ករណីស្លាប់តារាសម្ដែងជើងចាស់ អ្នកស្រី ហួត សារ៉ាវឌី តាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងស្រុងកំពង់ត្របែក ខេត្តព្រៃវែង នៅតែស្ថិតក្នុងភាពចម្រូងចម្រាស ខណៈប៉ូលិសរកឃើញថា ជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែកូនស្រីសពអះអាងថា ជាករណីប្លន់រំលោភសម្លាប់។ កូនស្រីសពសំណូមពរឲ្យអាជ្ញាធរបន្តស្វែងរកការពិត ដើម្បីឈានដល់ចាប់ជនដៃដល់។
ក្រុមគ្រួសារសព និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានបញ្ចេញប្រតិកម្ម និងសម្ដែងការហួសចិត្ត បន្ទាប់អាជ្ញាធរខេត្តព្រៃវែង អះអាងថា តារាសម្ដែង និងជាតារាចម្រៀង អ្នកស្រី ហួត សារ៉ាវឌី ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
កូនច្បងរបស់អ្នកស្រី ហួត សារ៉ាវឌី គឺកញ្ញា ជុង សារ៉ាច័ន្ទ ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមគ្រួសាររបស់នាង មិនអាចទទួលយកការអះអាងរបស់ប៉ូលិសខេត្តព្រៃវែង បានទេ។ កញ្ញាអះអាងថា ទីកន្លែងដែលម្ដាយ និងឪពុកចុងបានស្លាប់នៅក្បែរដងផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក កាលពីយប់ថ្ងៃទី១៤ ខែមេសា នោះ គឺមានភស្តុតាងជាច្រើនបញ្ជាក់ថា ម្ដាយរបស់នាងពិតជាស្លាប់ដោយសារការរំលោភសម្លាប់បំបិទមាត់ដោយក្រុមក្មេងស្ទាវ។
កញ្ញា ជុង សារ៉ាច័ន្ទ៖ «ប្រសិនបើគ្រោះថ្នាក់ចរាចរណ៍មែន ក្បាលរបស់គាត់មិនអាចផុងម្ដងពីរកន្លែងទេ ហើយម៉ូតូ បើគ្រោះថ្នាក់ខ្លាំង ក៏មិនមែនវៀចតែកង់ និងបែកស្តុបដែរ គឺត្រូវខូចខាតធ្ងន់ធ្ងរជាងនេះ តែនេះខូចខាតតិចតួច។ ម្យ៉ាងទៀត បើបើកបុកបង្គោល ក៏មិនអាចស្លាប់ម្ដងទាំងពីរនាក់ដែរ ព្រោះបង្គោលនោះទាបណាស់ ហើយម៉ាក់ខ្ញុំក៏មិនអាចដួលទៅរហូតដល់របូតខោចេញពីខ្លួនដែរ ហើយបើសិនជាដួលទៅកកិតនឹងថ្មក្រួស ហើយរហែករបូតនោះ គឺប្រហែលជាសាច់ភ្លៅ និងសាច់គូថគាត់អាចត្រូវដាច់រយះអស់ហើយ មិនមែននៅល្អអ៊ីចឹងទេ ហើយសាកសពប្រុសនោះ គឺផុងលលាដ៍ក្បាលខាងក្រោយ ដោយសារត្រូវគេវាយ។ ភ្លាមៗគាត់ទូរស័ព្ទមកយំស្រែកអោយគេជួយ»។
កញ្ញា សារ៉ាច័ន្ទ បញ្ជាក់ថា ម្ដាយរបស់ខ្លួន និងស្វាមី ក្រោយពីបានធ្វើដំណើរទៅលេងស្រុកកំណើតស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមកដល់ត្រឹមឃុំប្រាសាទ ប្រហែលជាម៉ោង ៨យប់ គាត់ទូរស័ព្ទមកថា ឲ្យជួយគាត់ផង ព្រោះមានក្មេងស្ទាវមួយក្រុមរត់ចេញពីកៀនថ្នល់ ដៃមានកាន់ដំបង ហើយវាយប្តីរបស់គាត់ជាអ្នកបើកម៉ូតូចំកញ្ចឹងក រួចរេចង្កូតម៉ូតូដួលធ្លាក់ពីថ្នល់ ពេលនោះក៏ដាច់ទូរស័ព្ទ។
ភ្លាមៗ កូនក្មួយបានស្ទុះស្ទាចេញស្វែងរក តែមិនឃើញឡើយ ទោះទូរស័ព្ទចូលច្រើនដងក៏មិនលើកដែរ។ លុះព្រឹកឡើងទើបមានអ្នកដំណើរប្រាប់ថា ពួកគាត់បានស្លាប់ ដោយមានរបួសជាច្រើនកន្លែង និងគ្មានសម្លៀកបំពាក់មួយកំណាត់ក្រោម ហើយនៅក្បែរសពក៏មានដំបងប៉ុនកំភួនជើងប្រឡាក់ឈាមទៀតផង។
