គ្រួសារ​កម្មករ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នា​ខេត្ត​ស្វាយរៀង​អំពាវនាវ​រក​យុត្តិធម៌

0:00 / 0:00

គ្រួសារ​កម្មករ​កម្មការិនី​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា នៅ​ខេត្ត​ស្វាយរៀង អំពាវនាវ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​កម្មករ​កម្មការិនី​ស្លាប់​បាន​ប្រហែល​កន្លះ​ខែ​មក​ហើយ នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ក្នុង​ការ​ផ្តល់​សំណង​បាន​សមរម្យ និង​ពុំ​មាន​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​ជាក់លាក់ ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​នោះ​នៅ​ឡើយ។

បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​តែ​មាន​មន្ទិល​ចំពោះ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​តាមុំ ឃុំ​ពោធិ៍រាជ ស្រុក​ស្វាយជ្រំ នៅ​តែ​បារម្ភ​ចំពោះ​ដំណោះស្រាយ​នៃ​ការ​ស្លាប់​របស់​កូនស្រី​គាត់ ២​នាក់ និង​កូនប្រសា​ម្នាក់ ត្រូវ​ពិការ​មួយ​ជីវិត អំឡុង​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ខែ​ឧសភា ឋិត​នៅ​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​កណ្ដៀងរាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។

រំឭក​ដល់​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ នាំ​ឲ្យ​ស្ត្រី​វ័យ ៥១​ឆ្នាំ អ្នកស្រី ផង់ ឃឿន មាន​សម្បុរ​ខ្មៅ​ស្រអែម និយាយ​អួល​ដើមក ទឹក​ភ្នែក​ហូរ​បណ្ដើរ​អង្គុយ​លើ​គ្រែ​រនាប​ក្ដារ​ក្រោម​ផ្ទះ រស់នៅ​ភូមិ​តាមុំ ឃុំ​ពោធិ៍រាជ ស្រុក​ស្វាយជ្រំ ជាប់​របង​វត្ត​ពោធិ៍សុខារាម ហៅ​វត្ត​ថ្មី។ អ្នកស្រី​រៀបរាប់​ថា គ្រួសារ​អ្នកស្រី​មាន​កូន ៤​នាក់ ក្នុង​នោះ​មាន​ស្រី ២​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត។ ជាង​នេះ​ទៅ​ទៀត ការ​ស្លាប់​កូនស្រី​អ្នកស្រី ២​នាក់ ព្រម​ទាំង​កូនប្រសា​ម្នាក់​របួស​ធ្ងន់​ត្រូវ​ពិការ​មួយ​ជីវិត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​ប្រហែល​ជា​កន្លះ​ខែ​មក​ហើយ ដែល​ប្រឈម​ពិការ​មួយ​ជីវិត​មិន​អាច​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត​បាន​ទេ។ បន្ថែម​ពី​លើ​នេះ គ្រួសារ​អ្នកស្រី​បាន​ខ្ចី​ប្រាក់​ធនាគារ​ចំនួន ៣.៥០០​ដុល្លារ ដើម្បី​ធ្វើ​ផ្ទះ និង​ទិញ​ម៉ូតូ ដោយ​បង់​រំលស់​ក្នុង​មួយ​ខែ​ជាង ២០០​ដុល្លារ ហើយ​ប្រាក់​ទាំង​នេះ កូនស្រី​អ្នកស្រី​ដែល​ស្លាប់​ទាំង ២​នាក់ និង​កូនប្រសា​ជា​អ្នក​រក​ប្រាក់​សង​ធនាគារ​រាល់​ខែ ហើយ​គិត​មក​ដល់​ពេល​នេះ ទើប​តែ​សង​ប្រាក់​ធនាគារ​បាន​តែ ៥​ខែ​ប៉ុណ្ណោះ។ នេះ​ជា​មូលហេតុ​ចម្បង បណ្ដាល​ឲ្យ​គ្រួសារ​អ្នកស្រី​ប្រឈម​ជំពាក់​បំណុល​ធនាគារ​មិន​អាច​រក​ប្រាក់​សង​បាន​គ្រប់គ្រាន់។ ហេតុ​នេះ​ហើយ ទើប​អ្នកស្រី​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​អ្នកស្រី​ឲ្យ​បាន​ឆាប់ៗ៖ «អត់​មាន​នរណា​សង​ទេ បាន​រក​មួយ​ហូប កូន​ធ្វើ​ការ​បើក​មក​ថែម​ម៉ោង​ថែម​អី កូន​ខ្ញុំ​កូន​បង្កើត​ហ្នឹង ថ្ងៃ​បុណ្យ​ក៏​ធ្វើ ថ្ងៃ​អាទិត្យ​ក៏​ធ្វើ ដើម្បី​យក​លុយ​ហ្នឹង​មក​បើក​ឲ្យ​រួច​បង់​ហើយ ចាយ​វាយ​សង្ឃឹម​លើ​ឪ​វា»

