ខណៈដែលប្រជាកសិករដាំបន្លែមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ និងតាមបណ្ដាខេត្តផ្សេងៗ តែងប្រើប្រាស់ជី និងថ្នាំគីមីលើដំណាំកសិកម្ម ដើម្បីឲ្យបន្លែធំលូតលាស់លឿន និងទទួលបានទិន្នផលឆាប់រហ័សនោះ ផ្ទុយទៅវិញ កសិករមួយចំនួននៅក្នុងស្រុកសំរោង ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមងាកមកដាំបន្លែតាមបែបធម្មជាតិទៅវិញ។
ហេតុអ្វីបានជាកសិករដាំបន្លែមួយចំនួន ងាកមកប្រើជីធម្មជាតិលើដំណាំបន្លែទៅវិញ?
ប្រជាកសិករមួយចំនួននៅឃុំកាហែង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើកឡើងថា ការប្រើប្រាស់ជីគីមី ទោះជាជួយឲ្យផលដំណាំកសិកម្មទទួលបានច្រើន ប៉ុន្តែជីគីមីអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស គុណភាពដី និងជីវចម្រុះ។
ដោយមើលឃើញពីទំហំនៃគ្រោះថ្នាក់របស់ជី និងថ្នាំគីមីទាំងនេះ ទើបជំរុញឲ្យប្រជាកសិករដែលប្រកបរបរដាំបន្លែមួយចំនួននៅក្នុងខេត្តនេះ បានងាកមកប្រើប្រាស់ជីធម្មជាតិវិញ។
កំពុងអង្គុយដកស្មៅយ៉ាងញាប់ដៃលើរងបន្លែចម្រុះនៅខាងក្រោយផ្ទះ កសិករ អែម រីម រស់នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី បណ្ដើរថា លោកស្រីមានបទពិសោធន៍ដាំបន្លែជាលក្ខណៈគ្រួសារជាច្រើនឆ្នាំមកហើយ ដោយបានប្រើប្រាស់ជីគីមីលើបន្លែដំណាំគ្រប់ប្រភេទ ដើម្បីឲ្យវាលូតលាស់ល្អ និងឆាប់ទទួលផល។ ស្ត្រីវ័យជិត ៥០ឆ្នាំរូបនេះបន្តថា បន្ទាប់ពីលោកស្រីដឹងថា ការប្រើជីគីមីនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងឆាប់ខូចដីផងនោះ លោកស្រីបានងាកមកប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញម្ដង៖ «ខ្ញុំជ្រើសរើសយកចំណីធម្មជាតិហ្នឹង ដោយបើយើងវិភាគសេដ្ឋកិច្ចវាចំណាយតិច ព្រោះវត្ថុធាតុដើមដែលយើងយកមកប្រើ វាងាយស្រួលរក ងាយស្រួលនៅជិតផ្ទះស្រាប់ តែបើយើងយកប្រើថ្នាំគីមី បើយើងប្រៀបធៀបនឹងប្រាក់ចំណេញវាបានតិច»។
កសិកររូបនេះបន្ថែមថា បន្ទាប់ពីបានប្រើប្រាស់ជីធម្មជាតិលើដំណាំបន្លែ ក្រុមគ្រួសាររបស់លោកស្រីមិនពិបាកក្នុងការស្វែងរកទីផ្សារនោះទេ ពោលមានឈ្មួញចាំទទួលទិញជាស្រេច ដោយទទួលប្រាក់ចំណូលពីការដាំបន្លែនោះចំណេញជាងពាក់កណ្ដាល បើធៀបនឹងចំណូលដែលបានមកពីបន្លែដាំប្រើជីគីមី ដែលលោកស្រីធ្លាប់ដាំកាលពីកន្លងមក៖ «បើខ្ញុំប្រើជី និងថ្នាំគីមីដើម្បីកម្ចាត់បញ្ហាសត្វចង្រៃលើដំណាំបន្លែដែលខ្ញុំដាំ តម្លៃវាអាស្រ័យលើមាត់ឈ្មួញជាអ្នកកំណត់ប៉ុណ្ណោះ»។
