គ្រួសារ​យុវជន​ដែល​ត្រូវ​ប៉ូលិស​ស្រុក​ព្រែកប្រសព្វ​ខេត្ត​ក្រចេះ​បាញ់​ស្លាប់​អំពាវនាវ​រក​យុត្តិធម៌

ដោយ ម៉ែន សុធីរ
2016.07.18
អ៊ុំ ស៊ីណា ២០១៦ ៨៥៥ បុរស​ឈ្មោះ អ៊ុំ ស៊ីណា (ក្នុង​អង្រឹង) ដែល​ត្រូវ​សមត្ថកិច្ច​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ បាញ់​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ប្រតិកម្ម​នឹង​សមត្ថកិច្ច​ដែល​បាន​បាញ់​បុរស​ម្នាក់​ស្លាប់។ ក្រុម​គ្រួសារ​បុរស​នោះ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ក្រចេះ និង​អង្គការ​សង្គម​ស៊ីវិល។ ចំណែក​នគរបាល​អះអាង​ថា ការ​ផ្ទុះ​អាវុធ​នេះ​ដោយសារ​បុរស​នោះ​មាន​ដំបង​ត​ដៃ​សមត្ថកិច្ច។

ក្រុម​គ្រួសារ​យុវជន​ដែល​ត្រូវ​នគរបាល​ស្រុក​ព្រែកប្រសព្វ បាញ់​ស្លាប់ អំពាវនាវ​ឲ្យ​តំណាង​អយ្យការ​ខេត្ត​ក្រចេះ និង​អង្គការ​សង្គម​ស៊ីវិល អន្តរាគមន៍​ករណី​នគរបាល​ស្រុក​ព្រែកប្រសព្វ យក​អាវុធ​បាញ់​បុរស​ម្នាក់​ឈ្មោះ អ៊ុំ ស៊ីណា អាយុ ៣២​ឆ្នាំ បណ្ដាល​ឲ្យ​ស្លាប់។ ពួក​គេ​ទាមទារ​ឲ្យ​នគរបាល​ទាំង​នោះ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ល្អៀត ឃុំ​ជ្រោយបន្ទាយ ត្រូវ​ជា​ម្តាយ​ជន​រងគ្រោះ គឺ​លោកស្រី ចាប ស៊ុន រៀបរាប់​ថា លោកស្រី​ក៏​មិន​ដឹង​ថា កូន​ប្រុស​លោកស្រី​មាន​កំហុស​អ្វី​ដែរ បាន​ជា​នគរបាល ៤​នាក់​ជិះ​រថយន្ត​មួយ​គ្រឿង យក​អាវុធ​បាញ់​កូន​លោកស្រី​ពីរ​គ្រាប់ ដោយ​គ្រាប់​ទី​១ បាញ់​ត្រូវ​ជើង និង​គ្រាប់​ទី​២ បាញ់​ត្រូវ​ទ្រូង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា។ លោកស្រី​បញ្ជាក់​ថា សមត្ថកិច្ច​គួរ​រក​មធ្យោបាយ​អនុវត្ត​ច្បាប់​ដោយ​សន្តិវិធី ប្រសិន​បើ​គេ​ប្រព្រឹត្ត​ខុស មិន​គួរ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ដើម្បី​យក​លេស​ថា​ជា​ការ​អនុវត្ត​ច្បាប់​បែប​នេះ​ទេ៖ «ទោះ​បី​មាន​ការ​ខុស​ឆ្គង ក៏​ត្រូវ​ចាប់​ដាក់​គុក​តាម​ច្បាប់​ត្រឹមត្រូវ។ ហេតុ​អី​បាន​ជា​ប៉ូលិស​បាញ់​កូន​ខ្ញុំ​ស្លាប់​ដូច​ឆ្កែ​ដូច​ឆ្មា»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អធិការ​នគរបាល​ស្រុក​ព្រែកប្រសព្វ លោក ច័ន្ទ សុផល្លី បញ្ជាក់​ថា បន្ទាប់​ពី​នគរបាល​ទទួល​ព័ត៌មាន​ថា បុរស​ឈ្មោះ អ៊ុំ ស៊ីណា ញៀន​ថ្នាំ​ដើរ​វាយ​គេ​ឯង​ក្នុង​ភូមិ ហើយ​បាន​វាយ​បុរស​ឈ្មោះ ពន ហ៊ី របួស​យ៉ាង​ដំណំ នគរបាល​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ហើយ​បុរស​នោះ​បាន​កាន់​ដំបង​ត​ដៃ​សមត្ថកិច្ច។ ចំណែក​សមត្ថកិច្ច​បាន​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​ចុះ​ក្រោម​មួយ​គ្រាប់ តែ​បុរស​នោះ​នៅ​តែ​មានះ​រក​វាយ សមត្ថកិច្ច​បាន​ជា​ផ្ទុះ​អាវុធ៖ «វា​ញៀន​ថ្នាំ​ដល់​កម្រិត​កំពូល គេ​ហៅ​ថា​បែក​ថ្នាំ។ ដល់​ចឹង​វា​គិត​តែ​ចូល​មក វា​ចូល​មក​ចឹង​យើង​បាញ់​ឡើង​លើ​មួយ​គ្រាប់​វា​ចូល​មក​ទៀត។ វា​ចូល​មក​ទៀត​យើង​បាញ់​ចុះ​ក្រោម​មួយ​គ្រាប់​ទៀត ប៉ូលិស​យើង​ថយ បាញ់​ហើយ​ថត​បណ្ដើរៗ។ ដល់​វា​នៅ​តែ​ចូល​មក​ទៀត វ៉ៃ​ប៉ះ​នឹង​កាំភ្លើង​គ្រាប់​ទី​៣ ត្រូវ​តែ​ម្តង»