ស្ត្រី​ដដែល​បន្ត​ថា បន្ទាប់​ពី​មុខ​របរ​ធ្វើ​ស្រែ​ដែល​មាន​ដី​ស្រែ​មិន​ដល់ ១​ហិកតារ​ផង អ្នកស្រី​ឆ្លៀត​ដើរ​រើស និង​ទិញ​អេតចាយ ដើម្បី​រក​ប្រាក់​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ និង​មើល​ថែ​ចៅៗ​នៅ​ផ្ទះ។ អ្នកស្រី​បន្ត​ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) បាន​ផ្តល់​ប្រាក់​ជូន​គ្រួសារ​អ្នកស្រី​រួច​រាល់​ហើយ​ចំនួន ៤​លាន​រៀល​សម្រាប់​អ្នក​ស្លាប់​ម្នាក់។ ដោយ​ឡែក​រោងចក្រ ស៊ីកូ (Shico) បាន​ផ្តល់​ប្រាក់​ជូន​គ្រួសារ​អ្នកស្រី​ចំនួន ៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ​ដែល​ស្លាប់៖ «ខ្ញុំ​ទៅ​ឃើញ​ហេតុការណ៍ បើ​និយាយ​ពី​របួស​ក្រៅ​តិច​ណាស់ ប៉ុន្តែ​គ្រឿង​ក្នុង​មិន​ដឹង​ថា​គ្រឿង​ក្នុង​បែក​អ្វី​មួយ ខ្ញុំ​មិន​ដឹង គ្រាន់​តែ​គេ​សុល​នោម​ធ្លាក់​តែ​ឈាម​មក»

បុរស​ម្នាក់​កំពុង​អង្គុយ​លើ​ម៉ូតូ​កញ្ចាស់​ដែល​មិន​ទាន់​ពន្លត់​ម៉ាស៊ីន និង​អត់​មាន​ពាក់​អាវ ដែល​ត្រូវ​ជា​កូន​ច្បង​គ្រួសារ​នេះ គឺ​លោក ផាន វិរិទ្ធ។ លោក​ថ្លែង​ថា បើ​និយាយ​អំពី​ការ​ស្លាប់​របស់​ប្អូន​ស្រី​លោក និង​ប្អូន​ថ្លៃ គឺ​ហាក់បី​ដូចជា​និយាយ​មិន​ចេញ ដោយសារ​តែ​ហេតុការណ៍​រន្ធត់​ពេក តែ​មួយ​ពព្រិច​ភ្នែក​បាន​ផ្តាច់​សង្ខារ​គ្រួសារ​លោក​ចំនួន ២​នាក់ និង​ត្រូវ​ពិការ​ម្នាក់​អស់​មួយ​ជីវិត​ធ្វើ​អ្វី​មិន​កើត៖ «មាន​អារម្មណ៍​សោកសង្រេង ចង់​តែ​យំ​តែ​យំ​មិន​ចេញ វា​ឆ្អែត​ពេក»

