ក្រុមគ្រួសារសពយុវជនដែលស្លាប់ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច នៅក្នុងការចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយកន្លែង នៅឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាមទារអោយអាជ្ញាធរ ត្រូវផ្តល់យុត្តិធម៌ពិតប្រាកដដល់ពួកគេ។
ការអំពាវនាវនេះ គឺបន្ទាប់ពីមានការលើកឡើងរបស់អាជ្ញាធរ ថាការស្លាប់នោះ គឺដោយសារតែកាំភ្លើងភ្លាត់គ្រាប់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចថាករណីនេះ កំពុងស្រាវជ្រាវបន្ថែមទៀត។
គ្រួសារបុរសឈ្មោះ ឆាយ អឿន អាយុ ២៤ឆ្នាំ ដែលត្រូវអាជ្ញាធរបាញ់ស្លាប់ ចាត់ទុកមូលហេតុដែលអាជ្ញាធរលើកឡើងថាប្លាតគ្រាប់នោះ គ្រាន់តែជាលេសគេចវេសពីការទទួលខុសត្រូវ ចំពោះការបាញ់សម្លាប់បុរសរងគ្រោះតែប៉ុណ្ណោះ។
ពលរដ្ឋនៅឃុំច័ន្ទមូល លោក គរ ឆាយ ត្រូវជាឪពុកបង្កើតសព មានប្រសាសន៍ថា ករណីនេះពុំមែនជាការប្លាតគ្រាប់ត្រូវកូនគាត់រហូតដល់ទៅបីគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនោះទេ ប៉ុន្តែអាចជាចេតនាបាញ់តែម្តង។ លោកបន្ថែមថា ដើម្បីឲ្យច្បាស់ក្នុងរឿងនេះ សមត្ថកិច្ចទាំងអស់គប្បីបើកការស៊ើបអង្កេតស្វែងរកអ្នកប្រព្រឹត្តិមកសាកសួរ និងដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៖ «មិនមែនមកបាញ់ឡើងលើ បាញ់ៗតម្រង់សម្លាប់មនុស្សតែម្តង។ មិនមែនជាបាញ់សម្លុត ឬចាប់ទេលោកគ្រូ គឺបាញ់ចេញបីប្រឡោះតែម្តង»។
ក្រុមគ្រួសារសពយុវជន ឆាយ អឿន បានដាក់ពាក្យបណ្ដឹងទៅអធិការស្រុកមេមត់ ដើម្បីជួយស្វែងរកយុត្តិធម៌ក្នុងរឿងនេះ និងទាមទារនូវសំណងមួយចំនួនផង កាលពីថ្ងៃទី២៦ វិច្ឆិកា។
ទាក់ទងបញ្ហានេះ អធិការនគរបាលស្រុកមេមត់ លោក អេង ម៉េងហាក់ មានប្រសាសន៍ថា ខាងសមត្ថកិច្ចមិនមានអ្វីឆ្លើយតបចំពោះក្រុមគ្រួសារជនរងគ្រោះវិញទេ។ លោកបន្ថែមថា សំណុំរឿងនេះ សមត្ថកិច្ចកំពុងប្រមូលឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមបញ្ជូនទៅស្នងការខេត្តបន្ត៖ «សំណុំរឿងហ្នឹងកំពុងធ្វើការកសាង និងរៀបចំបញ្ជូនទៅស្នងការ ស្នងការនឹងត្រៀមបញ្ជូនទៅខាងលើ»។
លោកឲ្យដឹងទៀតថា ដោយសារតែសំណុំបែបបទនៅមិនទាន់គ្រប់គ្រាន់ កាលពីថ្ងៃទី២៧ វិច្ឆិកា សមត្ថកិច្ចបានទៅសាកសួរក្រុមគ្រួសារសពបន្ថែម ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ ពីព្រោះស្ថិតនៅក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត ធ្លាប់មានប្រសាសន៍ថា សមត្ថកិច្ចគប្បីស៊ើបអង្កេតជុំវិញការប្រើប្រាស់អាវុធរបស់មន្ត្រីក្រោមឱវាទ។ ប្រសិនបើការប្រើប្រាស់អាវុធរបស់មន្ត្រីសមត្ថកិច្ចក្នុងកាលៈទេសៈមួយមិនសមរម្យ ឬមិនចាំបាច់នោះ លោកថាគឺជារឿងខុសច្បាប់ស្ដីពីការប្រើប្រាស់អាវុធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
