សាច់ញាតិ​អ្នក​ស្លាប់​ពេល​ធ្វើ​ដំណើរ​តាម​កាណូត​នៅ​បាត់ដំបង​អំពាវនាវ​រក​យុត្តិធម៌

ដោយ ហ៊ុំ ចំរើន
2015.06.29
រុន សុខា បាត់ដំបង ៦២០ អ្នកស្រី រុន សុខា ប្រពន្ធ​ជន​រងគ្រោះ​ដែល​ស្លាប់​ពេល​ធ្វើ​ដំណើរ​តាម​កាណូត​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ទីស្នាក់ការ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

សាច់ញាតិ​ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​កាណូត នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គការ​លីកាដូ (Licadho) ឲ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ស្វែងរក​យុត្តិធម៌ ពាក់ព័ន្ធ​ការ​ស្លាប់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។

ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ កើត​មាន​បន្ទាប់​ពី​រូប​គាត់ ទៅ​ប្ដឹង​មន្ត្រី​នគរបាល​មូលដ្ឋាន​ជុំវិញ​ករណី​នេះ ដើម្បី​ស៊ើប​អង្កេត និង​ចាប់​ជន​បង្ក​បញ្ហា​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ទេ។

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មាន​មន្ទិល​សង្ស័យ​ស្រដៀង​គ្នា​ថា ករណី​ដែល​ស្លាប់​នោះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន។ សាច់ញាតិ​ជន​រងគ្រោះ អំពាវនាវ​ឲ្យ​មន្ត្រី​ប៉ូលិស និង​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌ និង​ចាប់​ជន​បង្ក​ឲ្យ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ឲ្យ​បាន​ឆាប់។

ប្រពន្ធ​ជន​រងគ្រោះ​ដែល​ស្លាប់​នោះ អ្នកស្រី រុន សុខា រស់នៅ​ភូមិ​អន្លង់តាអួរ ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អង្គុយ​ថ្លែង​ទាំង​ទឹក​ភ្នែក ខណៈ​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​អង្គការ​លីកាដូ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៩ មិថុនា ថា ប្ដី​របស់​អ្នកស្រី​ឈ្មោះ គិត សាវី អាយុ ៣១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៣០ មេសា កន្លង​ទៅ បាន​ធ្វើ​ដំណើរ​តាម​កាណូត​តាម​ដង​ស្ទឹង​សង្កែ នៅ​តំបន់​ដែល​គាត់​រស់នៅ​នោះ ជាមួយ​ស្មៀន​ឃុំ​កោះជីវាំង ឈ្មោះ លោក តោ សា។ អ្នកស្រី​អះអាង​ថា ប្ដី​របស់​គាត់​ដេក​ស្លាប់​នៅ​ក្នុង​ទឹក​ក្នុង​ពេល​ធ្វើ​ដំណើរ​នោះ ដោយ​បន្សល់​ស្លាកស្នាម​ត្រង់​ចំណុច​ក្បាល ចំណែក​ឯ​អ្នក​រួម​ដំណើរ​វិញ ពុំ​មាន​របួស​ស្នាម​នោះ​ទេ។ អ្នកស្រី​មាន​មន្ទិល​សង្ស័យ​ថា ការ​ស្លាប់​នេះ​ជា​ករណី​ឃាតកម្ម ពីព្រោះ​ថា គាត់​បាន​ប្ដឹង​ទៅ​មន្ត្រី​ប៉ូលិស​ឃុំ​កោះជីវាំង ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជុំវិញ​ពី​ការ​ស្លាប់​នេះ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មិន​ចាត់​វិធានការ​ឲ្យ​អ្នកស្រី​ឡើយ៖ «ខ្ញុំ​មិន​អស់​ចិត្ត​សោះ ហើយ​ចង់​ប្ដឹង​រឿង​នេះ​ទៅ​ថ្នាក់​លើ​ទៀត ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​ព្យាយាម​និយាយ​រារាំង​រូប​នាង​ខ្ញុំ ឲ្យ​បិទ​សំណុំ​រឿង​នេះ​ចោល ដោយ​មិន​ឲ្យ​ខ្ញុំ​ដាក់​ប្ដឹង​បន្ត​ទៅ​ថ្នាក់​លើ​នោះ​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កោះជីវាំង លោក ញឹក សុខុម មាន​ប្រសាសន៍​ថា ករណី​ដែល​កើត​ឡើង​នោះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ទេ ហើយ​ថា​ខាង​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «ខ្ញុំ​មិន​បាន​និយាយ​រារាំង​គាត់​មិន​ឲ្យ​ទៅ​ប្ដឹង​នោះ​ទេ គឺ​សាច់ញាតិ​ជន​រងគ្រោះ​ទេ​ដែល​កន្លង​ទៅ​គាត់​តែងតែ​ទៅ​ប្ដឹង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជើង​ទឹក ដើម្បី​ឲ្យ​ដោះស្រាយ​ជុំវិញ​ករណី​នោះ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ស្លាប់​របស់​ជន​រងគ្រោះ​នោះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ដែល​សមត្ថកិច្ច​មូលដ្ឋាន​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ៖ «រឿង​នេះ​អាច​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​នៅ​តំបន់​នោះ ពីព្រោះ​ថា សមត្ថកិច្ច​ហាក់​ព្យាយាម​បិទ​សំណុំ​រឿង​នេះ​ចោល ដោយ​មិន​ចាត់​សាច់ញាតិ​ជន​រងគ្រោះ​ទេ»

អង្គការ​លីកាដូ ត្រៀម​បញ្ជូន​សំណុំ​រឿង​នេះ​ដាក់​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ស៊ើប​អង្កេត​ជុំវិញ​ករណី​នេះ ដើម្បី​ស្វែងរក​ចាប់​ឃាតក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។