គ្រួសារ​កម្មករ​រង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្វាយរៀង​ជួប​វិបត្តិ​សេដ្ឋកិច្ច​និង​ផ្លូវ​ចិត្ត

0:00 / 0:00

ក្រុម​គ្រួសារ​កម្មករ-​កម្មការិនី​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ស្វាយរៀង ដែល​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់ ១៩​នាក់ និង​របួស ២០​នាក់ កន្លង​ទៅ​ថ្មីៗ​នេះ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​វិបត្តិ​ផ្លូវ​ចិត្ត។ ក្រុម​គ្រួសារ​ទាំង​នេះ​បន្ត​អំពាវនាវ​ឲ្យ​តុលាការ​ពន្លឿន​ការ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ៗ។

ក្រុម​គ្រួសារ​របស់​កម្មករ-​កម្មការិនី​ដែល​ស្លាប់ និង​រង​បួស​ធ្ងន់​ស្រាល​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ុន ហួរ ក្នុង​ខេត្ត​ស្វាយរៀង មាន​រយៈពេល​ជិត​មួយ​ខែ​ហើយ នៅ​មិន​ទាន់​មាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

គេ​នៅ​ចាំ​មិន​ភ្លេច​ទេ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​ផ្ដាច់​ជីវិត​កម្មករ-​កម្មការិនី​ចំនួន ១៩​នាក់ និង ២០​នាក់​រង​របួស​បាក់​ដៃ បាក់​ជើង និង​ប៉ះទង្គិច​ក្បាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ដើម​ពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​អ្នក​ស្លាប់ និង​របួស​យ៉ាង​ច្រើន​នេះ បាន​បណ្ដាល​អោយ​ភូមិ​មួយ​ចាប់​ផ្ដើម​មាន​សភាព​ស្ងាត់ជ្រងំ នោះ​គឺ​ភូមិ​ព្រៃខ្លា ដែល​មាន​អ្នក​ស្លាប់​ចំនួន ១៦​នាក់ និង​ភូមិ​តាមុំ ស្លាប់ ៣​នាក់ ស្ថិត​ក្នុង​ឃុំ​ពោធិ៍រាជ ស្រុក​ស្វាយជ្រំ។ សោកនាដកម្ម​នេះ បាន​ធ្វើ​ឱ្យ​បាត់បង់​សេដ្ឋកិច្ច​គ្រួសារ​ពួកគាត់​យ៉ាង​ខ្លាំង ខណៈ​ពួកគាត់​កំពុង​តែ​តស៊ូ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​នោះ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កន្លង​ផុត​ទៅ​ជិត​មួយ​ខែ​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​នៅ​តែ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​ទេ។ អ្នក​ខ្លះ​នៅ​តែ​ដេក​ខូចចិត្ត​ហូរ​ទឹក​ភ្នែក និង​មិន​ដែល​បរិភោគ​បាយ​បាន​ឆ្អែត​ម្ដង​ណា​ឡើយ។

​កំពុង​អង្គុយ​យោល​អង្រឹង​កូនង៉ែត អ្នកស្រី សែម ផារី រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា ក្រោម​ដំបូល​ផ្ទះ​អ្នកស្រី​តែ​មួយ​គត់ មាន​មនុស្ស​បី​នាក់​រង​គ្រោះ គឺ​មាន​ប្អូនស្រី​ពៅ​ម្នាក់ ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ និង​ប្អូនស្រី​បង្កើត​ម្នាក់​ទៀត​រង​របួស​បាក់​ដៃ​ធ្វើ​អ្វី​មិន​កើត ចំ​ណែ​ឪពុក​ឈ្មោះ ស្រី សំអូន ក៏​រង​របួស​ប៉ះទង្គិច​ក្បាល​យ៉ាង​ខ្លាំង បណ្ដាល​អោយ​គាត់​វិបល្លាស​ស្មារតី និយាយ​លែង​ដឹង​ខុស​ត្រូវ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មក។

​អ្នកស្រី​បន្ត​ថា អ្នក​ទាំង​បី​គឺ​ជា​អ្នក​នាំ​ចំណូល​យ៉ាង​សំខាន់​សម្រាប់​គ្រួសារ​កន្លង​មក ប៉ុន្តែ​ពេល​នេះ អ្វីៗ​ត្រូវ​ចប់​គ្មាន​ទី​ពឹង​ទៀត​ទេ ព្រោះ​ម្ដាយ​ក៏​ឈឺ ខ្លួន​ឯង​ក៏​កូនខ្ចី ប្អូនស្រី​ក៏​បាក់​ដៃ ប្អូនស្រី​ម្នាក់​ទៀត ក៏​ស្លាប់ ហើយ​ឪពុក​ក៏​មាន​បញ្ហា​ខួរក្បាល ថា​តើ​បាន​អ្នក​នរណា​រក​លុយ​ដោះ​បំណុល​ធនាគារ៖ «ជីវភាព​គ្រួសារ​ខ្ញុំ​លំបាក​ណាស់ ព្រោះ​អ្នក​រក​គាត់​ស្លាប់ និង​របួស​ធ្វើ​អ្វី​មិន​កើត​ទេ»

