កសិកររាប់រយគ្រួសារនៅខេត្តស្ទឹងត្រែង ព្រមានឈប់ធ្វើកសិកម្មនៅឆ្នាំក្រោយ បន្ទាប់ពីតម្លៃកសិផលឆ្នាំនេះធ្លាក់ចុះខ្លាំង បើទោះបីជាកសិករអំពាវនាវទទូចសុំឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយស្វែងរកទីផ្សារដើម្បីលើកស្ទួយកសិផលកសិកម្មដែលពួកគេដាំដុះបានក្តី។ ក្រុមកសិករមួយចំនួននៅខេត្តស្ទឹងត្រែង បង្ខំចិត្តកម្ទេចល្ពៅចោលក្នុងចម្ការរាប់សិបតោន បន្ទាប់ពីតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្មដែលត្រូវចំណាយពេលប្រមូលផលចេញពីចម្ការបាន។
ក្រុមកសិករដាំល្ពៅនៅខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ បន្ទាប់ពីដំណាំល្ពៅត្រូវឈ្មួញទិញក្នុងតម្លៃទាបបំផុតគិតជាមធ្យម ១គីឡូក្រាម ១៥០រៀលដល់ ១៨០រៀល។ បញ្ហានេះ ជំរុញឲ្យកសិករក្លាយជាកូនបំណុលរបស់ធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលលំបាកនឹងរើបម្រះ។
កសិករដាំល្ពៅនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កញ្ញា មឿង សុខុម ត្អូញថា កសិករភាគច្រើនខ្ចីប្រាក់ពីធនាគារធ្វើដើមទុន រំពឹងថាបានប្រាក់ចំណេញ តែផ្ទុយទៅវិញ ពួកគេភាគច្រើនបានបរាជ័យ។ កញ្ញាបន្តថា កសិកររាប់រយគ្រួសារដែលដាំល្ពៅឆ្ងាយពីភូមិប្រមាណ ៥គីឡូម៉ែត្រឡើងទៅ បានបង្ខំចិត្តបោះបង់ល្ពៅចោលក្នុងចម្ការរាប់សិបតោន ហើយកសិករមួយចំនួនបានដាំបាញ់ថ្នាំកម្ទេចផ្លែល្ពៅចោល។ កញ្ញាមានសង្ឃឹមតិចតួចណាស់ថា កសិករមានលទ្ធភាពដោះបំណុលបាន បើពុំមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលទេនោះ៖ « ខ្លះគ្នាចោលព្រោះអីនៅឆ្ងាយ ជួលគេដឹងដដែល។ ចឹងគេទុកចោលនៅហ្នឹងទេ ដូចថាយើងយកលុយគេ ដល់ពេលដាំទៅរបស់ថោកវាគាបសង្កត់ហ្នឹង រើបម្រះមិនចង់រួច។ ដល់ពេលចឹង យើងរកអីដោះមិនបាន ខ្លះគ្នារត់ទៅ ខ្លះនៅទៅលក់នេះនោះ ជួនកាលផ្ទះ ជួនកាលដី »។
កសិករម្នាក់ទៀតរស់នៅឃុំសំអាង លោក ផាន់ ណារិទ្ធ ឲ្យដឹងថា លោកបង្ខំចិត្តកម្ទេចល្ពៅចោលក្នុងចម្ការប្រហែលជិត ២តោនលើផ្ទៃដីជាង ២ហិកតារ ខណៈតម្លៃល្ពៅមិនអាចទូទាត់កម្លាំងពលកម្ម និងការដឹកជញ្ជូន។ លោកថា កសិករភាគច្រើនកំពុងជាប់បំណុលគេវ័ណ្ឌក ដែលប្រឈមលក់ទ្រព្យសម្បត្តិដើម្បីដោះបំណុល៖ « អ្នកមានដីធ្វើចម្ការទាំងអស់គ្នា ដល់ខ្លះគេសុទ្ធតែជាប់បំណុលគេទាំងអស់គ្នា បើវាខាត។ ខ្លះមានតែលក់ដីសងគេវិញ។ ដីអត់ហាងឆេងទៀតឥឡូវ »។
