គ្រួសារ​ពលការិនី​នៅ​ស្វាយរៀង​ប្ដឹង​ឲ្យ​ស្វែង​រក​កូន​ស្រី​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​របស់​ពលការិនី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៨ មីនា បាន​ដាក់​ពាក្យ​បណ្ដឹង​ស្វែង​រក​កូន​នៅ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ឲ្យ​ជួយ​អន្តរាគមន៍​ស្វែង​រក​កូន​ដែល​បាត់​ខ្លួន ពេល​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រឡប់​មក​កម្ពុជា វិញ។ សាច់ញាតិ​ពលការិនី​បញ្ជាក់​ថា ការ​ប្ដឹង​ស្វែង​រក​កូន ដោយសារ​បាត់​ដំណឹង​គ្មាន​ការ​ទំនាក់ទំនង​គ្នា​តាំង​តែ​ពី​ចេញ​ទៅ​ម៉ាឡេស៊ី ជាង ២​ឆ្នាំ​មក​ហើយ។

ឪពុក​របស់​ពលការិនី​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នានា ជួយ​ស្វែង​រក​កូន​ស្រី​របស់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ជា​បន្ទាន់ ព្រោះ​ការ​បាត់​ដំណឹង​ច្រើន​ឆ្នាំ ព្រួយ​បារម្ភ​ខ្លាច​កូន​មាន​គ្រោះថ្នាក់ និង​ជួប​បញ្ហា​អ្វី​មួយ​ពេល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

ឪពុក​របស់​ពលការិនី​រស់​នៅ​ភូមិ​ថ្នា ឃុំ​គោកព្រីង នៃ​ស្រុក​ស្វាយជ្រំ លោក ពៅ លី ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៨ មីនា ថា កូន​របស់​លោក​ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ កញ្ញា ពៅ ស្រីណា អាយុ ១៩​ឆ្នាំ បាន​ចេញ​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ស្រប​ច្បាប់ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស អេ.ភី.ធី.អែស.អ៊ី.ស៊ី (APTSEC) គិត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ គឺ​តាំង​តែ​ពី​ខែ​តុលា ឆ្នាំ​២០១១ រហូត​មក។ លោក ពៅ លី បញ្ជាក់​ថា ចាប់​តាំង​ពី​ពេល​កូន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មក កូន​របស់​លោក​ពុំ​ដែល​បាន​ទំនាក់ទំនង​មក​រក​សាច់ញាតិ​នៅ​ឯ​ស្រុក​ខ្មែរ​ម្ដង​ណា​នោះ​ទេ។

