គ្រួសារ​ជន​រងគ្រោះ​ដោយ​គេ​សម្លាប់​នៅ​កំពង់ចាម​អំពាវនាវ​ឲ្យ​ស្វែង​រក​ឃាតក

អំពើ​ឃាតកម្ម​បាន​សម្លាប់​បុរស​ជា​ប្ដី​នៃ​គ្រួសារ​ជន​ក្រីក្រ​មួយ នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។ ករណី​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​មិន​ទាន់​ស្ងប់​ចិត្ត​ឡើយ ពីព្រោះ​សមត្ថកិច្ច​មិន​ទាន់​ស្វែង​រក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ស្នង​ការ​ស្រុក​ព្រៃឈរ បញ្ជាក់​ថា សំណុំ​រឿង​មួយ​នេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ ហើយ​ខាង​សមត្ថកិច្ច​ស្រុក​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត ដើម្បី​ស៊ើប​អង្កេត​បន្ត​ទៀត។

0:00 / 0:00

ក្រុម​គ្រួសារ​ជន​រងគ្រោះ​អំពាវនាវ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ ស្វែង​រក​ជន​ដៃ​ដល់​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ លោក តាំង ស៊ីម មក​ផ្ដន្ទាទោស។

ម្តាយ​ជន​រងគ្រោះ អ្នកស្រី រស់ ផៃ បាន​ឱ្យ​ដឹង​ដែរ​ថា កូន​អ្នកស្រី​ត្រូវ​បាន​ស្លាប់​យ៉ាង​វេទនា ហើយ​អ្នកស្រី​ក៏​នៅ​តែ​មាន​អារម្មណ៍​មិន​ស្ងប់​នោះ​ដែរ នៅ​ពេល​ដែល​សមត្ថកិច្ច​មិន​ទាន់​វែក​មុខ​រក​ឃាតក​ឃើញ​នោះ៖ «ហៅ​រក​ឃើញ ហើយ​គេ​ហៅ​ទៅ​ស្រុក​បញ្ជាក់​មើល គេ​ថា​មិន​មែន​ទេ គេ​លែង​ជន​ជាប់​ហ្នឹង​ត្រឡប់​មក​វិញ។ ហើយ​នៅ​ក្នុង​ខ្លួន​ខ្ញុំ​មិន​អស់​ចិត្ត​សោះ កូន​ខ្ញុំ​ស្លាប់​ដូច​ខ្មោច​ឆ្កែ​ខ្មោច​ឆ្មា! រួច​អយុត្តិធម៌​ច្បាប់​ណា​ដូច​មិន​បាន​ចេញ​ផ្ដន្ទា​ជន​ល្មើស​ហ្នឹង​សោះ ឱ្យ​ជន​ល្មើស​រស់​នៅ​ដោយ​ស្រួល សុខ​សូន្យ​សើច​ដឺដង​ទៀត។ ហើយ​កូន​ខ្ញុំ​នេះ ស្លាប់​យ៉ាង​វេទនា ប្រធាន​ភូមិ​ណា​អើពើ​សួរ​នាំ​អី​អើ​ឈ្ងោក​អី។ បុណ្យ​ទាន​អី​គ្មាន​មក​ក្បែរ​រោង​អី​ម៉ា​បន្តិច។ ខ្ញុំ​ដូច​មិន​អស់​ចិត្ត កូន​ខ្ញុំ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខ្លាំង​ជា​ទី​បំផុត»

ជន​រងគ្រោះ​ឈ្មោះ តាំង ស៊ីម អាយុ ៣១​ឆ្នាំ រស់​នៅ​ភូមិ​កំពង់សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ត្រូវ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បឹង​ធំ​ក្បែរ​ផ្ទះ​ជន​រងគ្រោះ ដោយ​មាន​ស្នាម​កាប់​ជា​ច្រើន​កាំបិត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។

ថ្លែង​រៀប​រាប់​ទាំង​ទឹក​ភ្នែក​បន្ទាប់​ធ្វើ​ពិធី​បុណ្យ​សព​ប្រាំពីរ​ថ្ងៃ​របស់​ប្ដី​ត្រូវ​បាន​បញ្ចប់។ អាយុ ៣០​ឆ្នាំ ដែល​ជា​ប្រពន្ធ​ជន​រងគ្រោះ អ្នកស្រី លឿង អី បាន​ឱ្យ​ដឹង​ថា ទៅ​ថ្ងៃ​មុខ ស្ថានភាព​រស់​នៅ​របស់​អ្នកស្រី​នឹង​កាន់​តែ​លំបាក​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​ការ​បាត់​បង់​កម្លាំង​ក្នុង​គ្រួសារ។ ពេល​នេះ អ្នកស្រី​មិន​មាន​អ្វី​ទី​ពឹង​នោះ​ទេ ឯ​កូន​ទាំង ៤​នាក់ នៅ​តូចៗ ហើយ​អ្នកស្រី​កំពុង​ពពោះ និង​មាន​ឪពុក​ចាស់​ជរា​ម្នាក់​ទៀត​ក្នុង​បន្ទុក។ អ្នកស្រី​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​តុលា ប្ដី​របស់​អ្នកស្រី​បាន​ទៅ​នេសាទ​នៅ​ក្នុង​បឹង​ក្បែរ​ផ្ទះ​ដូច​រាល់​ថ្ងៃ ដើម្បី​យក​ត្រី​មក​លក់​គ្រាន់​ទិញ​អង្ករ​ហូប​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ ហើយ​មួយ​ថ្ងៃ​បន្ទាប់ ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​បឹង​ធំ​នៅ​ក្បែរ​ផ្ទះ ដោយ​មាន​ស្នាម​កាប់​ជា​ច្រើន​កាំបិត។