កសិករប្រមូលទិញល្ពៅនៅខេត្តស្ទឹងត្រែង លោក សាម៉េង ហុង ទទួលស្គាល់ថា តម្លៃផលិតផលល្ពៅធ្លាក់ថ្លៃ បណ្ដាលមកពីរោងចក្រថៃ ដែលទទួលទិញល្ពៅមានតិច គឺជាកត្តាធ្វើឲ្យតម្លៃប្រមូលទិញធ្លាក់ចុះ។ លោកបញ្ជាក់ថា ល្ពៅដែលថៃ បញ្ជាទិញ គឺគេរើសតែល្ពៅពណ៌ខៀវស្រស់ និងមានទម្ងន់ចាប់ពី ៤គីឡូក្រាមឡើងទៅ ហើយល្ពៅមួយគីឡូក្រាមតម្លៃ ៥០០រៀល។ លោកថា ការចំណាយដឹកជញ្ជូន ចំណាយសមត្ថកិច្ចតាមព្រំដែន ក៏ជាបន្ទុកបន្ថែមទៀតសម្រាប់អាជីវករប្រមូលទិញល្ពៅនាំចេញពីក្នុងស្រុក៖ « បើរើសឡើងទៅឲ្យថៃ ចឹងទិញចាប់ឆាយទាំងអស់ ល្ពៅមួយគីឡូ ១៥០រៀល តាំងពីមួយគីឡូកន្លះឡើងទៅ »។
ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង លោក លៀង សេង កត់សម្គាល់ថា តម្លៃកសិផលធ្លាក់ថ្លៃដោយសារពលរដ្ឋដាំដុះបានច្រើន រួមផ្សំទីផ្សារមានបញ្ហាក៏មិនមែនតែកម្ពុជា ទេ នៅប្រទេសឡាវ ក៏មានវិបត្តិនេះដែរ។ លោកថា ឈ្មួញទិញកសិផលមានតិចតួច ហើយអ្នកផ្គត់ផ្គង់ច្រើនក៏ជំរុញឲ្យតម្លៃកសិផលចុះថោកដែរ។ យ៉ាងណា លោកជំរុញឲ្យពលរដ្ឋខ្មែរជួយទិញកសិផលពីកសិករក្នុងស្រុក ដើម្បីជួយសម្រាលជីវភាពរបស់កសិករ៖ « ទីផ្សារមានបញ្ហាមិនមែនតែយើងទេ ប្រទេសជិតខាងក៏មានបញ្ហាដែរ។ ឥឡូវមានតែជំរុញទឹកចិត្តយ៉ាងម៉េចជួយទិញគ្នាឯងក្នុងស្រុក »។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែមានវិធានការផ្អាកការនាំចូលផលិតផល ឬកសិផលពីក្រៅប្រទេស និងជំរុញឲ្យគាំទ្រ ឬប្រើប្រាស់កសិផលរបស់កសិករក្នុងស្រុក ដើម្បីជួយសម្រាលការលំបាករយៈពេលខ្លី។ លោកយល់ថា រដ្ឋាភិបាលត្រូវពិចារណាក្នុងការត្រៀមមូលនិធិជាតិមួយ ដើម្បីជួយកសិករបន្ទាន់ និងជំនួយកសិកររយៈពេលវែង៖ « ព្រោះឥឡូវនេះ ពលរដ្ឋកំពុងឡុងចុងហើយ ចឹងអាចមានមធ្យោបាយបត់បែនមួយដែលរដ្ឋាភិបាលអាចស្នើឡើងបានដែរ។ យើងមើលដំណាំណាដែលមានលក្ខណៈប្រហាក់ប្រហែលទៅហ្នឹង ល្ពៅគួរតែឈប់នាំចូលសិនមក ហើយយើងអាចអ្នកដែលត្រូវការបន្លែបង្ការងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកវិញ »។
នៅខេត្តស្ទឹងត្រែង កសិករដាំល្ពៅច្រើនជាងគេ គឺស្រុកថាឡាបរិវ៉ាត់ លើផ្ទៃដីរាប់រយហិកតារ ហើយកសិករក្នុងមួយគ្រួសារជំពាក់បំណុលគេចាប់ពី ៥០០ដុល្លារឡើងទៅ។
ក្រុមកសិករចាត់ទុកថា តម្លៃលក់ផ្លែល្ពៅឆ្នាំនេះកាន់តែចុះថោក បើប្រៀបធៀបនឹងតម្លៃលក់ល្ពៅកាលពីឆ្នាំ២០១៥ មានតម្លៃជាមធ្យមជាង ១.០០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ថ្លៃនេះ ទើបជំរុញឲ្យកសិករចង់បោះបង់មុខរបរកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
