ប្រជាកសិករនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង រិះគន់អាជ្ញាធរនៅតាមជាយដែនកម្ពុជា-វៀតណាម ថាដាក់កុងត្រូលយកលុយពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម មួយជើងប្រមាណ ២៥០ដុល្លារអាមេរិក ខណៈដែលធ្វើដំណើរដឹកស្រូវតាមដងស្ទឹងកំពង់ត្របែក នៅចំណុចច្រកទ្វារចេញចូលនាភូមិពាមបន្ទារ ឃុំពាមបន្ទារ ស្រុកកំពង់ត្របែក។ បញ្ហានេះ បានធ្វើឲ្យតម្លៃស្រូវរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះធ្លាក់ចុះ និងប៉ះពាល់ដល់ជីវភាពរបស់ប្រជាកសិករ។
ប្រជាកសិករអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់បញ្ឈប់សកម្មភាពដាក់កុងត្រូលយកប្រាក់ពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម ដែលធ្វើដំណើរដឹកស្រូវរបស់ពលរដ្ឋនៅតាមដងស្ទឹងកំពង់ត្របែក ខេត្តព្រៃវែង បន្តទៀត។
ប្រជាកសិករម្នាក់រស់នៅភូមិដង្កៀបក្ដាម ឃុំពាមបន្ទារ ស្រុកកំពង់ត្របែក លោក ផុន ឌឿន ថ្លែងបញ្ជាក់នៅថ្ងៃទី១៨ កុម្ភៈ ថា អាជ្ញាធរចម្រុះប្រចាំការនៅជាយដែនកម្ពុជា-វៀតណាម រួមមានប៉ូលិសអន្តោប្រវេសន៍ មន្ត្រីគយ ពេទ្យសត្វ និងមន្ត្រីយោធា ជាដើម ដាក់កុងត្រូលយកលុយពីទូកឈ្មួញដឹកស្រូវរបស់ជនជាតិវៀតណាម ច្រើនពេក ធ្វើឲ្យឈ្មួញបន្ថោកតម្លៃស្រូវរបស់ប្រជាពលរដ្ឋ ដើម្បីទុកប្រាក់មួយចំនួនយកទៅបង់ឲ្យក្រុមកុងត្រូលខុសច្បាប់ទាំងនោះ។ ហើយសព្វថ្ងៃ តម្លៃស្រូវប្រាំងប្រភេទអ៊ីអ៊ែរ ដែលឈ្មួញជនជាតិវៀតណាម ចុះប្រមូលទិញពីប្រជាកសិករប្រមាណ ៨៥០រៀលក្នុងមួយគីឡូក្រាមស្រូវ។
លោក ផុន ឌឿន ថ្លែងបន្តថា តម្លៃស្រូវអាចឡើងដល់ ១ពាន់រៀលក្នុងមួយគីឡូក្រាម ប្រសិនបើអាជ្ញាធរប្រចាំច្រកចេញចូលមិនគាបសង្កត់យកលុយពីឈ្មួញទិញស្រូវជនជាតិវៀតណាម នោះ៖ «ទូកធំយកច្រើនជាងហ្នឹងទៀត ទៅទូកតូចយកតាមទូកតូចទៅ ហ្នឹងហើយដល់អ៊ីចឹងទៅ កាលណាយើងជាន់កវៀតណាម លៀនអណ្ដាតអ្នកណា លៀនអណ្ដាតតែខ្មែរហ្នឹង។ បើសិនថា រាជរដ្ឋាភិបាលគិតឃើញថា បើកច្រកឲ្យគ្នាទិញមួយខែពីរខែ វាអស់ទៅហើយស្រុកខ្មែរ។ វាមានតម្លៃទៅ កាលណាបន្ថយបន្ធូរពន្ធទៅ វៀតណាម ទិញថ្លៃទៅខ្ញុំជាប្រជារាស្ត្រអ្នកធ្វើស្រែហ្នឹងក៏ខ្ញុំមានតម្លៃខ្ញុំធ្វើបាន។ កាលណាយើងធ្វើតម្លៃបានទៅ សូម្បីអ្នករត់ទៅប្រទេសថៃ ក៏មកវិញដែរ។ នៅឃុំពាមបន្ទារ អ្នករត់ទៅប្រទេសថៃ រាប់រយនាក់ ហើយវាជិតស្មើនឹងម្ខាង ចង់ម្ខាងឃុំហើយអ្នករត់ហ្នឹង»។
