សមាគម​ចុងភៅ​លើក​ទឹក​ចិត្ត​កសិករ​នៅ​សៀមរាប​ឲ្យ​ដាំ​បន្លែ​ផ្គត់ផ្គង់​តាម​ភោជនីយដ្ឋាន

0:00 / 0:00

ជិត​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប និង​ប្រាសាទ​បុរាណ បាន​កើន​ឡើង​ជា​លំដាប់ ធ្វើ​ឲ្យ​សណ្ឋាគារ​ធំៗ និង​ភោជនីយដ្ឋាន​កើត​ឡើង​ថ្មីៗ​ជាច្រើន​កន្លែង ដើម្បី​បម្រើ​សេវាកម្ម និង​ទទួល​យក​កម្រៃ​ពី​ទេសចរ។

ក៏ប៉ុន្តែ ទន្ទឹម​គ្នា​នឹង​សណ្ឋាគារ ភោជនីយដ្ឋាន បាន​ទទួល​កម្រៃ​យ៉ាង​ក្រាស់ក្រែល​ពី​វិស័យ​ទេសចរណ៍​នេះ គឺ​ប្រជាពលរដ្ឋ និង​កសិករ​ជាច្រើន​ដែល​ជា​ម្ចាស់​ស្រុក នៅ​មិន​ទាន់​បាន​ទទួល​កម្រៃ​សមរម្យ​ពី​វិស័យ​ទេសចរណ៍​នៅ​ឡើយ​ទេ ដោយសារ​តែ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ជាច្រើន មិន​ទិញ​បន្លែ និង​ផ្លែ​ឈើ​របស់​កសិករ​ខ្មែរ​ទៅ​ធ្វើ​ជា​ម្ហូប​អាហារ។

តើ​គួរ​មាន​គំនិត​ផ្ដួចផ្ដើម​ណា​ដែល​អាច​ជួយ​កសិករ​ខ្មែរ ឲ្យ​ទទួល​បាន​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ​ដែរ​ឬ​ទេ?

សមាគម​ចុងភៅ​កម្ពុជា បាន​ដឹក​នាំ​សមាជិក​ដែល​ធ្វើ​ការ​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ប្រមាណ​ជាង ១០០​នាក់ ចុះ​ជួប​ប្រជា​កសិករ​នៅ​ភូមិ​គោកដូង និង​ភូមិ​ក្រសាំង សង្កាត់​ក្របីរៀល ជាយ​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា កន្លង​ទៅ។ ការ​ចុះ​ជួប​នេះ គឺ​សមាគម​ចុងភៅ​កម្ពុជា បាន​យក​បន្លែ​ដែល​កសិករ​ដាំ​នៅ​តាម​ភូមិ ទៅ​ចម្អិន​ធ្វើ​ម្ហូប​ពិសា​ជាមួយ​គ្នា ដើម្បី​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ចាប់​ផ្ដើម​ដាំ​បន្លែ ដោយ​មិន​ប្រើ​ជាតិ​គីមី ហើយ​លក់​ទៅ​ឲ្យ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ធំៗ សម្រាប់​ធ្វើ​ម្ហូប​ឲ្យ​ភ្ញៀវ​ទេសចរ​បរិភោគ។

ការ​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ដាំ​បន្លែ និង​ផ្លែ​ឈើ​តាម​បែប​ធម្មជាតិ លក់​ទៅ​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នេះ គឺ​ជា​បំណង​ជួយ​ឲ្យ​កសិករ​ខ្មែរ បាន​ទទួល​ចំណូល​ដោយ​ប្រយោល​ពី​វិស័យ​ទេសចរណ៍ ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​សមរម្យ។

