គ្រួសារ​នៅ​ព្រៃវែង​ស្វែង​រក​អន្តរាគមន៍​ឲ្យ​ជួយ​នាំ​កូន​ស្រី​ពី​ម៉ាឡេស៊ី

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ស្វែង​រក​អន្តរាគមន៍​ឲ្យ​ជួយ​រំដោះ​កូន​ស្រី​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ដឹង​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ថា កូន​ស្រី​របស់​ខ្លួន​ត្រូវ​គេ​ឃុំ​ទុក​ក្នុង​ជំរំ​មួយ​កន្លែង ក្បែរ​ព្រលាន​យន្តហោះ​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ប៉ុន្តែ មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ទាក់ទង​ជួប​នាង​តាម​ទូរស័ព្ទ​ហើយ គឺ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​មន្ត្រី​ស្ថានទូត​នឹង​រៀប​ចំ​បែប​បទ​បញ្ជូន​នាង​ត្រឡប់​មក​កម្ពុជា វិញ​ក្នុង​ពេល​ឆាប់ៗ។

ម្ដាយ​ស្ត្រី​ដែល​មាន​កូន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ​ថ្លែង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៤ ថា កូន​ស្រី​ឈ្មោះ ជា ហឿង ហៅ អា​ហៀង អាយុ ៣០​ឆ្នាំ ត្រូវ​គេ​ឃុំ​មិន​ឲ្យ​នាង​ចេញ​ពី​ជំរំ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ​មាន​រយៈពេល​ប្រមាណ​មួយ​ខែ​ហើយ។

អ្នកស្រី ខាន់ សុខន រស់​នៅ​ភូមិ​ក្រាំងចិន ឃុំ​ស្ដៅកោង ស្រុក​បាភ្នំ ថ្លែង​ទាំង​ទឹក​ភ្នែក​ថា កូន​របស់​អ្នកស្រី​បាន​និយាយ​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ ដោយ​បញ្ជាក់​ថា គេ​ឃុំ​រូប​នាង​នៅ​ក្នុង​ជំរំ​នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​នាង​ទៅ​ស្វែង​រក​អន្តរាគមន៍ ឲ្យ​គេ​ជូន​រូប​នាង​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ស្ត្រី​ដដែល​ថ្លែង​បន្ត​ថា កូន​របស់​គាត់​ប្រាប់​តាម​ទូរស័ព្ទ​ថា នាង​ជួប​ការ​លំបាក​ដោយសារ​ក្នុង​ជំរំ​ដែល​នាង​ស្នាក់​នៅ​នោះ សុទ្ធតែ​ប្រុសៗ ធ្វើ​ឲ្យ​នាង​មាន​ការ​ភ័យ​ខ្លាច ព្រោះ​គេ​មិន​ឲ្យ​នាង​ដើរ​ចេញ​ពី​ជំរំ​ស្នាក់​នៅ​ឡើយ។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ជំរំ​ក៏​គេ​មិន​ឲ្យ​និយាយ​ទូរស័ព្ទ​មក​កម្ពុជា លើស​ពី​មួយ​នាទី​ដែរ​ក្នុង​មួយ​សប្ដាហ៍​នោះ៖ «ដល់​អ៊ីចឹង ចេះ​តែ​ឲ្យ​ខ្ញុំ​ជួយ ខ្ញុំ​ថា​ម៉ែ​ធ្វើ​ម៉េច​ទេ​កូន​អើយ! ជួយ​មិន​បាន​ទេ មិន​ដឹង​ធ្វើ​ម៉េច លោកគ្រូ​អើយ​អាណិត​ណាស់​កូន។ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ទេ។ ខ្ញុំ​អស់​ចិត្ត​អស់​សង្ឃឹម​ហើយ ឲ្យ​គាត់​ជួយ​ខ្ញុំ​ផង។ ខ្ញុំ​មិន​សូវ​ស្គាល់​មិន​ដឹង​នៅ​ត្រង់​ណា​ត្រង់​ណី​ទៀត។ វា​តេ​មក ខ្ញុំ​មិន​សូវ​ហ៊ាន​សួរ មិន​ដឹង​ថា​ម៉េច គេ​ឲ្យ​និយាយ​តែ​មួយ​នាទី គេ​ស្រែក​ថា​ឲ្យ​បិទៗ អា​ហៀង បិទៗ ម៉ែ​អើយ​គេ​ឲ្យ​បិទ​ហើយ ខ្ញុំ​ថា​ក៏​ពិបាក​ម្ល៉េះ​កូន​ហើយ!»

