គ្រួសារ​ស្នើ​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើបអង្កេត​ករណី​ស្លាប់​តារាភាពយន្ត ហួត សារ៉ាវឌី

0:00 / 0:00

ករណី​ស្លាប់​តារា​សម្ដែង​ជើងចាស់ អ្នកស្រី ហួត សារ៉ាវឌី តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ១ ក្នុង​ស្រុង​កំពង់ត្របែក ខេត្ត​ព្រៃវែង នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស ខណៈ​ប៉ូលិស​រក​ឃើញ​ថា ជា​គ្រោះថ្នាក់​ចរាចរណ៍ ប៉ុន្តែ​កូនស្រី​សព​អះអាង​ថា ជា​ករណី​ប្លន់​រំលោភ​សម្លាប់។ កូនស្រី​សព​សំណូមពរ​ឲ្យ​អាជ្ញាធរ​បន្ត​ស្វែង​រក​ការ​ពិត ដើម្បី​ឈាន​ដល់​ចាប់​ជន​ដៃ​ដល់។

ក្រុម​គ្រួសារ​សព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បញ្ចេញ​ប្រតិកម្ម និង​សម្ដែង​ការ​ហួស​ចិត្ត បន្ទាប់​អាជ្ញាធរ​ខេត្ត​ព្រៃវែង អះអាង​ថា តារា​សម្ដែង និង​ជា​តារា​ចម្រៀង អ្នកស្រី ហួត សារ៉ាវឌី ពិត​ជា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

​កូន​ច្បង​របស់​អ្នកស្រី ហួត សារ៉ាវឌី គឺ​កញ្ញា ជុង សារ៉ាច័ន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុម​គ្រួសារ​របស់​នាង មិន​អាច​ទទួល​យក​ការ​អះអាង​របស់​ប៉ូលិស​ខេត្ត​ព្រៃវែង បាន​ទេ។ កញ្ញា​អះអាង​ថា ទីកន្លែង​ដែល​ម្ដាយ និង​ឪពុក​ចុង​បាន​ស្លាប់​នៅ​ក្បែរ​ដង​ផ្លូវ​ជាតិ​លេខ ១ ស្ថិត​ក្នុង​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក កាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា នោះ គឺ​មាន​ភស្តុតាង​ជា​ច្រើន​បញ្ជាក់​ថា ម្ដាយ​របស់​នាង​ពិត​ជា​ស្លាប់​ដោយសារ​ការ​រំលោភ​សម្លាប់​បំបិទមាត់​ដោយ​ក្រុម​ក្មេង​ស្ទាវ។

កញ្ញា ជុង សារ៉ាច័ន្ទ៖ «ប្រសិនបើ​គ្រោះថ្នាក់​ចរាចរណ៍​មែន ក្បាល​របស់​គាត់​មិន​អាច​ផុង​ម្ដង​ពីរ​កន្លែង​ទេ ហើយ​ម៉ូតូ បើ​គ្រោះថ្នាក់​ខ្លាំង ក៏​មិន​មែន​វៀច​តែ​កង់ និង​បែក​ស្តុប​ដែរ គឺ​ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ តែ​នេះ​ខូចខាត​តិចតួច។ ម្យ៉ាង​ទៀត បើ​បើក​បុក​បង្គោល ក៏​មិន​អាច​ស្លាប់​ម្ដង​ទាំង​ពីរ​នាក់​ដែរ ព្រោះ​បង្គោល​នោះ​ទាប​ណាស់ ហើយ​ម៉ាក់​ខ្ញុំ​ក៏​មិន​អាច​ដួល​ទៅ​រហូត​ដល់​របូត​ខោ​ចេញ​ពី​ខ្លួន​ដែរ ហើយ​បើសិនជា​ដួល​ទៅ​កកិត​នឹង​ថ្ម​ក្រួស ហើយ​រហែក​របូត​នោះ គឺ​ប្រហែលជា​សាច់​ភ្លៅ និង​សាច់​គូថ​គាត់​អាច​ត្រូវ​ដាច់​រយះ​អស់​ហើយ មិន​មែន​នៅ​ល្អ​អ៊ីចឹង​ទេ ហើយ​សាកសព​ប្រុស​នោះ គឺ​ផុង​លលាដ៍ក្បាល​ខាង​ក្រោយ ដោយសារ​ត្រូវ​គេ​វាយ។ ភ្លាមៗ​គាត់​ទូរស័ព្ទ​មក​យំ​ស្រែក​អោយ​គេ​ជួយ»