ជាមួយគ្នានេះដែរ កសិករដែលមានមាឌតូចល្អិត មុខជាំខ្មៅអន្លើៗ និយាយបណ្ដើរយកក្រមាជូតញើសបណ្ដើរ លោកស្រី ថន ស៊ន បាននិយាយដែរថា លោកស្រីមានមុខរបរដាំស្ពៃខៀវ ត្រកួន និងប៉េងប៉ោះ ជាច្រើនឆ្នាំមកហើយ។ លោកស្រីថា ទោះជាការដាំបន្លែដោយប្រើជីធម្មជាតិលូតលាស់យឺត បើប្រៀបធៀបនឹងការដាំដោយប្រើជី និងថ្នាំគីមីក៏ដោយ តែវាផ្តល់ឲ្យអ្នកបរិភោគមានសុខភាពល្អ ហើយការដាំដុះចំណាយថវិកាតិច តែបន្លែលក់បានតម្លៃថ្លៃ។
របាយការណ៍ហានិភ័យឆ្នាំ២០១៤ របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសទី៩ ដែលងាយរងគ្រោះជាងគេ ដោយសារគ្រោះមហន្តរាយនៅលើពិភពលោក ដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍន៍សម្រាប់ប្រទេសនេះ។ ករណីនេះ បានធ្វើឲ្យខូចខាតដល់វិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និងអប់រំ ជាដើម។
ជាងនេះទៀត ក្រសួងបរិស្ថាន ឲ្យដឹងថា ទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិក (១.២០០លានដុល្លារអាមេរិក) នឹងត្រូវចំណាយទៅលើការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុក្នុងរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨។
ភាពរាំងស្ងួត និងគ្រោះមហន្តរាយនៅកម្ពុជា នៅតែជាប្រធានបទដ៏សំខាន់ កំពុងបន្តអូសបន្លាយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្មកម្ពុជា នៅឆ្នាំនេះ។
កសិករដាំបន្លែធម្មជាតិម្នាក់ទៀត គឺលោក វ៉ុន ចេម បានឲ្យដឹងថា ពលរដ្ឋក្នុងភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ប្រមាណ ៨៥% ជាកសិករដាំបន្លែ។ លោកថា កសិករទាំងនោះចាត់ទុកមុខរបរដាំបន្លែ អាចជួយជីវភាពគ្រួសារធូរធារ និងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។ ត្រង់ចំណុចនេះ កសិកររូបនេះបែរជានិយាយប្រែទឹកមុខស្រងូតស្រងាត់វិញថា ទោះជាប្រជាកសិករមួយចំនួននៅក្នុងភូមិ ងាកមកប្រើជីធម្មជាតិក្តី ក៏ចំនួននេះនៅតែតិចតួចនៅឡើយ។ បញ្ហានេះលោកថា ដោយសារកត្តាគ្រោះរាំងស្ងួត និងកង្វះការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗពីបណ្ដាស្ថាប័នពាក់ព័ន្ធ។ លោកចង់ឃើញរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រ និងផ្តល់បច្ចេកទេសថ្មីៗដល់កសិករ ដើម្បីឲ្យពួកគាត់ងាកមកប្រើជីធម្មជាតិឲ្យបានច្រើន៖ «វាប្រឈមជាងគេ គឺគ្រោះរាំងស្ងួត ភ្លៀងវាមិនទៀងទាត់ ចឹងវាធ្វើឲ្យការដាំបន្លែរបស់កសិករ មិនសូវបានផល»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដើម្បីសុំការឆ្លើយតប និងដឹងពីវិធានការយ៉ាងណារបស់ខេត្ត ជុំវិញវិស័យកសិកម្មនៅក្នុងខេត្តនេះបាននៅឡើយទេ នៅថ្ងៃទី២៣ ខែធ្នូ។