លោក​ថា លោក​បាន​ព្យាយាម​ទូរស័ព្ទ​សួរ​ទៅ​ក្រុមហ៊ុន​ដែល​នាំ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​ដំណឹង​អ្វី​ទាល់​តែ​សោះ៖ «សន្យា​តែ​២​ឆ្នាំ​ទេ​បង​បាទ! ឥឡូវ​វា​លើស​ប្រមាណ ៤-៥-៦​ខែ​ហើយ អត់​ឃើញ​កូន ហើយ​កូន​តាំង​ពី​ទៅ​បាត់​ដំណឹង​សូន្យ​ឈឹង​តែ​ហ្មង។ ឥឡូវ​ខ្ញុំ​កំពុង​តែ​ដាក់​ពាក្យ​ទៅ​អង្គការ​អាដហុក (Adhoc) ហើយ​អា​ដែង​នែក​លីកាដូ (Licadho) បាន​២​កន្លែង​ហើយ នៅ​តែ ឥឡូវ​ដល់​ម៉ាង​២​ហ្នឹង ខ្ញុំ​ទៅ​កន្លែង​នគរបាល កន្លែង​ប៉ូលិស​បង!។ ស្នងការ​ហ្នឹង​មួយ​កន្លែង ហើយ​មន្ទីរ​ការងារ​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី អេ.ភី.ធី.អែស.អ៊ី.ស៊ី លោក សេង សិទ្ធិជ័យ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ដែល​ពលការិនី​ពុំ​បាន​ទាក់ទង​មក​រក​សាច់ញាតិ​រយៈពេល​ជាង​២​ឆ្នាំ​នៅ​ស្រុក​ខ្មែរ គឺ​ពុំ​មែន​មាន​ន័យ​ថា ពលការិនី​បាត់​ខ្លួន​នោះ​ទេ។ លោក សេង សិទ្ធិជ័យ គូស​បញ្ជាក់​ថា ការ​ដែល​មិន​បាន​ទាក់ទង​គ្នា​នេះ គឺ​ដោយសារ​សាច់ញាតិ​របស់​ពលការិនី​មិន​បាន​ផ្ដល់​ដំណឹង​ពី​ការ​បាត់​ការ​ទំនាក់ទំនង​កូន​នៅ​ប្រទេស​ម៉ាឡេស៊ី ដល់​ក្រុមហ៊ុន ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ពី​ការ​បាត់​ដំណឹង៖ «យើង​មិន​អាច​និយាយ​តាម​រយៈ​ធម្មតាៗ​អ៊ីចឹង​បាន​ទេ​បង! ដោយសារ​កូន​គាត់​ឈ្មោះ​អី អត្តលេខ​ប៉ុន្មាន ចុះ​ឈ្មោះ​ហ្នឹង​តាម​រយៈ​ក្រុមហ៊ុន​ខ្ញុំ​ពិត​ប្រាកដ ឬ​ក៏​តាម​មជ្ឈមណ្ឌល​ណា​មួយ​អ៊ីចឹង​ណា​បង។ បើ​សិន​ជា​គាត់​មាន​ពាក្យ​បណ្ដឹង​ត្រឹមត្រូវ​ហើយ អត់​អី​ទេ ចាំ​គេ​ទាក់ទង​មក​ខ្ញុំ​ទៅ ដើម្បី​ខ្ញុំ​យក​ឈ្មោះ​យក​អត្តលេខ​ហ្នឹង​ស្រាវជ្រាវ​ឲ្យ​គាត់ ចុះ​ឈ្មោះ​តាម​រយៈ​ក្រុមហ៊ុន​ខ្ញុំ​ពិត​ប្រាកដ​មែន​អត់។ ហើយ​បើ​ចុះ​តាម​ខ្ញុំៗ​នឹង​ទាក់ទង​នឹង​ដៃគូ​ភ្លាម ដើម្បី​ដោះស្រាយ​ឲ្យ​គាត់​ណាស់!»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​ស្វាយរៀង អ្នកស្រី កើត ផល្លី មាន​ប្រសាសន៍​ដោយ​ចាត់​ទុក​ការ​បាត់​ដំណឹង​រយៈពេល​ជាង ២​ឆ្នាំ​របស់​ពលការិនី​នេះ​ថា ជា​រឿង​ខុស​ច្បាប់​នៃ​កិច្ច​សន្យា៖ «ក្រុមហ៊ុន​ហ្នឹង​វា​រំលោភ​លើ​ច្បាប់​ទៅ​ហើយ ព្រោះ​អី​កិច្ច​សន្យា​វា​តែ​២​ឆ្នាំ​ទេ ឥឡូវ​ហួស​កាល​កំណត់​របស់​កូន​គាត់​ហើយ។ ហើយ​ម្យ៉ាង​បាត់​ដំណឹង​ឈឹង សូម្បី​តែ​គាត់​ទូរស័ព្ទ​ទៅ​ចូល​ហើយ មិន​លើក​ទៀត។ ហ្នឹង​ហើយ​ដែល​វា​រំលោភ​លើ​កិច្ច​សន្យា​ហ្នឹង អំពើ​ហ្នឹង​ហើយ​ដែល​ជា​អំពើ​ខុស​ច្បាប់»

កន្លង​មក ករណី​ពលករ​ពលការិនី​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ទាំង​ទៅ​ដោយ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ បាន​បាត់​ខ្លួន តែង​តែ​កើត​ជា​បន្តបន្ទាប់។ ហើយ​រាល់​ការ​បាត់​ខ្លួន​នោះ អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ភាគ​ច្រើន គឺ​កើត​ចេញ​ពី​ការ​កេង​ចំណេញ​លើ​កម្លាំង​ពលកម្ម​របស់​ពលករ ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។