ពលរដ្ឋ​១​គ្រួសារ​ជំពាក់​បំណុល​គេ​​​ដោយសារ​ការ​ធ្វើ​ផ្លូវ​សាធារណៈ

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​ជា​តំណាង​សហគមន៍ ចេញ​មុខ​រ៉ាប់រង​សង​បំណុល​ជំនួស​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​ភូមិ​បត់ត្រង់ ឃុំ​កោះថ្កូវ ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង។ ការ​សម្រេច​ចេញ​មុខ​តែ​ម្នាក់​ឯង​ក្នុង​ការ​ខ្ចី​ប្រាក់​ពី​ធនាគារ​មក​សង​បង្គ្រប់​ថ្លៃ​ស្ថាបនា​ផ្លូវ​លំ​មួយ​ខ្សែ​ចូល​ភូមិ​នេះ បន្ទាប់​ពី​រូប​គាត់ និង​ពលរដ្ឋ​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត ជា​អ្នក​ផ្ដើម​គំនិត​ក្នុង​ការ​កសាង​ផ្លូវ​នេះ​ឡើង ប៉ុន្តែ​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មិន​បាន​គ្រប់​ចំនួន​នៃ​ថ្លៃ​សាងសង់​ផ្លូវ​នោះ។

ការ​ចេញ​មុខ​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា (ACLEDA) ចំនួន ២.៨​លាន​រៀល​របស់​តំណាង​សហគមន៍​ភូមិ​បត់ត្រង់ នៃ​ឃុំ​កោះថ្កូវ ដើម្បី​សង​បង្គ្រប់​ថ្លៃ​ធ្វើ​ផ្លូវ​ចម្ងាយ​ជិត ២​គីឡូម៉ែត្រ​ចេញ​ពី​ចំណុច​ព្រៃ​ពោធិ៍ រហូត​មក​ដល់​ក្នុង​ភូមិ​បត់ត្រង់ បាន​ក្លាយ​ជា​បំណុល​ទឹក​ភ្នែក។ ចំណែក​អាជ្ញាធរ​ភូមិ​ឃុំ ហាក់​ព្រងើយកន្តើយ​មិន​ជួយ​ដោះស្រាយ​បញ្ហា និង​លើក​ទឹក​ចិត្ត​ចំពោះ​ពលរដ្ឋ​ដែល​ខំ​ខ្នះខ្នែង​ចង់​ជួយ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន។

តំណាង​សហគមន៍​ភូមិ​បត់ត្រង់ អ្នកស្រី យ៉ប់ គន្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ថា ក្រោយ​ពី​ផ្លូវ​ធ្វើ​រួច​នៅ​ខែ​មេសា ឆ្នាំ​២០១៤ អ្នក​ភូមិ​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​ធ្វើ​ស្រែចម្ការ និង​ដឹកជញ្ជូន​កសិផល។ អ្នកស្រី​បន្ត​ថា ផ្លូវ​នេះ​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​សាធារណៈ ប៉ុន្តែ​គ្រួសារ​គាត់​ត្រូវ​ឈ្លោះ​បែក​បាក់​គ្នា ដោយសារតែ​បញ្ហា​រក​ប្រាក់​ស្ទើរ​មិន​បាន​គ្រប់​បង់​ការ​ប្រាក់​ឲ្យ​ទៅ​ធនាគារ ចំណែក​ប្រាក់​ដើម​នៅ​ជំពាក់​គេ​ចំនួន ២.៨​លាន​រៀល​ដដែល។

អ្នកស្រី យ៉ប់ គន្ធា៖ «ដល់​ជំពាក់​គេ​ច្រើន ប្ដី​ខ្ញុំ​ទូទាត់​ជាមួយ​ខ្ញុំ​ថា​ជំពាក់​លើ​អី? ខ្ញុំ​ថា​ចុះ​លុយ​ហ្នឹង ខ្ញុំ​មាន​លុយ​ឯ​ណា​បើ​មិន​ទៅ​រក​គេ? បើ​ភ្លាមៗ​ដល់​ថ្ងៃ​ទៅ​ហើយ។ អ៊ីចឹង​គាត់​ចេះ​តែ​រក​រឿង​ខ្ញុំ​គ្រប់​ពេល​វេលា ចេះ​តែ​ទាស់​គ្នា អ៊ីចឹង​រហូត​ដល់​ឥឡូវ​គាត់​រត់​ទៅ​ថៃ​បាត់​ហើយ។ ជា​ចុង​ក្រោយ​ខ្ញុំ​សំណូមពរ​អាជ្ញាធរ​ភូមិ​ឃុំ​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​លុយ ២​លាន ៨០​ម៉ឺន​រៀល​ឲ្យ​ខ្ញុំ​វិញ​ផង»