ស្រដៀងគ្នានេះដែរ ប្រជាកសិករនៅឃុំកំពង់ត្របែក ម្នាក់ទៀត លោក ប៉ែន សំអូន ថ្លែងបញ្ជាក់ថា អាជ្ញាធរយកលុយពីទូកឈ្មួញទិញស្រូវជនជាតិវៀតណាម ដឹកឆ្លងកាត់តាមដងស្ទឹងកំពង់ត្របែក បើទូកដឹកស្រូវចំណុះ ៣០តោន ក្នុងមួយជើងត្រូវបង់ទៅឲ្យអាជ្ញាធរខ្មែរប្រមាណ ២៥០ដុល្លារអាមេរិក។ ហើយទូកឈ្មួញដឹកស្រូវរបស់ជនជាតិវៀតណាម ដឹកឆ្លងកាត់នៅតំបន់នោះប្រមាណពី ១០ ទៅ ១៥គ្រឿងក្នុងមួយថ្ងៃ។
លោក ប៉ែន សំអូន បញ្ជាក់ថា ការធ្វើដូចនេះ នាំឲ្យតម្លៃស្រូវរបស់ប្រជាពលរដ្ឋធ្លាក់ចុះ។ បញ្ហាទាំងនេះ បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ប្រជាកសិករខ្លះគ្មានប្រាក់បង់ថ្លៃជំពាក់គេ ដោយសារខ្ចីបុលយកទៅធ្វើស្រែ ក៏បានរត់ចោលស្រុកទៅធ្វើការនៅក្រៅប្រទេស៖ «គេត្អូញប្រាប់អ៊ីចឹងបង! អ្នកទិញគេថាគេអត់ហ៊ានទិញថ្លៃ ព្រោះផ្លូវអស់ច្រើនអ៊ីចឹងបង! ដល់អ៊ីចឹង គាត់ហ៊ានទិញហើយគាត់។ ដូចខ្ញុំអ្នកធ្វើស្រូវ ព្រោះតម្លៃប៉ុណ្ណឹងអាចប៉ះពាល់ ដូចថាយើងអត់មានចំណេញ ហើយយើងអត់មានរកស៊ីអីក្រៅពីហ្នឹងផង ប្រជាពលរដ្ឋនៅនឹងភូមិហ្នឹងបង! ទាំងខ្ញុំទាំងគេ ទាំងអស់គ្នាហ្នឹង មានតែមុខរបរតែស្រូវមួយមុខ ហើយក្រៅពីហ្នឹង ចិញ្ចឹមអីៗអត់បានផង»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីគយ ពេទ្យសត្វ មន្ត្រីយោធា និងប៉ូលិសអន្តោប្រវេសន៍ប្រចាំការនៅច្រកពាមបន្ទារ ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤។
ប៉ុន្តែ អភិបាលស្រុកកំពង់ត្របែក លោក ចាន់ រ៉ាន់ មានប្រសាសន៍បញ្ជាក់ថា លោកពុំទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងបញ្ហាអាជ្ញាធរប្រចាំការនៅជាយដែនដាក់កុងត្រូល ទារលុយពីទូកឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម នេះនៅឡើយទេ៖ «វាតាំងពីដល់រដូវស្រូវខែ១២ ខែ១ មក ដឹកតាមទូកតែអាឡូវលើណេះ វាលែងមានទូកហើយវាអស់ស្រូវ។ ប្រហែលជាស្រូវប្រជាជននៅជាប់ព្រំដែនអីហ្នឹងទេ ចាំមើលខ្ញុំត្រួតពិនិត្យ ព្រោះពីលើទៅអត់មានទេ លែងមានស្រូវចុះហើយពីលើទៅអស់ស្រូវ»។
តែយ៉ាងណា ប្រជាពលរដ្ឋឲ្យដឹងថា អាជ្ញាធរប្រចាំការនៅតំបន់ជាយដែននៃច្រកពាមបន្ទារ ស្រុកកំពង់ត្របែក តែងតែធ្វើសកម្មភាពគាបយកលុយពីឈ្មួញទិញស្រូវរបស់ជនជាតិវៀតណាម ជាប្រចាំ ជាពិសេស ក្នុងរដូវច្រូតកាត់របស់ប្រជាកសិករខ្មែរនៅតំបន់នោះតែម្ដង គឺចន្លោះពីខែធ្នូ ដល់ដើមខែមីនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