ក្នុង​ករណី​នេះ មេ​ឃុំ​ពោធិ៍រាជ លោក ឡឹក ឃុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ មិថុនា ថា តុលាការ​នឹង​កោះ​អញ្ជើញ​លោក និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ស្លាប់​នេះ ទៅ​ស្រាយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៨ មិថុនា ខាង​មុខ។ លោក​បន្ត​ថា បន្ទាប់​ពី​មាន​ការ​ស្លាប់​កម្មករ​កម្មការិនី​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍ លោក​អង្កេត​ឃើញ​ថា ក្នុង​ឃុំ​ពោធិ៍រាជ មាន​រថយន្ត​ដឹក​កម្មករ​ចំនួន ៤​គ្រឿង​រៀង​រាល់​ថ្ងៃ ដែល​ចាប់​ផ្ដើម​ដឹក​កម្មករ​ទៅ​រោងចក្រ​នៅ​ក្រុង​បាវិត ជិត​ព្រំដែន​កម្ពុជា-វៀតណាម រហូត​ដល់​ម៉ោង ៥​ល្ងាច ទើប​រថយន្ត​នេះ​ដឹក​កម្មករ​ត្រឡប់​មក​វិញ។ ជាង​នេះ​ទៅ​ទៀត រថយន្ត​ដឹក​កម្មករ​នេះ​ផ្ទុក​កម្មករ​ចំនួន​ជិត ៤០​នាក់ ឬ​អាច​លើស​ពី​នេះ​រៀង​រាល់​ថ្ងៃ។ លោក​ថា បើ​ទោះ​បី​មាន​ការ​ស្លាប់​របស់​កម្មករ​កម្មការិនី​នេះ នៅ​តែ​មាន​កម្មករ​កម្មការិនី​ជាច្រើន​នៅ​តែ​ជិះ​រថយន្ត​នេះ​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ​ដដែល ព្រោះ​ពួក​គេ​អត់​មាន​ជម្រើស ក៏ប៉ុន្តែ​នៅ​មាន​កម្មករ​មួយ​ចំនួន​តូច​ឈប់​ធ្វើ​ការ និង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​រាជធានី៖ «ថ្ងៃ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​វា​ដល់​រង្វង់​មូល​ស្វាយរៀង ហ្នឹង​បាន​ធូរ​កង់​ឡាន ផ្លាស់​កង់​ឡាន​ចុះ​អស់​ប្រាំ​នាក់ កុំ​ទៅ​ជាង ៤០​សិប​នាក់»

ក្នុង​ករណី​នេះ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង លោក អ៊ុច សារ៉ន មាន​ប្រសាសន៍​ថា រហូត​ដល់​បច្ចុប្បន្ន​នេះ ចំនួន​កម្មករ​ដែល​ស្លាប់​មាន​ចំនួន ១៩​នាក់​ហើយ ក្នុង​នោះ​មាន​របួស​ធ្ងន់ និង​របួស​ស្រាល​ចំនួន​ជាង ២០​នាក់ ចំណែក​អ្នក​របួស​ធ្ងន់​ច្រើន​ជាង​របួស​ស្រាល៖ «នៅ​មន្ទីរពេទ្យ​កាលម៉ែត្រ ខ្លះ​នៅ​ភ្នំពេញ ខ្លះ​នៅ​ស្វាយរៀង ខ្លះ​ទៅ​គាត់​បាន​ចេញ​មក​ដល់​លំនៅឋាន​វិញ​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ក្រុមហ៊ុន ១៥​អេស.អេច្ឆ (15SH) ឬ​ខេមបូឌា-វៀតណាម បាន​ទេ។ ក្រុមហ៊ុន​នេះ​រង​ការ​រិះគន់​ថា មាន​បុគ្គលិក​បើកបរ​រថយន្ត​ពុំ​មាន​ប័ណ្ណ​បើកបរ និង​មក​បើកបរ​ស្រុក​ខ្មែរ​ដោយ​សេរី។