យ៉ាង​ណា សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​រស់នៅ​ឃុំ​ជ្រោយបន្ទាយ គឺ​លោក ហេង ចន្ថា ឲ្យ​ដឹង​ថា បន្ទាប់​ពី​បុរស​ឈ្មោះ អ៊ុំ ស៊ីណា បាន​វាយ​អ្នក​ភូមិ​ម្នាក់​រង​របួស ក៏​រត់​គេច​ខ្លួន ដៃ​មាន​ដំបង ហើយ​សមត្ថកិច្ច​បាន​មក​ដល់ បុរស​ឈ្មោះ អ៊ុំ ស៊ីណា បាន​ស្ទុះ​រក​វាយ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាញ់​តែ​ម្តង។ លោក​យល់​ថា សមត្ថកិច្ច​ហាក់​ខ្វះ​សមត្ថភាព​ក្នុង​ការ​រក​មធ្យោបាយ​ផ្សេង​បង្ក្រាប​អ្នក​ញៀន​ថ្នាំ​ដៃ​កាន់​ដំបង ខណៈ​មាន​គ្នា​ប្រដាប់​អាវុធ​ដល់​ទៅ ៤​នាក់ បង្ក្រាប​អ្នក​ញៀន​ថ្នាំ​តែ​ម្នាក់​នោះ សមត្ថកិច្ច​ត្រូវ​រក​មធ្យោបាយ​ផ្សេង មិន​ត្រូវ​បាញ់​ប្រហារ និង​ប្រមាថ​ជីវិត​មនុស្ស​ដូច្នេះ​ទេ៖ «ដល់​បាញ់​សម្លុត​ដូច​អត់​ស្លុត ដូច​អត់​ខ្លាច នៅ​តែ​រក​វ៉ៃ​គេ​ទៀត ដល់​ចឹង​គាត់​ក៏​បាញ់​ចុះ​ក្រោម​មួយ​គ្រាប់​ទៀត។ ដល់​បាញ់​ចុះ​ក្រោម​មួយ​គ្រាប់​ទៀត​ដាក់​បណ្តោយ។ ដើរ​ខ្ទប់​មុខ​របួស​ដល់​មុខ​ផ្ទះ​ចែ អុយ បាន​ដួល​ផ្កាប់​មុខ»

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​បាញ់​សម្លាប់​នេះ គឺ​ជា​បទល្មើស​ផ្សេង​មួយ​ទៀត ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា សមត្ថកិច្ច​ត្រូវ​ប្រើ​ឲ្យ​អស់​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​រឿង​នេះ មុន​នឹង​ឈាន​ដល់​ប្រើប្រាស់​អាវុធ ហើយ​ការ​ប្រើប្រាស់​អាវុធ​ទៀត​សោត ក៏​ត្រូវ​តែ​សមាមាត្រ​គ្នា​ជាមួយ​ជន​ល្មើស​ដែរ។ លោក​កត់​សម្គាល់​ថា ការ​បាញ់​សម្លាប់​វា​ជា​បទល្មើស​មួយ​ផ្សេង​ទៀត ដែល​មិន​សមាមាត្រ​នៃ​ការ​ការពារ​ខ្លួន​ទេ៖ «ការ​បាញ់ ឬ​ក៏​ទប់ស្កាត់​ទៀត​សោត វា​ត្រូវ​ឲ្យ​សមាមាត្រ ដូច​ដំបង និង​អាវុធ​សួរ​នរណា​ដែល​អាច​ថា​មួយ​គ្រាប់​ទៅ​អាច​បណ្ដាល​ឲ្យ​ស្លាប់ គឺ​អាវុធ។ ចំណែក​ឯ​ដំបង​គេ​អាច​ទប់ស្កាត់​បាន​ដូចជា បើ​ថា​ទប់​មិន​បាន មិន​ព្រម​ទម្លាក់ ហើយ​ដេញ​វ៉ៃ អា​ហ្នឹង​គេ​មើល​ទៅ​លើ​ដៃ​ដែល​កាន់​អាវុធ​ហ្នឹង មិន​មែន​សំដៅ​លើ​ខ្លួន​អ្នក​កាន់​ដំបង​នោះ​ទេ»

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់​មាន​ប្រសាសន៍​ថា មាន​បទល្មើស​ខ្លះ នគរបាល​បាន​យក​កាំភ្លើង​បាញ់ ហើយ​សរសេរ​ក្នុង​របាយការណ៍​ថា ផ្ទុះ​អាវុធ​ដោយ​អចេតនា។ លោក​ណែនាំ​ឲ្យ​នគរបាល​ទាំងអស់ អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ការ​ប្រើប្រាស់​អាវុធ​ជាដើម ហើយ​លោក​ក៏​ជំរុញ​ឲ្យ​នគរបាល​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះ​ត្រង់ និង​មាន​វិជ្ជាជីវៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។