ស្ត្រីមេម៉ាយជាជនជាតិចាម ម្នាក់ បានទៅសុំឲ្យសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ស្ពឺ ជួយស្វែងរកកូនចំនួន ៤នាក់ ដែលបាត់ដំណឹងនៅក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០០២ មក។ ស្ត្រីរូបនោះបញ្ជាក់ថា កូនស្រីនៃប្ដីដើមរបស់គាត់ដែលជាអ្នកនាំមនុស្សពីប្រទេសកម្ពុជា យកទៅប្រទេសម៉ាឡេស៊ី ដោយឆ្លងកាត់តាមប្រទេសថៃ បានមកសុំកូនទាំង ៤នាក់ ទៅរស់នៅប្រទេសម៉ាឡេស៊ី។
គាត់សុំឲ្យក្រសួងពាក់ព័ន្ធ និងសមាគមអាដហុក ជួយនាំកូនមកវិញ ឬធ្វើយ៉ាងម៉េចឲ្យគាត់បានជួបកូនម្តងផង ព្រោះបាត់ដំណឹងកូនជាង ១០ឆ្នាំហើយ។ បញ្ហានេះ ក្រសួងមហាផ្ទៃ សន្យាជួយរកកូនទាំងនោះឲ្យបាន លុះត្រាតែមានពាក្យបណ្ដឹង។
សមាគមអាដហុក ដាក់ពាក្យប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធភ្លាមៗ ក្រោយពីស្ត្រីមេម៉ាយមួយរូបបានប្ដឹងសុំឲ្យជួយចាប់ខ្លួនស្ត្រីដែលជាកូនប្ដីដើម ដោយចោទថា បានឆបោកនាំកូនគាត់ ៤នាក់ យកទៅប្រទេសម៉ាឡេស៊ី ជាង ១០ឆ្នាំមកហើយ។
មន្ត្រីសមាគមអាដហុក ខេត្តកំពង់ស្ពឺ អ្នកស្រី អ៊ូច បូរ ថ្លែងថា រឿងហេតុកើតឡើងជាង ១០ឆ្នាំហើយ ទើបម្តាយមកប្ដឹងសុំឲ្យជួយរកកូន ដោយសារគាត់ទើបទទួលដំណឹងថា អ្នកនាំកូនគាត់ចេញទៅប្រទេសម៉ាឡេស៊ី នោះ មានវត្តមានក្នុងប្រទេស។ អ្នកស្រីថា ករណីនាំក្មេងទៅបាត់ ហើយផ្តាច់ទំនាក់ទំនងមកគ្រួសារ អាចជាប់ក្នុងការសង្ស័យជួញដូរ និងឆបោក៖ «ការដែលយកកូនទៅ ហើយអត់ឲ្យអាជ្ញាធរដែនដីនៅខាងខេត្តកំពង់ស្ពឺ នេះដឹង មានន័យថា មិនដែលផ្តល់ដំណឹងមកម៉ែគេទៀត អ៊ីចឹងមានន័យថា កូនហ្នឹងប្រហែលមានន័យពីរ អាចយកទៅធ្វើជាខ្ញុំបម្រើគ្រួសារហ្នឹង ហើយក៏អាចលក់ក្មេងទាំង៤ហ្នឹងដែរ»។
លោកស្រី សឿន អ៊ីសះ អាយុ ៤៥ឆ្នាំ អ្នកភូមិកណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរត់ទៅប្ដឹងសមាគមអាដហុក ខេត្តនោះ ចោទថាស្ត្រីឈ្មោះ សា ហ្វីយ៉ា រស់នៅប្រទេសម៉ាឡេស៊ី ជាកូនដើមរបស់ប្ដីគាត់ បានមកទំនាក់ទំនងគាត់ដើម្បីនាំរូបគាត់ និងកូន ៤នាក់ ទៅរស់នៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែ ស្ត្រី សា ហ្វីយ៉ា សុំនាំកូនគាត់ ៤នាក់ ទៅប្រទេសម៉ាឡេស៊ី មុន។ ស្ត្រី សា ហ្វីយ៉ា នោះ បាននាំកូនទាំង ៤នាក់ទៅប្រទេសម៉ាឡេស៊ី តាមប្រទេសថៃ តាំងពីខែមករា ឆ្នាំ២០០២ ហើយសន្យាមកយកគាត់ជាម្តាយចុងទៅតាមក្រោយ។ ប៉ុន្តែក្រោយពេលនាំកូនគាត់ទៅបាត់ ស្រាប់តែស្ត្រីនោះផ្តាច់ទំនាក់ទំនងបិទទូរស័ព្ទរហូតដល់បច្ចុប្បន្ន។ គាត់ទើបតែដឹងថា ស្ត្រី សា ហ្វីយ៉ា ឧស្សាហ៍ឡើងចុះប្រទេសកម្ពុជា គាត់ក៏រហ័សដាក់ពាក្យប្ដឹង៖ «បើវាយកទៅបាត់យូរហើយ មានតែវាជួញដូរហើយ បើអត់ឲ្យឮដំណឹងផង។ សុខទុក្ខយ៉ាងម៉េចក៏មិនដឹង មិនដឹងស្លាប់ ឬរស់។ ហើយខ្ញុំខំបង្កើតអស់ចាស់អស់ឈាម ចិញ្ចឹមធំហើយខ្ញុំឯណាទៅឲ្យគេធ្វើអ៊ីចឹង ហើយបើគិតដល់ឥឡូវ កូនហ្នឹងអាយុ ២០ជាង គឺ ២២-២៣ឆ្នាំហើយ»។
ស្ត្រីដដែលបន្តថា រឿងហេតុកូនដើមមកល្បួងសុំយកកូនគាត់នេះ បានកើតឡើងក្រោយពីប្ដីគាត់បានស្លាប់កាលពីឆ្នាំ២០០០។ នៅឆ្នាំ២០០២ គាត់ក៏យល់ព្រមឲ្យកូនទាំង ៤នាក់ ទៅតាមស្ត្រីឈ្មោះ សា ហ្វីយ៉ា នោះ។ កាលនោះ កូនស្រីទី១ ឈ្មោះ កូប សីលខ អាយុទើបតែបាន ១៣ឆ្នាំ កូនទី២ ប្រុស ឈ្មោះ កូប ការីម អាយុទើបតែ ១០ឆ្នាំ កូនទី៣ ស្រី ឈ្មោះ កូប ហាម៉ី អាយុទើបតែ ៨ឆ្នាំ និងកូនប្រុសឈ្មោះ កូប គ្រីយ៉ា អាយុទើបតែ ៣ឆ្នាំ។
ចៅសង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ឌី ណន បានឲ្យដឹងថា ក្មេងទាំង ៤នាក់ ពេលចេញទៅប្រទេសម៉ាឡេស៊ី មិនបានឆ្លងកាត់អាជ្ញាធរមូលដ្ឋានដឹងឮទេ គឺក្រុមជនជាតិចាម ឃុបឃិតគ្នាបំពេញឯកសារនាំយកក្មេងចេញពីប្រទេសកម្ពុជា។ ឥឡូវម្តាយមកប្ដឹងឲ្យអាជ្ញាធរជួយ ទើបគាត់ជួយរៀបចំឯកសារ ដើម្បីប្ដឹងទៅក្រសួងមហាផ្ទៃ ឲ្យឃាត់ខ្លួនស្ត្រីនាំមនុស្សឆ្លងដែន៖ «សម្របសម្រួលស្រាវជ្រាវឲ្យដំណឹងមកឲ្យម្តាយគ្នាដឹងផង»។
នាយការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន នៃក្រសួងមហាផ្ទៃ លោក សូ វណ្ណឌី ថ្លែងថា គ្រួសារដែលមានកូនចៅរងការជួញដូរឆ្លងដែន ត្រូវដាក់ពាក្យប្ដឹងទៅប៉ូលិសមូលដ្ឋាន ទើបក្រសួងមហាផ្ទៃ ចាត់វិធានការស្វែងរកតាមរយៈក្រសួងការបរទេស និងមន្ត្រីស្ថានទូតពាក់ព័ន្ធ៖ «ឲ្យគេប្ដឹងសិនទៅ ដាក់ពាក្យទៅប៉ូលិស គេផ្ញើមកឲ្យខ្ញុំហើយ ខ្ញុំឃើញ ខ្ញុំនឹងចាត់ការបន្ត»។
សមាគមអាដហុក ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមគ្រួសារដាក់ពាក្យប្ដឹងសុំឲ្យជួយរកកូននៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១៤ ទើបមានមួយករណីនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