ប្រធាន​សមាគម​ចុងភៅ​កម្ពុជា គឺ​លោក ហៃ វុទ្ធី។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នៅ​ពេល​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​កំពុង​តែ​កើន​ឡើង​នៅ​ខេត្ត​សៀមរាប គឺ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ភាគ​ច្រើន តែង​តែ​ផ្សព្វផ្សាយ​អំពី​រសជាតិ​ម្ហូប​ខ្មែរ ហើយ​ភ្ញៀវ​ទេសចរ​ម្នាក់​ដែល​មក​កម្សាន្ត​នៅ​ស្រុក​ខ្មែរ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ទទួល​ទាន​ម្ហូប​ខ្មែរ​ឲ្យ​បាន​ម្ដង​ដែរ ក៏ប៉ុន្តែ​បន្លែ និង​សាច់​សត្វ​ជាច្រើន ដែល​ចុងភៅ​ចម្អិន​ម្ហូប​ខ្មែរ​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​ទាន​នោះ ភាគ​ខ្លះ​គឺ​នាំ​ចូល​ពី​បរទេស មិន​មែន​ជា​ស្នាដៃ​ផលិត​របស់​កសិករ​ខ្មែរ​ទេ។

លោក​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ចង់​ឲ្យ​កសិករ​ខ្មែរ​បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​ដែល​កំពុង​តែ​កើន​ឡើង​នេះ ហើយ​ក៏​កំពុង​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​ប្រឹងប្រែង​ដាំ​បន្លែ​គ្រប់​មុខ ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន។ បន្ថែម​លើ​នេះ លោក​ក៏​ជំរុញ​ឲ្យ​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន ជួយ​ទិញ​ផលិតផល​កសិករ​ខ្មែរ​ដែរ៖ «ក្នុង​នាម​សមាគម​ចុងភៅ​កម្ពុជា ក៏​សូម​អំពាវនាវ​ទៅ​ដល់​សណ្ឋាគារ ក៏ដូចជា​ភោជនីយដ្ឋាន​ទាំងអស់ ជួយ​គាំទ្រ និង​ជួយ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​នូវ​ផលិតផល​ក្នុង​ស្រុក បើ​ទោះ​បី​ជា​ការ​ដាំ​មិន​ទាន់​ផ្គត់ផ្គង់​គ្រប់គ្រាន់​ក៏ដោយ»

ការ​លើក​ទឹក​ចិត្ត​កសិករ ឲ្យ​ដាំ​បន្លែ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​ទៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ធំៗ​នេះ ធ្វើ​ឲ្យ​កសិករ​ខ្លះ​ដែល​ចូល​ចិត្ត​ដាំ​ដុះ តែ​មិន​អាច​រក​ទីផ្សារ​លក់​បាន​នោះ មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង។

កសិករ​បង្គោល​ម្នាក់​នៅ​ភូមិ​គោកដូង ឃុំ​ក្របីរៀល ក្នុង​ចំណោម​កសិករ​ដែល​ចូល​ចិត្ត​ដាំ​បន្លែ​ជាច្រើន​នាក់​ទៀត គឺ​លោក យឿង យិន មាន​ប្រសាសន៍​ថា លោក​បាន​ដាំ​បន្លែ​ធម្មជាតិ​ចម្រុះ​ជាច្រើន​ប្រភេទ ដូចជា​ម្ទេស ផ្លែ​ត្រប់ សាលាដ ស្ពៃ​ចង្កឹះ ផ្ទី ម្រះព្រៅ និង​ជី​គ្រប់​មុខ​ជាដើម លក់​ទៅ​ឲ្យ​សណ្ឋាគារ​ជាច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប។ សណ្ឋាគារ​ដែល​លោក​លក់​បន្លែ​ទៅ​ឲ្យ​មាន​ទាំង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដូចជា​សូហ្វីតែល (Sofitel) និង​ផ្ទះ​សំណាក់​ជាច្រើន​ទៀត។ បុរស​ដដែល​បញ្ជាក់​ថា ការ​ផលិត​បន្លែ​ធម្មជាតិ​លក់​ឲ្យ​សណ្ឋាគារ​ធំៗ គឺ​មាន​តម្លៃ​ខ្ពស់​ខុស​ពី​ទីផ្សារ ដែល​ពេល​ខ្លះ​គេ​បញ្ចុះ​តម្លៃ​ស្រេច​តែ​ចិត្ត។ លោក​ត្រេកអរ​ជា​ខ្លាំង​នៅ​ពេល​ដែល​សមាគម​ចុងភៅ​កម្ពុជា លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ក្នុង​ស្រុក ខិតខំ​ផលិត​បន្លែ ផ្លែ​ឈើ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នេះ៖ «អត្ថប្រយោជន៍​ទៅ​លើ​កសិករ គឺ​ទី​១ វា​មាន​សារសំខាន់ ទី​១ គឺ​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ភូមិ​ឲ្យ​កសិករ​មាន​ទីផ្សារ​កាន់​តែ​ច្រើន អាច​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កសិករ​មាន​ទឹក​ចិត្ត​ផលិតផល​កសិកម្ម​បាន​កាន់​តែ​ច្រើន​ថែម​ទៀត»