មន្ត្រី​សម្រប​សម្រួល​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ខេត្ត​ស្វាយរៀង លោក កាំ សំណាង ថ្លែង​ថា សមាជិក​របស់​សហជីព​លោក​ក៏​ឋិត​ក្នុង​ចំណោម​មនុស្ស​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ដែរ។ ដូច្នេះ អង្គការ​លោក​បាន​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន ១៥​អេស.អេច្ឆ ឬ​ខេមបូឌា-វៀតណាម ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ លោក​រិះគន់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ថា មិន​បាន​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ​តាម​តួនាទី​ឡើយ៖ «សកម្មភាព​តាម​ផ្លូវ​ឥឡូវ​វា​បន្ថយ ព្រោះ​អី​ពី​មុន​វា​បើក​ល្បឿន​លឿន តែ​ដល់​ពេល​ឥឡូវ​បន្ថយ​ល្បឿន​បន្តិច​ហើយ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ចំនួន ៣​នាក់ ក្នុង​នោះ​ជន​បង្ក​គ្រោះថ្នាក់​ជា​ជនជាតិ​វៀតណាម ឈ្មោះ ឡេ វ៉ាងស៊ឹង កំពុង​ជាប់​ពន្ធនាគារ និង​ពីរ​នាក់​ផ្សេង​ទៀត​ឈ្មោះ សយ រំ ឈ្មោះ វាន់ យូឌី ជាប់​ចោទ​ពី​បទ​បំផ្លាញ​ភស្តុតាង ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា។

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន ១៥​អេស.អេច្ឆ ឬ​ខេមបូឌា-វៀតណាម ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ជន​បង្ក​នៅ​ក្រៅ​ឃុំ​ដែរ តែ​ត្រូវ​បាន​តុលាការ​បដិសេធ។

ច្បាប់​ចរាចរណ៍​ឆ្នាំ​២០១០ មាត្រា​៨៥ ចែង​ថា ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​បទបញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ទៅ ១៥​លាន​រៀល និង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

យ៉ាង​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា គ្រួសារ​ជន​រងគ្រោះ​គួរ​ទទួល​បាន​ដំណោះស្រាយ​តាម​ផ្នែក​ច្បាប់​ជា​រដ្ឋប្បវេណី ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​ក្រុមហ៊ុន​ដែល​ជន​បង្ក​បើកបរ។ តុលាការ​គួរ​តែ​ពន្លឿន​រឿង​ក្តី​នេះ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​គ្រួសារ​ជន​រងគ្រោះ​កំពុង​មាន​ជីវភាព​ខ្វះខាត។ លោក នុត បូពិណ្ណារ័ត្ន រក​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មក​ពី​ការ​អនុវត្ត​ច្បាប់​មិន​បាន​ពេញលេញ។ លោក​បន្ត​ថា ការ​មិន​អនុវត្ត​ច្បាប់​ពេញលេញ​នេះ ជា​មូលហេតុ​ឧបសគ្គ​ចម្បង ធ្វើ​ឲ្យ​ស្លាប់​កម្មករ និង​រង​របួស​ពិការ​មួយ​ជីវិត​ជាច្រើន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ រួម​ទាំង​សង្គម​ជាតិ ដោយសារ​ការ​បាត់បង់​សមាជិក​គ្រួសារ និង​ពិការ​មួយ​ជីវិត៖ «មន្ត្រី​ត្រូវ​តែ​អនុវត្ត​ទៀត ជន​ណា​ដែល​បង្ក​ត្រូវ​តែ​យក​ជន​ហ្នឹង​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​នោះ ហើយ​ដែល​ធ្វើ​ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រោយៗ​មាន​ការ​រាងចាល»

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា កាល​ពី​ឆ្នាំ​២០១៤ រថយន្តក្រុង​បើកបរ​ដោយ​ជនជាតិ​វៀតណាម បាន​បុក​មន្ត្រី​នគរបាល​ម្នាក់​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ តែ​មិន​ត្រូវ​បាន​ចាប់​ជន​បង្ក​គ្រោះថ្នាក់​មក​អនុវត្ត​ច្បាប់​ឡើយ បែរ​ជា​បញ្ជូន​ជនជាតិ​វៀតណាម នោះ​ទៅ​ប្រទេស​គេ​វិញ។

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​សង្គម​ស៊ីវិល​រំពឹង​ថា ច្បាប់​ចរាចរណ៍​ថ្មី​ដែល​គ្រោង​អនុវត្ត​ឆាប់ៗ​នេះ នឹង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន បើ​អ្នក​បើកបរ​ទាំងអស់​ចូលរួម​ប្រតិបត្តិ។ ទន្ទឹម​គ្នា​នេះ អំពើ​ពុក​រលួយ​ក៏​អាច​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ដែរ ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។