ក៏ប៉ុន្តែ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មនៅកម្ពុជា កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកវិស័យកសិកម្ម គឺជាវិស័យចម្បងរបស់ជាតិ។ ជាងនេះទៀត រដ្ឋាភិបាលបានប្ដេជ្ញាដាក់ចេញនូវគោលនយោបាយ នៅតែបន្តការវិនិយោគលើវិស័យកសិកម្ម លើកកម្ពស់វិស័យផលិតកម្ម ការដឹកជញ្ជូនប្រព័ន្ធធារាសាស្ត្រ ដោះស្រាយបញ្ហាស្វែងរកទីផ្សារ ផលិតផលកសិកម្ម ព្រមទាំងដាក់យុទ្ធសាស្ត្រនានាក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដើម្បីធានាដល់ការផលិតបែបគុណភាព និងកាត់បន្ថយការប្រើថ្នាំកសិកម្ម។
នៅក្នុងទិវា «សប្ដាហ៍គ្មានថ្នាំពុល» ដែលបានប្រារព្ធឡើងកាលពីដើមខែធ្នូ ឆ្នាំ២០១៥ សហគមន៍ផ្សេងៗ និងអង្គការមូលដ្ឋាននានាក្នុងទ្វីបអាស៊ី បានឲ្យដឹងថា នៅកម្ពុជា ជាង ៨០% នៃចំនួនប្រជាជនសរុប គឺជាកសិករ។ ទិវានេះ ឲ្យដឹងទៀតថា កសិករស្ទើរតែទាំងអស់កំពុងប្រើថ្នាំ និងជីគីមីកសិកម្មដ៏មានគ្រោះថ្នាក់សម្រាប់ការធ្វើកសិកម្មរបស់ខ្លួន ដោយមិនដឹងពីការគំរាមកំហែងរបស់វា ចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថាន។
ជាងនេះទៀត ទិវានេះអះអាងថា ថ្នាំគីមីកសិកម្ម និងបច្ចេកវិទ្យាទំនើប ជារឿយៗត្រូវបាននាំចូលដោយខុសច្បាប់មកពីប្រទេសវៀតណាម និងថៃ។ លើសពីនេះ បទបញ្ញត្តិគ្រប់គ្រងជាតិគីមីនៃប្រទេសកម្ពុជា ថ្នាំកសិកម្មដែលនាំចូល និងលក់នៅលើទីផ្សារនៅកម្ពុជា ត្រូវមានស្លាកសញ្ញាមួយជាភាសាខ្មែរនៅលើកញ្ចប់ថ្នាំ និងជីគីមីកសិកម្ម ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង ថ្នាំគីមីកសិកម្មខ្លះមិនមានដាក់ស្លាកសញ្ញានោះទេ។ ករណីនេះ កំពុងតែបង្កក្តីមហន្តរាយដល់សុខភាព និងបរិស្ថានជាខ្លាំង។
ទាក់ទិននឹងបញ្ហានេះដែរ នាយកកម្មវិធីសុខភាព និងបរិស្ថាននៃអង្គការសេដាក (CEDAC) លោក គាម មករាឌី មានប្រសាសន៍ថា វាជារឿងល្អនៅពេលដែលកសិករមួយចំនួនងាកមកឲ្យតម្លៃការដាំបែបធម្មជាតិ ឬបែបសរីរាង្គលើដំណាំកសិកម្ម។ លោកថា ការប្រើជីគីមីកសិកម្ម និងថ្នាំពុលកសិកម្ម មិនត្រឹមតែចំណាយថវិកាច្រើននោះទេ វាក៏មានគ្រោះថ្នាក់ខ្លាំងដល់សុខភាពប្រជាកសិករ និងបរិស្ថាន ជាដើម៖ «ប្រជាកសិករគួរតែស្វែងយល់ស្តង់ដារការផលិតនានា ដោយមិនចាំបាច់ប្រើជីគីមីពីអង្គការកសិកម្មណាដែលនៅក្បែរខ្លួន ដើម្បីឲ្យការដាំបន្លែរបស់ខ្លួនជោគជ័យ»។
បញ្ហានេះ ដើម្បីជំរុញឲ្យកសិករកាត់បន្ថយប្រើថ្នាំកសិកម្ម លោកស្នើឲ្យប្រជាកសិករគួរតែស្វែងយល់បន្ថែមពីបច្ចេកទេសថ្មីៗពីបណ្ដាអ្នកពាក់ព័ន្ធ ដើម្បីឲ្យកសិកម្មបែបធម្មជាតិរបស់ខ្លួនបានផលកាន់តែប្រសើរ។ ជាងនេះទៀត លោកអំពាវនាវឲ្យរដ្ឋាភិបាល លើកទឹកចិត្តកសិករ ពិសេសត្រូវជួយស្វែងរកទីផ្សារនៅពេលដែលកសិករដាំបន្លែបានជោគជ័យ។ លោកថា បើរដ្ឋាភិបាលធ្វើបែបនេះបាន កសិករនៅតាមទីជនបទ នឹងមិនបោះបង់ការងារកសិកម្មនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