លោក យឿន យិន ជា​កសិករ​នៅ​ភូមិ​គោកដូង សង្កាត់​ក្របីរៀល បង្ហាញ​ពី​បន្លែ​ដែល​គាត់​ដាំ​មិន​ប្រើប្រាស់​ជាតិ​គីមី ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក យឿន យិន ជា​កសិករ​នៅ​ភូមិ​គោកដូង សង្កាត់​ក្របីរៀល បង្ហាញ​ពី​បន្លែ​ដែល​គាត់​ដាំ​មិន​ប្រើប្រាស់​ជាតិ​គីមី ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Hang Savyouth)

កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជាង ៤​លាន ៥​សែន​នាក់ និង​ចំណូល​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក។ បើ​ទោះ​បី​ជា​ចំណូល​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើង​រយៈពេល ៣-៤​ឆ្នាំ​ជាប់​គ្នា​មក​នេះ​ក៏ដោយ ក៏​នៅ​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​សំខាន់​បំផុត​របស់​កម្ពុជា គឺ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ទទួល​កម្រៃ​ពី​ទេសចរណ៍​នេះ​ធំ​ដុំ​ទេ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ដោយសារ​តែ​កំណើន​ទេសចរ គឺ​ខេត្ត​សៀមរាប មាន​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ជិត ២០០ ក៏ប៉ុន្តែ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីតៗ គឺ​នៅ​ទិញ​បន្លែ​ផ្លែ​ឈើ និង​សាច់​សត្វ​ពី​បរទេស​មក​ធ្វើ​ជា​ម្ហូប​អាហារ​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ឡើយ។ លោក ង៉ូវ សេងកាក់ បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ប្រឹងប្រែង​ដាំ​បន្លែ​ដែល​មិន​ប្រើ​សារជាតិ​គីមី ព្រម​ទាំង​ចិញ្ចឹម​សត្វ​ឲ្យ​ល្អ ដើម្បី​ដណ្ដើម​ទីផ្សារ​នៅ​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ​លំដាប់​ខ្ពស់​ទាំង​នេះ​ជាមួយ​នឹង​ផលិតផល​បរទេស៖ «ខ្ញុំ​គិត​ថា កាលណា​ពលរដ្ឋ​យើង​អាច​ផលិត​បាន​មក​ផ្គត់ផ្គង់​ឲ្យ​វិស័យ​ទេសចរណ៍​នេះ គឺ​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ក្រៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការ​សប្បាយ​រីករាយ​ផង ហើយ​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​គាត់​ផង»

ប្រធាន​អង្គការ​ជំនាញ​ផ្នែក​កសិកម្ម អាគ្រី​ស៊ុដ (Agrisud) លោក សេង ពិចិត្រ ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​នៅ​ខេត្ត​សៀមរាប ដាំ​បន្លែ​បែប​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ទេសចរណ៍​ដែរ។ អាគ្រី​ស៊ុដ បាន​សន្យា​ថា​នឹង​ជួយ​ផ្នែក​បច្ចេកទេស​ថ្មីៗ ព្រម​ទាំង​ជួយ​នាំ​ពូជ​បន្លែ​ល្អៗ​ពី​បរទេស​មក​ឲ្យ​កសិករ​ខ្មែរ​ដាំ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​នេះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។