កម្មការិនី ជា ហឿង បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ស្រប​ច្បាប់​រយៈពេល​ប្រមាណ ៣​ឆ្នាំ។ ដំបូង​នាង​ជា​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ លុះ​បាន​មួយ​ឆ្នាំ​ក្រោយ​មក នាង​បាន​លួច​រត់​ចេញ​ពី​ផ្ទះ​នោះ ប្ដូរ​ការងារ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​វិញ។ ម្ដាយ​របស់​នាង​ថ្លែង​ថា ដោយ​នឹក​កូន និង​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត កម្មការិនី ជា ហឿង ក៏​បាន​ពឹង​ឲ្យ​កម្មករ​ខ្មែរ​រួម​ការងារ ជូន​នាង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ជួយ​បញ្ជូន​នាង​ត្រឡប់​មក​កម្ពុជា វិញ។ ពេល​នោះ រូប​នាង​ពុំ​មាន​លិខិត​ឆ្លង​ដែន ឬ​ប៉ាសស្ព័រ (Passport) ជាប់​នឹង​ខ្លួន​ទេ ដោយ​នាង​បាន​ភ្លេច​នៅ​ផ្ទះ​ពេល​ដែល​នាង​រត់​ចេញ​ពី​ការងារ​ដំបូង​នោះ។ លោកស្រី​បន្ថែម​ថា ក្នុង​ការ​ធ្វើ​ដំណើរ​នោះ នាង​មិន​បាន​ទៅ​ដល់​ស្ថានទូត​ខ្មែរ​នោះ​ទេ គឺ​កម្មករ​បាន​យក​ទៅ​ផ្ញើ​នៅ​ជំរំ​មួយ​កន្លែង​ក្បែរ​ព្រលាន​យន្តហោះ ដោយ​គិត​ថា នៅ​ទី​នោះ​គេ​អាច​បញ្ជូន​នាង​ត្រឡប់​មក​ខ្មែរ​បាន​ដោយ​សុវត្ថិភាព។ ប៉ុន្តែ នាង​បាន​ស្នាក់​នៅ​ក្នុង​ជំរំ​រយៈពេល​ប្រមាណ ១​ខែ​ហើយ ក៏​ពុំ​ទាន់​រក​មធ្យោបាយ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​បាន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ទាក់ទង​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​នាង ហើយ​គឺ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។ លោក កុយ គួង បញ្ជាក់​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​នឹង​រៀប​ចំ​បំពេញ​បែប​បទ​ដើម្បី​បញ្ជូន​នាង​មក​កម្ពុជា វិញ​ក្នុង​ពេល​ឆាប់ៗ៖ «បាទ ខ្ញុំ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាទ ហើយ​គាត់​ថា​អត់​មាន​ប៉ូលិស​ណា​ចាប់​គាត់​ផង គាត់​ទៅ​ជួប​អង្គការ​មួយ ប្រហែល​អង្គការ​ពាក់ព័ន្ធ​សាសនាគ្រិស្ដ បាទ។ អ៊ីចឹង ឥឡូវ​ហ្នឹង​ស្ថានទូត​បាន​ទំនាក់ទំនង​ឲ្យ​អង្គការ​ហ្នឹង​ជូន​គាត់​មក​ស្ថានទូត ព្រោះ​ឮ​សូរ​ថា​អត់​ប៉ាសស្ព័រ។ អ៊ីចឹង គេ​នឹង​រៀប​ចំ​នីតិវិធី​លិខិត​បើក​ផ្លូវ​អី​អ៊ីចឹង​អ៊ីចេះ​មួយ​អ៊ីចេះ​ពីរ ដើម្បី​បញ្ជូន​គាត់​មក​ស្រុក​ខ្មែរ​វិញ»

យ៉ាង​ណា ម្ដាយ​របស់​កម្មការិនី​ឲ្យ​ដឹង​ថា រាល់​ពេល​លោកស្រី​ទាក់ទង​នាង​ម្ដងៗ កូន​គាត់​តែង​តែ​ប្រាប់​ថា នាង​រស់​នៅ​ក្នុង​ជំរំ​នោះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ និង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ជូន​នាង​មក​កម្ពុជា វិញ​ឲ្យ​បាន​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។