ក្រុមគ្រួសារជនរងគ្រោះ និងអ្នកជាប់ឃុំទាំង ២១នាក់ ដែលត្រូវចាប់ខ្លួននៅពេលសមត្ថកិច្ចរដ្ឋាភិបាលបង្ក្រាបកម្មករក្នុងអំឡុងពេលប្រមូលផ្តុំ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ កាលពីដើមខែមករា បានលើកឡើងស្ថានភាពរស់នៅរបស់អ្នកជាប់ឃុំទាំង ២១នាក់ និងស្នើឲ្យរដ្ឋាភិបាលដោះលែងឲ្យមានសេរីភាពវិញ។
គ្រួសារអ្នកជាប់ពន្ធនាគារចំនួន ២១នាក់ និងគ្រួសារអ្នកស្លាប់ ៤នាក់ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា បានមកជួបជុំគ្នានៅការិយាល័យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រុងភ្នំពេញ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យដឹងថា ការជួបជុំគ្នានេះ ក្រុមគ្រួសារជនរងគ្រោះ បានលើកឡើងពីស្ថានភាពរបស់អ្នកជាប់ឃុំ និងបានស្នើដល់រដ្ឋាភិបាល និងតុលាការដោះលែងអ្នកជាប់ឃុំទាំង ២១នាក់។
បន្ថែមលើនេះ ក្រុមគ្រួសារអ្នកជាប់ឃុំ និងស្លាប់ បានអំពាវនាវដល់តុលាការ ពិសេសរដ្ឋាភិបាលឲ្យដោះលែងសាច់ញាតិរបស់ខ្លួនឲ្យមានសេរីភាពវិញ៖ «ខ្ញុំសួរកូនខ្ញុំនៅពន្ធនាគារថា ហេតុអីបានជាកូនឯងចេះតែឈឺដើមទ្រូង។ វាថាឈឺដើមទ្រូងថប់ស្ទើរដកដង្ហើមមិនរួចទេ កូនខ្ញុំវាថា១ខែដំបូង។ ខ្ញុំសួរវា ទៅវាថាគេចងស្លាបសេកហើយ គេធាក់ផ្ទប់ទៅនឹងដី និងគេវ៉ៃឈឺដល់ត្រចៀកទៀត។ ខ្ញុំស្នើឲ្យអង្គការជួយរកយុត្តិធម៌ដល់កូនខ្ញុំដែលស្លាប់។ កូនខ្ញុំអត់ឃើញសាកសពទេ គេដឹកដាក់ឡាន។ មិត្តភ័ក្ដិវានិយាយថា កូនខ្ញុំគេបាញ់ត្រូវចំទ្រូង ហើយគេលើកបោះចូលឡាន មិនដឹងជាគេយកទៅចោលនៅទីណាទេ។ គេលើកដាក់លើឡានទាហាន»។
អ្នកជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម ទាំង ២១នាក់ ត្រូវសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួនកាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលប្រមូលផ្តុំតវ៉ាទាមទារដំឡើងប្រាក់ខែគោលកម្មករ ១៦០ដុល្លារក្នុង១ខែ។
បញ្ហានេះដែរ លោក សំ សុខគង់ មេធាវីការពារក្តី លោក វន់ ពៅ និងជនរងគ្រោះផ្សេងទៀត បានឲ្យដឹងថា តុលាការគួរតែអនុញ្ញាតឲ្យកូនក្តីរបស់លោកបាននៅក្រៅមន្ទីរឃុំឃាំង ដើម្បីព្យាបាលជំងឺ ព្រោះថា កូនក្តីរបស់លោកមួយចំនួនមាន លោក វន់ ពៅ ជាដើម កំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។ លោកស្នើឲ្យតុលាការពន្លឿនបើកសវនាការសំណុំរឿងក្តីនេះឲ្យបានឆាប់៖ «ការឃុំខ្លួនពួកគេហ្នឹង គឺរយៈពេល ៣ខែហើយ។ អ៊ីចឹងក្នុងនាមខ្ញុំជាមេធាវីហ្នឹង ខ្ញុំសំណូមពរឲ្យតុលាការកំពូលហ្នឹង គួរតែកំណត់ថ្ងៃសវនាការទៅលើសំណុំរឿងកូនក្តី របស់លោកសុំនៅក្រៅឃុំឲ្យបានឆាប់ ហើយនឹងសាលាដំបូងរាជធានីភ្នំពេញហ្នឹង។ ចៅក្រមស៊ើបសួរគួរតែបង្កើននូវការស៊ើបអង្កេត ធ្វើម៉េចឲ្យបានឆាប់ ដើម្បីចង់ដឹងថា តើការចោទប្រកាន់កូនក្តីខ្ញុំហ្នឹងវាត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។
ស្រដៀងគ្នាដែរ លោក ណៃ វ៉ង់ដា ប្រធានក្រុមមេធាវីសមាគមអាដហុក (Adhoc) បានឲ្យដឹងដែរថា សង្គមស៊ីវិលជាច្រើនស្ថាប័នកំពុងផ្ដោតយកចិត្តទុកដាក់ធ្វើយ៉ាងណាពន្លឿនឲ្យតុលាការពន្លឿន បើកសវនាការរឿងក្តីនេះ និងអនុញ្ញាតឲ្យអ្នកជាប់ឃុំទាំង ២១នាក់ បាននៅក្រៅឃុំបណ្ដោះអាសន្ន៖ «កំពុងរៀបចំលិខិតមួយទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យមេដឹកនាំសង្គមស៊ីវិល គាត់អាចទៅសួរសុខទុក្ខអ្នកជាប់ឃុំទាំង ២១នាក់។ ទី២ យើងកំពុងរៀបចំឯកសារផ្សេងៗជាមួយមេធាវី ពិគ្រោះគ្នាថា តើយើងអាចជួយធានាអ្នកទាំង ២១នាក់ហ្នឹងដោយរបៀបណា»។
សវនាការកាលពីថ្ងៃទី១១ ខែកុម្ភៈ ប្រធានចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូងក្រុងភ្នំពេញ ដោយបន្តឃុំខ្លួនមេដឹកនាំសមាគមសហជីព និងក្រុមកម្មករចំនួន ២១នាក់ នៅក្នុងពន្ធនាគារ ម៣ ត្រពាំងផ្លុង ខេត្តកំពង់ចាម ដដែល។
ជនជាប់ចោទទាំង ២១នាក់ ត្រូវបានតុលាការចោទចំនួនចំនួន ៤បទល្មើសដូចៗគ្នា គឺពីបទពាក់ព័ន្ធនឹងហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនា ដោយមានស្ថានទម្ងន់ទោសប្រមាថ និងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈ ពាក់ព័ន្ធនឹងការវាយបង្ក្រាបដោយអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ា និងរោងចក្រ យ៉ាក ជីន ពីដើមខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
