គ្រួសារ​ស្មៀន​ឃុំ​នៅ​ប៉ៃលិន​១​គ្រួសារ​ត្រូវ​ជន​មិន​ស្គាល់​សម្លាប់​រួច​ដុត​ផ្ទះ​សង្ស័យ​រឿង​គំនុំ

សមាជិក​ទាំងអស់​នៃ​គ្រួសារ​ស្មៀន​ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ផ្ទះ ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់​រួច​ដុត ហើយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន។

អភិបាល​ស្រុក​សាលាក្រៅ លោក សំ សារ៉េត មាន​ប្រសាសន៍​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ថា ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មាន​ចំនួន ៣​នាក់ រួម​មាន ស្មៀន​ឃុំ​សាលាក្រៅ ឈ្មោះ លោក ហេង រ៉ាវី អាយុ ២៩​ឆ្នាំ អ្នកស្រី ធី ផលម៉ាឡៃ អាយុ ២៤​ឆ្នាំ​ជា​ភរិយា និង​កូន​ស្រី​ម្នាក់​អាយុ ៦​ខែ។ អ្នក​ទាំង ៣​នាក់ ស្លាប់​នៅ​ក្នុង​ភ្នក់​ភ្លើង​ដែល​ឆេះ​ផ្ទះ​របស់​ពួក​គេ​នៅ​ភូមិ​អូរ៧៥ ឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ នៅ​វេលា​ម៉ោង​ប្រមាណ​១២ និង ៤០​នាទី​រំលង​អាធ្រាត្រ យប់​ថ្ងៃ​ទី​២០ វិច្ឆិកា។

លោក សំ សារ៉េត៖ «ករណី​ហ្នឹង គឺ​ឃាតកម្ម​កើត​ទុក​ជា​មុន ហើយ​ដោយសារ​តែ​សាកសព​ទាំង​៣​ហ្នឹង គឺ​ប្ដី​ប្រពន្ធ ហើយ​ជាមួយ​កូន​ហ្នឹង គឺ​ប្ដី​រឹត​ខ្សែ​ក​រឹត​នឹង​លួស។ ហើយ​ប្រពន្ធ​ក៏​រឹត​នឹង​លួស​ដែរ ហើយ​ប្រហែល​មាន​វ៉ៃ​នឹង​បំពង់​ទីប​ខ្ទេច​មុខ​អស់ ហើយ​បាន​ដុត​សាកសព​ហ្នឹង​បាន​ឆេះ​ទាំង​ផ្ទះ​ទាំង​អី​ទាំងអស់​បាទ ព្រោះ​ករណី​ហ្នឹង ព្រោះ​លុយ​កាក់​អី​អត់​មាន​យក​ផង​បង សុខ​ចិត្ត​លុយ​ឆេះ​ចោល​អស់​ហើយ លុយ បី​បួន​ម៉ឺន​ដុល្លារ​ហ្នឹង​ឆេះ​ចោល ហើយ​យើង​គិត​ថា​មិន​មែន​ជា​រឿង​ប្លន់​ទេ»

នៅ​ក្នុង​ករណី​នេះ អាជ្ញាធរ​សន្និដ្ឋាន​ថា​ជា​រឿង​ឃាតកម្ម អាច​មាន​ពាក់ព័ន្ធ​នឹង​រឿង​ធ្វើ​អាជីវកម្ម​ជួញ​ដូរ​ពោត​របស់​ស្មៀន​ឃុំ ហើយ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន កំពុង​ស៊ើប​អង្កេត​រក​មុខ​សញ្ញា ដើម្បី​ចាប់​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។