនុវត្តបានជិត ៣៥០ហិកតារ។
អ្នកវិភាគសេដ្ឋកិច្ច លោក កង ច័ន្ទតារារ័ត្ន មើលឃើញថា មានធាតុផ្សំជាច្រើនដែលធ្វើឲ្យតម្លៃកសិផលរបស់កសិករចុះថោក មានជាអាទិ៍ ច្រកបញ្ចេញកសិផលមិនទូលាយ ហើយលំហូរនៃទីផ្សារទិញកសិផលក៏ចង្អៀត។ លោកផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែបើកឲ្យទូលាយនូវការប្រកួតប្រជែងដល់ឈ្មួញកណ្ដាល ដែលមានបំណងបោះទុនទិញដូរកសិផល ក៏ជាផ្នែកមួយជួយរក្សាស្ថិរភាពតម្លៃកសិកម្មជូនកសិករ។ លោកថា រដ្ឋាភិបាលគួរបង្កើតទីផ្សារកិច្ចសន្យា មានន័យថា រដ្ឋត្រូវប្រកាសដេញថ្លៃតាមតំបន់ដែលមានអាជ្ញាធរជំនាញ ជជែកទិញកសិផលតាមកិច្ចសន្យាកំណត់៖ «ឈ្មួញជើងថ្មីល្មមៗគេអត់ចង់ចូល ចូលទៅក៏វាប្រថុយច្រើន។ ចឹងទៅអ្នកដែលជាឈ្មួញនៅហ្នឹង គេហៅថាឈ្មួញចាស់វស្សា ដែលគេអាចមានសេចក្តីសុខខ្លាំងនៅក្នុងរបររបស់គេហ្នឹង ដោយគិតច្បាស់ថា អ្នកថ្មីពិបាកចូល ក៏គេអាចចំណេញបានច្រើនដែរ។ ចឹងអាលុយដែលគេចំណេញបានច្រើន គេអាចយកប្រើប្រាស់នៅក្នុងផ្លូវងងឹត ដើម្បីការងារនូវរបររបស់គេហ្នឹង។ ចឹងតម្លៃស៊ីសងទៅលើគេឲ្យ»។
កសិករនៅខេត្តស្ទឹងត្រែង ស្នើឲ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារដែលធានាស្ថិរភាពតម្លៃ ដូចជា ល្ង ៦ពាន់រៀលឡើងទៅ និងដំឡូងមីស្ងួត ចាប់ពី ៤០០រៀលឡើងទៅក្នុងមួយគីឡូក្រាម ទើបអាចឲ្យកសិកររកប្រាក់ចំណេញបាន និងដើម្បីធានានិរន្តរភាពការងាររបស់ប្រជាកសិករ ហើយក៏ជាផ្នែកមួយដើម្បីទប់ស្កាត់ចំណាកស្រុករបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