កញ្ញា សារ៉ាច័ន្ទ បញ្ជាក់​ថា ម្ដាយ​របស់​ខ្លួន និង​ស្វាមី ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​អន្សោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប៉ុន្តែ​មក​ដល់​ត្រឹម​ឃុំ​ប្រាសាទ ប្រហែល​ជា​ម៉ោង ៨​យប់ គាត់​ទូរស័ព្ទ​មក​ថា ឲ្យ​ជួយ​គាត់​ផង ព្រោះ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​រត់​ចេញ​ពី​កៀន​ថ្នល់ ដៃ​មាន​កាន់​ដំបង ហើយ​វាយ​ប្តី​របស់​គាត់​ជា​អ្នក​បើក​ម៉ូតូ​ចំ​កញ្ចឹងក រួច​រេ​ចង្កូត​ម៉ូតូ​ដួល​ធ្លាក់​ពី​ថ្នល់ ពេល​នោះ​ក៏​ដាច់​ទូរស័ព្ទ។

ភ្លាមៗ កូន​ក្មួយ​បាន​ស្ទុះស្ទា​ចេញ​ស្វែង​រក តែ​មិន​ឃើញ​ឡើយ ទោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ក៏​មិន​លើក​ដែរ។ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នក​ដំណើរ​​ប្រាប់​ថា ពួកគាត់​បាន​ស្លាប់ ដោយ​មាន​របួស​ជា​ច្រើន​កន្លែង និង​គ្មាន​សម្លៀក​បំពាក់​មួយ​កំណាត់​ក្រោម ហើយ​នៅ​ក្បែរ​សព​ក៏​មាន​ដំបង​ប៉ុន​កំភួនជើង​ប្រឡាក់​ឈាម​ទៀត​ផង។

កញ្ញា​បន្ត​ថា ប៉ូលិស​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​ឡើយ ប្រហែល​ឃើញ​ពួកគាត់​ពុំ​សូវ​សម្បូរ​ទ្រព្យធន ហើយ​សូម្បីតែ​ដំបង​ប្រឡាក់​ឈាម​នោះ ក៏​ប៉ូលិស​ប្រុង​រើស​បោះចោល​ទៅ​ក្នុង​ទឹក​ទៀត​ផង កុំ​តែ​ពួកគាត់​ឃាត់​ទាន់។

កញ្ញា ជុង សារ៉ាច័ន្ទ អំពាវនាវ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្វែង​រក​ការ​ពិត​នៃ​ការ​ស្លាប់​នោះ​ដើម្បី​ឈាន​ដល់​ចាប់​ជន​ដៃដល់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ក្មេង​ទំនើង​បន្ត​សកម្មភាព​ធ្វើ​បាប​ប្រជាពលរដ្ឋ​ផ្សេង​ទៀត៖ «ខ្ញុំ​មិន​ចង់​បាន​សំណង ឬ​ចង់​វែង​ឆ្ងាយ​អី​ដែរ គ្រាន់តែ​ចង់​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​ការពិត ហើយ​វែក​មុខ​អ្នក​ប្រព្រឹត្ត ដើម្បី​កុំ​អោយ​អ្នក​ដំណើរ​ផ្សេង​ទៀត​រងគ្រោះ​ដូច​ម្ដាយ​គាត់​ដែរ»