​ស្ថានភាព​អ្នក​រង​របួស​ទាំង​អស់​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​នៅ​ឡើយ​ទេ ដោយ​អ្នកខ្លះ​បាក់​ដៃ បាក់​ជើង ដើរ​មិន​រួច ធ្វើការ​អ្វី​មិន​កើត។ បើ​និយាយ​ពី​កម្មការិនី​ដែល​ស្លាប់​វិញ ពួកគាត់​បាន​បន្សល់​ទុក​កូន​នៅ​ជាមួយ​ប្តី​យ៉ាង​កណ្ដោចកណ្ដែង។ ជា​ទូទៅ​ផ្ទះ​អ្នក​រង​គ្រោះ​អ្នក​ទាំង​នោះ ភាគ​ច្រើន​នៅ​ជាប់​គ្នា​រដឹក។

គ្រួសារ​រងគ្រោះ​មួយ​ទៀត​ក៏​មាន​ទុក្ខ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ លោក ឃឹម សុផៃ ពាក់អាវ​កញ្ចាស់ ផ្សើម​ដោយ​ញើស កំពុង​រៀបចំ​ដាំ​បាយ​នៅ​ក្រោម​ផ្ទះ​ឈើ​តូច​មួយ​ដែល​រុំ​ព័ទ្ធ​ដោយ​ជញ្ជាំង និង​ដំបូល​ស្លឹក​ត្នោត​រហែក​ធ្លុះធ្លាយ និយាយ​ទាំង​មុខ​ស្រពោន​ថា ប្រពន្ធ​របស់​លោក​បាន​ស្លាប់​ទៅ​បន្សល់​ទុក​កូន​ស្រី​មួយ​ទើប​បាន​អាយុ​មួយ​ខួប ដែល​មិន​ទាន់​ផ្ដាច់​ដោះ​ផង។ ខណៈ​កំពុង​និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន កូនស្រី​របស់​គាត់​កំពុង​ដេក​លង់លក់​នៅ​លើ​ផ្ទះ​ម្នាក់​ឯង។ លោក​មិន​អាច​ទៅ​ធ្វើ​អ្វី​បាន​ទេ ព្រោះ​ត្រូវ​មើល​ថែរក្សា​កូន។

លោក ឃឹម សុផៃ៖ «រក​អី​ក៏​មិន​បាន​សោះ ព្រោះ​រវល់​មើល​កូន។ កាល​ពី​មុន​បាន​ប្រពន្ធ​ជួយ​រក​ផ្សែផ្សំ​ទៅ​បាន​ចិញ្ចឹម​ជីវិត តែ​ឥឡូវ​គាត់​ស្លាប់​បាត់​ហើយ ដូច្នេះ​ខ្ញុំ​ទៅ​ណា​ឆ្ងាយ​រក​លុយ​ក៏​មិន​បាន​ដែរ ព្រោះ​កូន​នៅ​តូច​ពេក»

​ភាព​សោកសៅ​ជា​ពន់ពេក​ក៏​បាន​កើត​ឡើង​ក្នុង​គ្រួសារ​ស្ត្រី​វ័យ ៥១​ឆ្នាំ អ្នកស្រី ផង់ ឃឿន ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម។ ភាព​សោកសៅ​នេះ​ក៏​មិន​ទាន់​រលត់​ទៅ​វិញ​ដែរ​សម្រាប់​អ្នកស្រី។ អង្គុយ​លើ​គ្រែ​រនាប​ក្ដារ​ក្រោម​ផ្ទះ រស់​នៅ​ភូមិ​តាមុំ អ្នកស្រី​និយាយ​បណ្ដើរ​ទឹក​ភ្នែក​ហូរ​បណ្ដើរ​ថា គ្រួសារ​គាត់​មាន​កូន​ស្រី ២​នាក់ ត្រូវ​បាន​បាត់បង់​ជីវិត ព្រម​ទាំង​កូនប្រសា​ម្នាក់​របួស​ធ្ងន់ ត្រូវ​ពិការ​មួយ​ជីវិត។ គាត់​មិន​ទាន់​ដឹង​ថា តើ​នឹង​ត្រូវ​រៀបចំ​គ្រួសារ​ឡើង​វិញ​យ៉ាង​ម៉េច​ទេ៖ «ខ្ញុំ​សូម​អំពាវនាវ​អោយ​ស្ថាប័ន ជាពិសេស​តុលាការ​គ្រប់​ជាន់​ថ្នាក់​ជួយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មាន​ទុក្ខ​លំបាក​ខ្លាំង​ណាស់ ដោយសារ​បាត់បង់​កូន»

​វិបត្តិ​គ្រួសារ​ផ្ដើម​ចេញ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ហើយ ទើប​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ដង្ហោយ​រក​យុត្តិធម៌ ដោយ​ទទូច​អោយ​តុលាការ​ខែត្រ​ស្វាយរៀង ពន្លឿន​ដំណោះស្រាយ​ផ្ដល់​សំណង់​ជូន​ពួកគាត់។

