ក្រុមគ្រួសារជនរងគ្រោះនៅខេត្តប៉ៃលិន បានអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយរកយុត្តិធម៌ជូនកូនប្រុសរបស់ខ្លួន ដែលភាគីថៃ បានបាញ់សម្លាប់នៅក្នុងទឹកដីថៃ។ ជនរងគ្រោះមានអាយុ ២៧ឆ្នាំ ត្រូវគេបាញ់ស្លាប់នៅក្នុងទឹកថៃ នៅពេលរូបគាត់ចូលទៅអន្ទាក់ចាប់សត្វនៅក្នុងព្រៃក្បែរខ្សែក្រវាត់ព្រំដែនខ្មែរថៃ ជាប់នៅខេត្តប៉ៃលិន។
ក្រុមគ្រួសារជនរងគ្រោះបានដាក់ការសង្ស័យថា ភាគីថៃ ដែលបានយកសពកូនប្រុសរបស់គាត់ម្នាក់ទៅធ្វើកោសល្យវិច័យ នៅក្នុងទឹកដីរបស់ខ្លួននោះ គឺដើម្បីធ្វើការវះយកក្រលៀន។ ជនរងគ្រោះរូបនោះ ត្រូវបានភាគីថៃ បាញ់សម្លាប់នៅក្នុងទឹកដីថៃ ក្បែរខ្សែក្រវាត់ព្រំដែនក្នុងខេត្តប៉ៃលិន ខណៈដែលជនរងគ្រោះបានឆ្លងដែនចូលទៅដាក់អន្ទាក់ចាប់សត្វ។
ឪពុកជនរងគ្រោះឈ្មោះ ចៀវ ចាន់ថេង អាយុ ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរឈើក្រម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បញ្ជាក់នៅថ្ងៃទី៣ ខែឧសភា ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ កូនប្រុសរបស់គាត់ឈ្មោះ ថេង សុខឡា អាយុ ២៧ឆ្នាំ បានឆ្លងដែនចូលទៅដាក់អន្ទាក់ចាប់សត្វក្បែរខ្សែក្រវាត់ព្រំដែនក្នុងទឹកដីថៃ។
លុះដល់ពេលល្ងាចទើបគាត់ដឹងថា កូនប្រុសរបស់គាត់នោះ ត្រូវភាគីថៃ បាញ់សម្លាប់។ ក្រោយមក សាកសពកូនប្រុសរបស់គាត់ត្រូវបានភាគីថៃ ដឹកចូលទៅក្នុងទឹកដីរបស់ខ្លួនថែមទៀត៖ «គេបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមីនា វេលាម៉ោង ៣ និង ៤៥នាទីថ្ងៃ ដល់ម៉ោង ៦ ថ្ងៃ២៧ ខែមីនា ទើបឃើញសព ក្រោយពីឃើញសព ថៃ គេធ្វើកោសល្យវិច័យ ហើយយកទៅពិនិត្យបន្តទៀតរហូតដល់ ៥ថ្ងៃ បានគេបញ្ជូនមកវិញមក គេខ្វេះយកក្រលៀន យកក្រពះ គ្រាប់ភ្នែក សាច់ដុំខួរក្បាល យកអស់រលីង មកតែសម្បកខ្លួនមកវិញទេ មកទល់ពេលឥឡូវនេះ ដូចអត់មានដំណោះស្រាយណាមួយដើម្បីរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋខ្មែរ»។
លោកមានមន្ទិលសង្ស័យទៅលើភាគីថៃ ដែលវះលើសពកូនរបស់គាត់។ ទន្ទឹមគ្នានេះ ឪពុកជនរងគ្រោះបានអំពាវនាវសុំអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាលកម្ពុជា ជួយរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់។ ប្រធានទំនាក់ទំនងព្រំដែនកម្ពុជាថៃ លោក ពេជ្រ វណ្ណា ថ្លែងថា កន្លងមកលោកបានប្រាប់មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរថៃ ប្រចាំច្រកអន្តរជាតិព្រំដែនខេត្តប៉ៃលិន ធ្វើកិច្ចការងារនេះ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះដែលគេបាញ់សម្លាប់៖ «ខ្ញុំឲ្យគេដោះស្រាយ មិនដឹងដោះរបៀបម៉េច មិនបានបញ្ជាក់ច្បាស់លាស់ថា គេសងរបៀបម៉េច ខ្ញុំជាប់រវល់ដែរ មិនទាន់បានសួរបញ្ជាក់ថែមទៀត ខ្ញុំប្រគល់ឲ្យខាងច្រកខាងព្រំ»។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក (adhoc) លោក យិន ម៉េងលី ថ្លែងថា សកម្មភាពរបស់ភាគីថៃ ជារឿយៗតែងតែបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅក្នុងទឹកដីថៃ ផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។ លោកចាត់ទុកថា នេះជាអំពើឃោរឃៅ។ លោកថា ប្រជាពលរដ្ឋខ្មែររងគ្រោះដោយសារការបាញ់សម្លាប់កម្រទទួលបានយុត្តិធម៌។ ចំណែកភាគីថៃ ជាអ្នកប្រព្រឹត្តិ ពុំដែលបាននាំខ្លួនមកកាត់ទោសតាមច្បាប់នោះឡើយ៖ «ទោះបីប្រជាពលរដ្ឋខ្មែរចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ក្ដី ភាគីថៃ មិនគួរប្រើប្រាស់អំពើសាហាវបាញ់សម្លាប់មកលើប្រជាជន ហើយគប្បីតែយកគោលការណ៍ចាប់ខ្លួនទៅធ្វើការកាត់ទោសទៅតាមច្បាប់របស់ខ្លួនទៅ បើសិនប្រជាពលរដ្ឋខ្មែរចូលទៅក្នុងទឹកដីរបស់ខ្លួនដោយខុសច្បាប់»។
មន្ត្រីអង្គការសិទ្ធិមនុស្សដដែល បានអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងក្រសួងការបរទេសកម្ពុជា គប្បីចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបញ្ហានេះ បើពុំដូច្នេះទេ ពលរដ្ឋខ្មែរនឹងត្រូវគេបាញ់សម្លាប់ទាំងអយុត្តិធម៌។
ឆ្លើយតបចំពោះបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ការស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរដែលថៃ បាញ់សម្លាប់នេះ កន្លងមកក្រសួងការបរទេស តែងតែធ្វើកំណត់ទូតតវ៉ាជាមួយភាគីថៃ ដែលបានប្រើអំពើហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ទោះបីពលរដ្ឋខ្មែរឆ្លងដែនចូលក្នុងទឹកដីថៃ ខុសច្បាប់ក៏ដោយ៖ «យើងធ្វើកំណត់ទូតតវ៉ាអោយថៃ បំភ្លឺករណីហ្នឹង យើងតែងតែទាមទារឲ្យអាជ្ញាធរថៃ គឺថា ធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ហើយនាំយកជនដៃដល់ទៅផ្ដន្ទាទោស កន្លងមកថៃ ពេលខ្លះក៏គេឆ្លើយថា គេមិនបានដឹងពីមូលហេតុខ្លះទៅ គេឆ្លើយថា ជាវិធានការការពាររបស់អាជ្ញាធរគេ»។
យ៉ាងណាក៏ដោយ លោក កុយ គួង បានអំពាវនាវឲ្យពលរដ្ឋខ្មែរបញ្ឈប់ការឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ ទោះជាក្នុងរូបភាពណាក៏ដោយ។ ក្រៅពីនេះ លោកថា កន្លងមករដ្ឋាភិបាលក៏បានណែនាំឲ្យអាជ្ញាធរនៅតាមតំបន់ព្រំដែនខ្មែរថៃ ជួយចាត់វិធានការទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