អ្នកស្រី លឿង អី៖ «គាត់​ហ្នឹង​ទៅ​រាយ​មង ហើយ​គាត់​យក​អីៗ អីវ៉ាន់​អី​ទៅ​ដេក​ទូក​ទៅ គេ​កាប់​គាត់​តែ​ម្តង​ទៅ។ កាប់​ច្រើន​ដែរ​ហ្នឹង! កាប់​ពី​នេះ​មក​ដល់​នេះ ខ្ទេច​ខ្លួន​ដៃ​ហ្នឹង​ឡើង​ខ្ទេច​ខ្លួន​ដៃ​ជើង។ កាប់​ឡើង​សាំ ​អស់​ហើយ»

ចំណែក​ឯ​បង​ថ្លៃ​ជន​រងគ្រោះ លោក ហួរ ស៊ាងហ៊ន បាន​ឱ្យ​ដឹង​ដែរ​ថា កន្លង​មក ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ស៊ើប​អង្កេត និង​ចាប់​ជន​សង្ស័យ​ម្នាក់​ក្នុង​ករណី​រឿង​ឃាតកម្ម​នេះ ប៉ុន្តែ​ពេល​បញ្ជូន​ដល់​ខេត្ត ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ។ លោក​បន្ត​ថា អ្វី​ដែល​លោក​មិន​អស់​ចិត្ត​មួយ​ទៀត​នោះ ត្រង់​ថា អាជ្ញាធរ​ភូមិ​ឃុំ​ដែល​បាន​ដឹង​ឮ ហើយ​ថា​គ្រួសារ​របស់​ប្អូន​លោក​ជា​គ្រួសារ​ដែល​មាន​ភាព​លំបាក​ក្រខ្សត់​នោះ ប៉ុន្តែ​អាជ្ញាធរ​ទាំង​នោះ​មិន​បាន​ជួយ​ឈឺឆ្អាល​ក្នុង​នាម​ខ្លួន​ជា​អ្នក​គ្រប់គ្រង​គេ​នោះ​ឡើយ។

លោក​បន្ថែម​ទៀត​ថា លោក​នៅ​តែ​ជឿជាក់​លើ​សមត្ថកិច្ច និង​តុលាការ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ប្អូន​របស់​លោក៖ «ខ្ញុំ​ជឿ​លើ​យុត្តិធម៌ ជឿ​លើ​ប៉ូលិស​សមត្ថកិច្ច ហើយ​ក៏​ជឿ​លើ​តុលាការ មិន​មែន​ថា​អូ! តុលាការ​គ្មាន​យុត្តិធម៌​ទេ ខ្ញុំ​ច្បាស់​ជា​ជឿ គឺ​សូម​ឱ្យ​តុលាការ​សម្រេច​យុត្តិធម៌។ ហើយ​សុំ​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា ជួយ​ដល់​គ្នា​ផង ខ្ញុំ​ឃើញ​ថា​គ្នា​កម្សត់​ណាស់ កូន​ប្រាំ ហើយ​មាន​ឪពុក​ចាស់​ជរា​ម្នាក់​ទៀត»

ទាក់ទង​នឹង​ការ​បញ្ជូន​ជន​សង្ស័យ​ឱ្យ​វិល​ត្រឡប់​មក​វិញ​ពេល​នេះ អធិការ​ស្រុក​ព្រៃឈរ លោក កែវ ស៊ាងហន់ បាន​លើក​ឡើង​ថា កន្លង​មក​មាន​តម្រុយ​ថា មាន​ជន​សង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ប៉ុន្តែ​ដោយសារ​ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់ ទើប​សម្រេច​បញ្ជូន​មក​វិញ។ លោក​បន្ត​ថា ខាង​លោក និង​ខាង​ស្នង​ការ​ខេត្ត សហការ​គ្នា​ដើម្បី​ស្រាវជ្រាវ​បញ្ហា​នេះ​បន្ត​ទៀត៖ «ថា​ទៅ​តាម​តម្រុយ​ថា​មាន​ពាក់ព័ន្ធ​ក្នុង​ការ​សង្ស័យ ក្រោយ​មក​យើង​បាន​បញ្ជូន​ទៅ​ដល់​ខេត្ត យើង​រក​ភស្តុតាង​ឱ្យ​ស៊ី​ចង្វាក់​គ្នា​មិន​ទាន់​បាន ក៏​បាន​ឱ្យ​វិល​មក​វិញ​សិន ដើម្បី​ឱ្យ​ការងារ​ស្រាវជ្រាវ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​បំពេញ​ទៅ​នឹង​នីតិវិធី ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ហ៊ាន​និយាយ​វែង​ឆ្ងាយ​ដែរ​រឿង​ហេតុ​ហ្នឹង ទុក​ឱ្យ​ជំនាញ​ខេត្ត និង​ស្រុក​នេះ​ធ្វើ​ការ​បន្ត​ទៀត ដោយ​មាន​ការ​ដឹក​នាំ​បន្ត និង​ចង្អុល​បង្ហាញ​ពី​ឧត្តមសេនីយ៍​ស្នងការ និង​ស្នងការ​រង​ខេត្ត»

ស្រប​គ្នា​នេះ ប្រពន្ធ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ អំពាវនាវ​សុំ​ឱ្យ​សប្បុរសជន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​គ្រួសារ​ជន​រងគ្រោះ ដែល​កំពុង​តែ​រស់​នៅ​ក្នុង​សភាព​ខ្វះខាត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។