បុរស​វ័យ​ចំណាស់​ម្នាក់ គឺ​លោក សេក សារិទ្ធ កំពុង​បី​ចៅ​ដែល​ម្ដាយ​ស្លាប់​ចោល​ទៅ និយាយ​ទាំង​តឹង​ដើម​ទ្រូង ស្នើ​អោយ​តុលាការ​ខែត្រ​ស្វាយរៀង ពន្លឿន​ដំណោះស្រាយ​នេះ​អោយ​បាន​ឆាប់​បំផុត ដើម្បី​រក​យុត្តិធម៌​ជួន​កូនស្រី​របស់​លោក និង​អ្នក​ដែល​ស្លាប់​ក្នុង​រថយន្ត​យ៉ាង​តក់ស្លុត​នោះ៖ «ខ្ញុំ​ស្រណោះ​ណាស់ ពេល​ល្ងាច​ស្ងាត់​ឈឹង ធ្លាប់​តែ​ឃើញ​ចៅៗ​ស្រែក​ហៅ​រក​ម៉ែ​ពេល​ឃើញ​ឡាន​បើក​មក។ អ៊ីចឹង​ខ្ញុំ​សូម​អោយ​ជួយ​រក​យុត្តិធម៌​អោយ​ខ្ញុំ​ផង»

​តាម​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ គឺ​ទាមទារ​សំណង​ក្នុង​ម្នាក់ ១​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​រង​របួស ចំណែក ២​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ស្លាប់។

កាល​ណោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​កើត​ឡើង​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ុន ហួរ ដែល​ហៅ​កាត់​ថា ១៥ អេស.អេច្ឆ (15 SH) ដែល​ដឹក​អ្នកដំណើរ​ពី​ប្រទេស​វៀតណាម បុក​នឹង​រថយន្ត​ដឹក​កម្មករ ៣៩​នាក់ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ខេត្ត​ស្វាយរៀង។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ក្រុមហ៊ុន ១៥ អេស.អេច្ឆ ឬ ខេមបូឌា-​វៀតណាម បាន​ទេ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

​យ៉ាងណា​ក៏ដោយ សំណុំ​រឿង​នេះ​បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ហើយ បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ។

ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក ពេជ្រ ឈឿត មាន​ប្រសាសន៍​ថា សាលាដំបូង​ខែត្រ នឹង​ដោះស្រាយ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ អោយ​បាន​ចប់​ឆាប់ៗ ជូន​ពលរដ្ឋ៖ «ដើម​បណ្ដឹង​យើង​បាន​ធ្វើ​ការ​កោះ​ហៅ​មក​បំភ្លឺ​ខ្លះ​ហើយ ជា​បន្ត​ទៀត​នោះ គឺ​យើង​កំពុង​កោះ​ហៅ​ភាគី​ក្រុមហ៊ុន ដើម្បី​ចូល​បំភ្លឺ​ដែរ។ យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​សំណុំ​រឿង​នេះ​អោយ​ឆាប់​ចប់»

​ក្នុង​មាត្រា ៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ចែង​ថា អ្នក​បើកបរ​ដែល​បង្ក​អោយ​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ពី ៤​លាន ទៅ ១៥​លាន​រៀល។ ទោស​នេះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ ពិន័យ​ពី ១០​លាន​រៀល ដល់ ២៥​លាន​រៀល ប្រសិនបើ​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ច្រើន​នាក់ ឬ​ករណី​ផ្សេងៗ​មួយ​ចំនួន​ទៀត។

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន នៅ​តែ​ទទូច​ឲ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​នេះ​ឲ្យ​លឿន​ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​គ្រួសារ​ជនរងគ្រោះ​កំពុង​មាន​ជីវភាព​ខ្វះខាត៖ «​គ្រោះថ្នាក់​ចរាចរណ៍​នេះ ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព និង​សិទ្ធិ​សេរីភាព​សម្រាប់​អ្នក​នៅ​រស់ និង​អ្នក​រង​របួស។ វិធីសាស្ត្រ​ល្អ​បំផុត គឺ​សាលាដំបូង​ខែត្រ​ត្រូវ​តែ​ពន្លឿន​រឿង​ក្តី​នេះ ដើម្បី​អោយ​ក្រុមហ៊ុន​បង្ក ផ្ដល់​សំណង​សមរម្យ​អោយ​ពួកគាត់​អោយ​បាន​ឆាប់»

​រហូត​មក​ទល់​ពេល​នេះ ជន​ជាប់​ចោទ​ចំនួន ៣​នាក់ ក្នុង​នោះ​ជន​បង្ក​គ្រោះថ្នាក់​ជា​ជនជាតិ​វៀតណាម ឈ្មោះ ឡេ វ៉ាងស៊ឹង កំពុង​ជាប់​ពន្ធនាគារ និង​ពីរ​នាក់​ផ្សេង​ទៀត​ឈ្មោះ សយ រំ ឈ្មោះ វាន់ យូឌី ជាប់​ចោទ​ពី​បទ​បំផ្លាញ​ភស្តុតាង ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍ បាន​ធ្វើ​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជា​រៀង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។