អ្នកស្រី​បញ្ជាក់​ថា តាម​គម្រោង​ផ្លូវ​ប្រវែង ១.៧០០​ម៉ែត្រ ត្រូវ​ចំណាយ​ទឹក​ប្រាក់ ១២​លាន​រៀល ដែល​ជា​ប្រាក់​របស់​អ្នក​ភូមិ​បត់ត្រង់ ប្រមាណ​ជា ៥០​គ្រួសារ តាម​រយៈ​ការ​រៃអង្គាស និង​កំណត់​ទំហំ​ដី​កសិកម្ម​ដែល​ត្រូវ​ឆ្លងកាត់​ផ្លូវ​នេះ​ទៅ​ធ្វើ​ក្នុង​មួយ​ហិកតារ ១២​ម៉ឺន​រៀល។ ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​សាងសង់​អស់​ទឹក​ប្រាក់​រហូត​ដល់ ២១​លាន ១០​ម៉ឺន​រៀល ហើយ​សព្វថ្ងៃ​មាន​អ្នក​ភូមិ​ប្រហែល​ពីរ ឬបី​គ្រួសារ​ជំទាស់​មិន​ឲ្យ​អ្នក​ស្រុក​ភូមិ​បរទេះ​កាត់ ដោយ​អះអាង​ថា ផ្លូវ​ដែល​បាន​ធ្វើ​រួច​នោះ​ប៉ះពាល់​លើ​ដី​របស់​ពួកគេ។

ឆ្លើយ​តប​បញ្ហា​នេះ​មេ​ឃុំ​កោះ​ថ្កូវ លោក ចិន ផាន់ណា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​និង​ស្រុក​បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះ ហើយ​នៅ​ក្នុង​រយៈ​ពេល​ប្រហែល ១​សប្ដាហ៍​ទៀត​នឹង​មាន​ការ​កោះ​ប្រជុំ​សមាជិក​សហគមន៍ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ឬ​ត្រូវ​នាំ​គ្នា​រៃ​អង្គាស​ប្រាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទៅ​អ្នកស្រី យ៉ប់ គន្ធា យក​ទៅ​បង់​ផ្ដាច់​ធនាគារ។

លោក​ថា កន្លង​មក​អាជ្ញាធរ​ឃុំ​ធ្លាប់​ជួយ​ថវិកា​ខ្លះ​ដែរ​លើ​គម្រោង​ស្ថាបនា​ផ្លូវ​នេះ៖ «ឃុំ​ក៏​ទទួល​បាន​ការ​ណែនាំ​ពី​ស្រុក​ឲ្យ​ជួយ​ធ្វើ​ការ​សម្របសម្រួល ហើយ​ឃុំ​ក៏​បាន​ធ្វើ​ការ​សម្របសម្រួល ប៉ុន្ដែ​ផ្លូវ​ហ្នឹង​វា​ពាក់ព័ន្ធ​ទៅ​នឹង​ពីរ​ឃុំ គឺ​ឃុំ​ជលសា និង​ឃុំ​កោះថ្កូវ តែ​ដោយសារ​តែ​ឥឡូវ​នេះ​ទឹក​វា​លិច​យើង​លំបាក​នឹង​ប្រមូល​ប្រជា​ពលរដ្ឋ​ដែល​ជា​សមាជិក​ប្រជុំ​ហេតុ ដើម្បី​ឲ្យ​គាត់​ចូល​រួម​បន្ថែម​ទៀត។ ប្រហែល​ជា​សប្ដាហ៍​ក្រោយ គឺ​ថា​យើង​ចាប់​ផ្ដើម​ប្រមូល​សមាជិក​របស់​គាត់​ទាំង​អស់​ហ្នឹង​មក​ប្រជុំ»

នាយក​អង្គការ​បង្កើន​សមត្ថភាព​សហគមន៍​ដើម្បី​អភិវឌ្ឍន៍(CCD) អ្នកស្រី យឹម លាងអ៊ី ថ្លែង​ថា ការ​កសាង​ផ្លូវ​ថ្នល់​នេះ គឺ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ដូច្នេះ​បន្ទុក​នៃ​ការ​ទទួល​ខុស​ត្រូវ​មិន​ត្រូវ​ធ្លាក់​តែ​ទៅ​លើ​តំណាង​សហគមន៍​ម្នាក់​នោះ​ទេ គឺ​អាជ្ញាធរ​ភូមិ​ឃុំ​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ជា​អ្នក​ទទួល​ខុស​ត្រូវ​រួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។