កញ្ញាបន្តថា ប៉ូលិសហាក់មិនសូវយកចិត្តទុកដាក់ពិនិត្យធ្វើកោសល្យវិច័យឡើយ ប្រហែលឃើញពួកគាត់ពុំសូវសម្បូរទ្រព្យធន ហើយសូម្បីតែដំបងប្រឡាក់ឈាមនោះ ក៏ប៉ូលិសប្រុងរើសបោះចោលទៅក្នុងទឹកទៀតផង កុំតែពួកគាត់ឃាត់ទាន់។
កញ្ញា ជុង សារ៉ាច័ន្ទ អំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ចស្វែងរកការពិតនៃការស្លាប់នោះដើម្បីឈានដល់ចាប់ជនដៃដល់ ដើម្បីជៀសវាងកុំឲ្យមានក្មេងទំនើងបន្តសកម្មភាពធ្វើបាបប្រជាពលរដ្ឋផ្សេងទៀត៖ «ខ្ញុំមិនចង់បានសំណង ឬចង់វែងឆ្ងាយអីដែរ គ្រាន់តែចង់ឲ្យអាជ្ញាធរទទួលស្គាល់ការពិត ហើយវែកមុខអ្នកប្រព្រឹត្ត ដើម្បីកុំអោយអ្នកដំណើរផ្សេងទៀតរងគ្រោះដូចម្ដាយគាត់ដែរ»។
កញ្ញា ជុង សារ៉ាច័ន្ទ បញ្ជាក់ថា កន្លងមកអ្នកភូមិនៅម្ដុំនោះ ក៏អះអាងថា ពួកគាត់ធ្លាប់ជួបហេតុការណ៍ក្មេងស្ទាវស្ទាក់វាយប្លន់ជាញឹកញយដែរ។ ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា នៅកម្ពុជា បច្ចុប្បន្ននេះមានក្មេងទំនើងច្រើន ខ្វះសីលធម៌ ខ្វះការអប់រំ ដោយសារបញ្ហាគ្រឿងញៀនគ្រឿងស្រវឹង និងវីដេអូអាសអាភាសកំពុងផ្សព្វផ្សាយ និងញាំញីគ្រប់ច្រកល្ហក ហើយអាជ្ញាធរខ្វះសមត្ថភាពគ្រប់គ្រងទប់ស្កាត់ ទើបបណ្ដាលឲ្យមានអសន្តិសុខចោរកម្ម និងអំពើហិង្សា និងការរំលោភបំពានលើស្ត្រីភេទកើតឡើងជាហូរហែ។
ក្រោយពីមានមន្ទិលសង្ស័យ និងរិះគន់ជាច្រើនជុំវិញការស្លាប់របស់តារាភាពយន្ត និងជាតាចម្រៀង គឺអ្នកស្រី ហួត សារ៉ាវឌី នោះ អធិការស្រុកកំពង់ត្របែក លោក សួន សំអឿន បានបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរខេត្ត និងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកការស៊ើបអង្កេតរឿងនេះឡើងវិញហើយ៖ «កំពុងសិក្សាតទៅទៀត ហើយឥឡូវកំពុងប្រមូលព័ត៌មាននេះហើយ ជាមួយតំណាងក្រសួង ព្រោះខាងគាត់មិនទាន់ជឿថា គ្រោះថ្នាក់ចរាចរណ៍ទេ។ មិនទាន់មានលទ្ធផលអីផ្សេងទេ កំពុងធ្វើការបន្តទៀត»។
ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច សាទរចំពោះការបើកការស្រាវជ្រាវឡើងវិញ ព្រោះលោកយល់ថា ករណីអ្នកស្រី ហួត សារ៉ាវឌី គឺជាគ្រោះថ្នាក់ចរាចរណ៍រួមជាមួយការសម្លាប់រំលោភ។ លោក សុះ ម៉ាច ក៏បានផ្ដល់មេធាវីដល់កូនស្រីជនរងគ្រោះផងដែរ ដើម្បីបន្តនីតិវិធីស្វែងរកយុត្តិធម៌៖ «ប្រហែលជាក្មេងស្ទាក់វាយ ហើយម៉ូតូជិះគេចទៅបុកជាមួយបង្គោលគីឡូនោះ ព្រោះម៉ូតូធនគុបជ្រុង មិនអាចបើកលើស ៩០គីឡូម៉ែត្រក្នុងមួយម៉ោងទេ ហើយបើគ្រោះថ្នាក់ក៏មិនអាចផុងលលាដ៍ក្បាលដាច់មុខដាច់មាត់ខ្ទេចអ៊ីចឹងទេ»។
អ្នកស្រី ហួត សារ៉ាវឌី អតីតជាតារាសម្ដែង និងតារាចម្រៀងជើងចាស់មួយដួងដែលរួមជំនាន់ជាមួយអ្នកនាងអម្ពរទេវី និងធ្លាប់រួមសម្ដែងជាមួយតារាល្បីៗជាច្រើនទៀត ដូចជាលោក សុះ ម៉ាច ជាដើម។ អ្នកស្រីក៏ធ្លាប់គ្រងតំណែងជាតួឯងក្នុងរឿង "ភ្នំទាបជាងស្មៅ" និងរឿងជាច្រើនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
