កសិករ​នៅ​សៀមរាប​ប្រទះ​ឃើញ​អាវុធ​៥​ដើម​កប់​ក្នុង​ដី

ដោយ ហង្ស សាវយុត
2014.06.21

ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង ១១០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប គឺ​ជា​អតីត​តំបន់​កងទ័ព​ខ្មែរ​ក្រហម ចាប់​ពី​អំឡុង​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៧។ សមត្ថកិច្ច​ជឿ​ថា ទី​នោះ​អាច​នៅ​សេសសល់​អាវុធ​លាក់​ទុក ព្រម​ទាំង​គ្រាប់​មីន​កប់​ក្រោម​ដី​ជាច្រើន​កន្លែង។

ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នេះ បន្ទាប់​ពី​មាន​អាវុធ​កប់​នៅ​ក្នុង​ដី​មួយ​ចំនួន ទើប​តែ​គេ​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មីៗ។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ឱ្យ​ដឹង​ថា កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​អាវុធ​ចំនួន ៥​ដើម ដែល​កប់​នៅ​ក្នុង​ដី​មិន​ជ្រៅ​ប៉ុន្មាន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ។

ប្រភេទ​អាវុធ​ទាំង​នេះ គឺ​ផលិត​នៅ​ប្រទេស​ចិន ក៏ប៉ុន្តែ​វា​មាន​សណ្ឋាន​ពុក​ខូច​គុណភាព​ទៅ​ហើយ ដោយសារ​តែ​វា​នៅ​កប់​ក្រោម​ដី​ជាច្រើន​ឆ្នាំ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ គឺ​លោក​អនុសេនីយ៍ទោ ហុក វ៉ាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មិថុនា ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា កន្លង​ទៅ កសិករ​ម្នាក់​ឈ្មោះ ឈន ភា អាយុ ៣២​ឆ្នាំ ជា​អ្នក​ភូមិ​អូរ បាន​ទៅ​កាប់​ឆ្ការ​ព្រៃ​ក្បាល​ស្រែ ហើយ​នៅ​ពេល​ដែល​គាត់​ភ្ជួរ​ពង្រីក​ដី​ស្រែ ក៏​ប្រទះ​ឃើញ​អាវុធ​ម៉ាក សេ.កា.សេ (CKC) ចំនួន ២​ដើម អាកា (AK 47) ចំនួន ២​ដើម ព្រម​ទាំង​ធុន​បេ (B 69) ចំនួន ១​ដើម​ផង៖ «ប្រជាពលរដ្ឋ​គាត់​ភ្ជួរ​ទៅ​វា​ទៅ​ជាប់​នឹង​ផាល ក៏​ទៅ​កាយ​មើល​ឃើញ។ កាំភ្លើង​នេះ​សុទ្ធ​តែ​ផលិត​នៅ​ប្រទេស​ចិន ហើយ​សមត្ថកិច្ច​ចេះ​តែ​រក​បន្ត ម្សិលមិញ​ឡើង​វាស់ល្ងាច​រក កកាយ​អត់​គោលដៅ​វា​អត់​ដឹង»

សមត្ថកិច្ច​សន្និដ្ឋាន​ថា អាវុធ​ទាំង​នោះ​ទំនង​ជា​របស់​កងទ័ព​ខ្មែរ​ក្រហម ពីព្រោះ​ទីនោះ គឺ​ជា​អតីត​តំបន់​កងទ័ព​ខ្មែរ​ក្រហម​កាន់​កាប់ ចាប់​ពី​អំឡុង​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៧។

អធិការ​នគរបាល​ស្រុក​ជីក្រែង លោក តូច សកល មាន​ប្រសាសន៍​ថា អាវុធ​ទាំង​នោះ​ទំនង​ជា​ត្រូវ​គេ​លាក់​ទុក កាល​ពី​សម័យ​សង្គ្រាម។ អធិការ​នគរបាល​ដដែល រំឭក​ចំពោះ​ប្រជាពលរដ្ឋ សូម​ឱ្យ​ប្រយ័ត្ន​នៅ​ពេល​ចូល​ទៅ​តំបន់​នោះ ជុំវិញ​បញ្ហា​គ្រោះ​ថ្នាក់​ដោយ​គ្រាប់​មីន ឬ​ក៏​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ខ្លះ​ទៀត៖ «អាវុធ​វា​សល់​យូរ​ហើយ​របស់​កម្លាំង​ខ្មែរ​ក្រហម ពីព្រោះ​អាវុធ​វា​ខូច​អស់ ដោយ​កប់​ចោល។ ពេល​ប្រជុំ​តែង​តែ​អំពាវនាវ​ប្រជាពលរដ្ឋ ទៅ​ស្រែ​ទៅ​អី ពេល​ឃើញ​របស់​គ្រោះ​ថ្នាក់​ទាំង​នោះ ត្រូវ​ឱ្យ​ដំណឹង​មក​សមត្ថកិច្ច ដើម្បី​ទៅ​យក។ បើ​សិន​ជា​គ្រាប់​ដែល​សន្និដ្ឋាន​ថា មិន​ទាន់​ផ្ទុះ ឱ្យ​ទុក​ឱ្យ​ស្រួល​បួល ហើយ​មក​ប្រាប់​យើង គឺ​ហៅ​កម្លាំង​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ ឬ​ក៏​ខាង ស៊ីម៉ាក់ (CMAC) ឱ្យ​ពិនិត្យ​មើល ហើយ​និង​ឱ្យ​កម្ទេច​ចោល»

អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ផ្ទៃដី​ជាច្រើន​ហិកតារ នៅ​ចន្លោះ​ឃុំ​ពង្រលើ ទៅ​ឃុំ​ខ្វាវ គឺ​ជា​តំបន់​ដែល​គេ​សង្ស័យ​នៅ​មាន​គ្រាប់​មីន​កប់​ក្រោម​ដី​នៅ​ឡើយ ដោយសារ​តំបន់​នោះ គឺ​អតីត​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​ខ្មែរ​ក្រហម។ រហូត​មក​ដល់​ពេល​នេះ ទាំង​សមត្ថកិច្ច និង​អាជ្ញាធរ តែង​តែ​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចូល​ទៅ​រុករាន​យក​ដី​ទីនោះ ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។