ក្រុមគ្រួសារជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរពន្លឿននីតិវិធីឱ្យបានឆាប់រហ័ស។ ការស្នើសុំនេះ ពីព្រោះគ្រួសារជនរងគ្រោះចេះតែទន្ទឹងរង់ចាំយុត្តិធម៌រហូតមក ដោយពុំមានភាគីណាមួយចេញមុខដោះស្រាយ ឬផ្ដល់សំណងខូចខាតដល់ពួកគេទេ ម្យ៉ាងពលរដ្ឋចេះតែបារម្ភនឹងមិនទទួលបានយុត្តិធម៌ ព្រោះជនបង្កគឺមន្ត្រីនគរបាល។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជាក់ថា សមត្ថកិច្ចកំពុងស្វែងរកជនល្មើស ដើម្បីយកមកឱ្យទទួលខុសត្រូវជុំវិញសំណុំរឿងមួយនេះ។
សមត្ថកិច្ចខេត្តកំពង់ចាម ឱ្យដឹងនៅថ្ងៃទី៣ ខែមករា ថា ពួកគេកំពុងសហការជាមួយអាជ្ញាធរស្រុក និងអាជ្ញាធរស្រុកបារាយណ៍ដើម្បីស្វែងរកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រនៀង ដែលគេសង្ស័យថា បានបើករថយន្តបុកយុវជនបីនាក់ នៅស្រុកជើងព្រៃ បណ្ដាលឱ្យស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់។
ការលើកឡើងបែបនេះ ក្រោយពេលសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាមួយកាលពីថ្ងៃទី១៥ ខែធ្នូ ដោយបង្គាប់ឱ្យនាយនគរបាលប៉ុស្តិ៍ច្រនៀង គឺលោក ម៉ុក សំអាត ចូលខ្លួនបំភ្លឺនៅតុលាការដើម្បីដោះស្រាយជុំវិញសំណុំរឿងមួយនេះ ប៉ុន្តែជនសង្ស័យនៅមិនទាន់ចូលខ្លួននៅឡើយ។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ឡុង ម៉េងសែ មានប្រសាសន៍ថា ដីការបស់តុលាការ គឺតម្រូវឱ្យនាយនគរបាលប៉ុស្តិ៍ឃុំច្រនៀង ចូលខ្លួនក្នុងអំឡុងពេល ២ខែ។ លោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យនៅមិនទាន់ចូលខ្លួនទេ ហើយខាងលោកក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្វែងរកលោក ម៉ុក សំអាត ដែលកំពុងរត់គេចខ្លួននោះ៖ «ពីរខែ ប៉ុន្តែកម្លាំងយើង ជំនាញចរាចរណ៍ខេត្ត និងស្រុក បានសហការគ្នា ហើយទាក់ទងទៅអធិការស្រុកដែលប៉ុស្តិ៍គេនៅជាមួយហ្នឹង ហើយសាមីខ្លួនបានគេចវេះ យើងកំពុងស្រាវជ្រាវ»។
កាលពីយប់ថ្ងៃទី១០ ខែធ្នូ ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ បណ្ដាលយុវជនពីរនាក់ស្លាប់ រួមមានឈ្មោះ សែ វុទ្ធី ឈ្មោះ ថុល វាសនា និងម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ ថៃ សុធា។ ក្រុមគ្រួសារជនរងគ្រោះទាំងបីនាក់ អះអាងថា ជនបង្កគឺជានាយនគរបាលប៉ុស្តិ៍ឃុំច្រនៀង លោក ម៉ុក សំអាត ដែលបានបើកបរក្នុងស្ថានភាពស្រវឹងផង។ ករណីនេះ គ្រួសារជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅអធិការស្រុក និងស្នងការនគរបាលខេត្ត ព្រមទាំងដាក់ទៅតុលាការ ដោយស្នើឱ្យអាជ្ញាធរចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងក្នុងមួយគ្រួសារពី ១ម៉ឺនដុល្លារ ទៅជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឪពុកជនរងគ្រោះមួយរូបដែលស្លាប់ លោក មម សែ មានប្រសាសន៍ថា ក្រោយពេលពួកគាត់ដាក់ពាក្យបណ្ដឹង គឺតុលាការធ្លាប់មានការកោះហៅម្ដង ហើយក៏ស្ងាត់ទៅវិញ។ លោកចេះតែបារម្ភចំពោះដំណើរការរឿងក្ដីរបស់ពួកគាត់ ថាអាជ្ញាធរនឹងមិនអាចចាត់វិធានការ ពីព្រោះជនល្មើសគឺជាមន្ត្រីនគរបាលផង៖ «ប្រហែលជាអត់បានទេ ព្រោះអត់មាននរណាគេចូលមកដោះស្រាយជាមួយយើងផង»។
ស្រដៀងគ្នានេះ ឪពុកមាបង្កើតរបស់យុវជន ឈ្មោះ ថៃ សុធា ដែលរងរបួសធ្ងន់ធ្ងរ គឺលោក ស៊ឹម សឿន រៀបរាប់ថា ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍លើក្មួយរបស់គាត់ គឺធ្វើឱ្យគ្រួសារលោកកាន់តែជួបការលំបាក។ លោកអះអាងថា ស្ថានភាពជំងឺក្មួយរបស់គាត់ គឺមិនទាន់បានប្រសើរឡើងវិញទេ ប៉ុន្តែដោយមិនមានលទ្ធភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យបន្តទៀត ទើបសម្រេចចេញពីមន្ទីរពេទ្យ។
លោកស្នើឱ្យអាជ្ញាធរ និងតុលាការ ពន្លឿននីតិវិធីលើសំណុំរឿងរបស់ពួកគាត់ឱ្យបានឆាប់រហ័ស ដោយលោកបញ្ជាក់ថា ប្រសិនបើសំណុំរឿងនេះត្រូវពន្យារពេលបន្តទៀត ពួកគាត់កាន់តែជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅ៖ «បញ្ហាមែនទែន គឺលុយបង លុយមើលអ្នកជំងឺ ថៃ សុធា។ អត់មានទាល់តែសោះ សូម្បីប្លង់ផ្ទះ ប្លង់ដីស្រែចម្ការអី គឺយកទៅបញ្ចាំអស់ហើយ»។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកដដែលបញ្ជាក់ថា ប្រសិនបើក្នុងរយៈពេលពីរខែ ជនសង្ស័យនៅតែមិនព្រមចូលខ្លួន ខាងលោកនឹងសុំដីកាពីតុលាការមួយទៀត ដើម្បីតាមចាប់ជននោះតែម្ដង។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មើលឃើញថា នីតិវិធីរបស់តុលាការកន្លងមក គឺឆាប់រហ័សជាងរឿងក្ដីមួយចំនួនទៀត ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនទាន់អាចនិយាយបានទេ ពីព្រោះរឿងក្ដីនេះកំពុងដំណើរការ។ ចំណែកការព្រួយបារម្ភរបស់គ្រួសារជនរងគ្រោះជារឿងម្យ៉ាង ប៉ុន្តែដរាបណាសំណុំរឿងនេះនៅតែបើកចំហ និងកំពុងដំណើរការគ្រួសារជនរងគ្រោះនៅតែមានសង្ឃឹមថា នឹងអាចទទួលបានយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