កញ្ញា ជុង សារ៉ាច័ន្ទ បញ្ជាក់​ថា កន្លង​មក​អ្នក​ភូមិ​នៅ​ម្ដុំ​នោះ ក៏​អះអាង​ថា ពួកគាត់​ធ្លាប់​ជួប​ហេតុការណ៍​ក្មេង​ស្ទាវ​ស្ទាក់​វាយ​ប្លន់​ជា​ញឹកញយ​ដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា នៅ​កម្ពុជា បច្ចុប្បន្ន​នេះ​មាន​ក្មេង​ទំនើង​ច្រើន ខ្វះ​សីលធម៌ ខ្វះ​ការ​អប់រំ ដោយសារ​បញ្ហា​គ្រឿង​ញៀន​គ្រឿង​ស្រវឹង និង​វីដេអូ​អាសអាភាស​កំពុង​ផ្សព្វផ្សាយ និង​ញាំញី​គ្រប់​ច្រកល្ហក ហើយ​អាជ្ញាធរ​ខ្វះ​សមត្ថភាព​គ្រប់គ្រង​ទប់​ស្កាត់ ទើប​បណ្ដាល​ឲ្យ​មាន​អសន្តិសុខ​ចោរកម្ម និង​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​លើ​ស្ត្រីភេទ​កើត​ឡើង​ជា​ហូរហែ។

ក្រោយ​ពី​មាន​មន្ទិលសង្ស័យ និង​រិះគន់​ជា​ច្រើន​ជុំវិញ​ការ​ស្លាប់​របស់​តារាភាពយន្ត និង​ជាតា​ចម្រៀង គឺ​អ្នកស្រី ហួត សារ៉ាវឌី នោះ អធិការ​ស្រុក​កំពង់ត្របែក លោក សួន សំអឿន បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ខេត្ត និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ បាន​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ​ហើយ៖ «កំពុង​សិក្សា​ត​ទៅ​ទៀត ហើយ​ឥឡូវ​កំពុង​ប្រមូល​ព័ត៌មាន​នេះ​ហើយ ជាមួយ​តំណាង​ក្រសួង ព្រោះ​ខាង​គាត់​មិន​ទាន់​ជឿ​ថា គ្រោះថ្នាក់​ចរាចរណ៍​ទេ។ មិន​ទាន់​មាន​លទ្ធផល​អី​ផ្សេង​ទេ កំពុង​ធ្វើ​ការ​បន្ត​ទៀត»

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច សាទរ​ចំពោះ​ការ​បើក​ការ​ស្រាវជ្រាវ​ឡើង​វិញ ព្រោះ​លោក​យល់​ថា ករណី​អ្នកស្រី ហួត សារ៉ាវឌី គឺ​ជា​គ្រោះថ្នាក់​ចរាចរណ៍​រួម​ជាមួយ​ការ​សម្លាប់​រំលោភ។ លោក សុះ ម៉ាច ក៏​បាន​ផ្ដល់​មេធាវី​ដល់​កូនស្រី​ជនរងគ្រោះ​ផង​ដែរ ដើម្បី​បន្ត​នីតិវិធី​ស្វែងរក​យុត្តិធម៌៖ «ប្រហែល​ជា​ក្មេង​ស្ទាក់​វាយ ហើយ​ម៉ូតូ​ជិះ​គេច​ទៅ​បុក​ជាមួយ​បង្គោល​គីឡូ​នោះ ព្រោះ​ម៉ូតូ​ធន​គុប​ជ្រុង មិន​អាច​បើក​លើស ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទេ ហើយ​បើ​គ្រោះថ្នាក់​ក៏​មិន​អាច​ផុង​លលាដ៍ក្បាល​ដាច់​មុខ​ដាច់​មាត់​ខ្ទេច​អ៊ីចឹង​ទេ»

អ្នកស្រី ហួត សារ៉ាវឌី អតីត​ជា​តារា​សម្ដែង និង​តារា​ចម្រៀង​ជើងចាស់​មួយ​ដួង​ដែល​រួម​ជំនាន់​ជាមួយ​អ្នកនាង​អម្ពរ​ទេវី និង​ធ្លាប់​រួម​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ទៀត ដូចជា​លោក សុះ ម៉ាច ជាដើម។ អ្នកស្រី​ក៏​ធ្លាប់​គ្រង​តំណែង​ជា​តួ​ឯង​ក្នុង​រឿង "ភ្នំ​ទាប​ជាង​ស្មៅ" និង​រឿង​ជា​ច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។