ប្រជាកសិករដែលប្រកបរបរដាំដំឡូងមីនៅស្រុកកំរៀង ខេត្តបាត់ដំបង ត្អូញត្អែរចំពោះតម្លៃផលិតផលកសិកម្មដែលផលិតបានហើយ តែលក់ពុំទទួលផលកម្រៃទេ ដោយសារតម្លៃដំឡូងមីធ្លាក់ចុះប្រមាណមួយខែមកហើយ។ អ្នកភូមិបញ្ជាក់ថា ដំឡូងមីមិនត្រឹមតែធ្លាក់ថ្លៃទេ ពេលខ្លះថែមទាំងរកអ្នកទិញពុំបានទៀត ធ្វើឲ្យប្រជាកសិករនៅតំបន់នោះព្រួយបារម្ភរកប្រាក់សងគេពុំបាន។
ប្រជាកសិករនៅស្រុកកំរៀង អំពាវនាវឲ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ជួយរកទីផ្សារលក់ដំឡូងមីឲ្យមានតម្លៃសមរម្យខ្ពស់ជាងពេលបច្ចុប្បន្ន ដែលអាចទូទាត់ដើមទុនផលិត ហើយអាចទទួលបានផលកម្រៃ។
តំណាងប្រជាកសិករ គឺលោក ទិត្យ កៀក រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ថ្លែងថា លោកប្រកបរបរដាំដំឡូងមីលើផ្ទៃដីប្រមាណ ៣ហិកតារជិត ១០ឆ្នាំមកហើយ។ លោកបន្តថា របរនេះប្រើដើមទុនច្រើន និងមានពេលដាំដុះរយៈពេលយូរ គឺពី ៩ ទៅ ១០ខែ ទើបប្រមូលផលមកវិញ។ នៅក្នុងនោះ ឆ្នាំណាដែលដំឡូងមានហាងឆេងល្អទៅ ផ្ទៃដីដែលលោកដាំដុះនោះទទួលបានប្រាក់កម្រៃអាចដោះស្រាយជីវភាពគ្រួសារ ដោយមិនបាច់ចេញទៅធ្វើការនៅប្រទេសក្រៅទេ។ ទោះយ៉ាងនេះក្ដី លោកថា តម្លៃដំឡូងមីឆ្នាំនេះចុះថោក ពុំទទួលបានផលកម្រៃដូចពេលមុនៗឡើយ៖ «ខ្ញុំជួលដីគេខ្លះ ហើយដីខ្លួនខ្លះទៅ ដល់ពេលទូទាត់មើលទៅមិនបានកម្រៃទេឆ្នាំនេះ។ តែបើសិនជាដីរបស់យើងទាំងអស់ទូទាត់ទៅប្រហែលជារួចដើមតាមមើល»។
ប្រជាកសិករជាច្រើន បានត្អូញត្អែរពីតម្លៃដំឡូងមីឆ្នាំនេះថាធ្លាក់ថ្លៃ ពុំទទួលផលកម្រៃដូចៗគ្នា។ អ្នកភូមិឲ្យដឹងថា តម្លៃដំឡូងមីឆ្នាំនេះ គឺដំឡូងស្រស់ប្រមា ១៩០រៀលក្នុងមួយគីឡូក្រាម ចំណែកតម្លៃដំឡូងស្ងួតវិញ មួយគីឡូក្រាមប្រមាណ ៥៥០រៀល។ រីឯតម្លៃដំឡូងមីកាលពីពេលកន្លងទៅវិញ តម្លៃដំឡូងមីស្រស់ពី ២៩០ ទៅ ៣៥០រៀលក្នុងមួយគីឡូក្រាម និងដំឡូងស្ងួតពី ៦៧០ ទៅ ៨៥០រៀលក្នុងមួយគីឡូក្រាម។
ប្រជាកសិករម្នាក់ទៀតនៅស្រុកកំរៀង គឺលោក វឿន សារ៉ន ថ្លែងថា លោកដាំដំឡូងមីលើផ្ទៃដីជាង ១០ហិកតារប្រមាណ ៨ឆ្នាំមកហើយ ក្នុងនោះឆ្នាំខ្លះបានកម្រៃតិច ហើយឆ្នាំខ្លះក៏បានកម្រៃច្រើនមិនទៀងទាត់ទេ។ លោកបន្តថា តម្លៃដំឡូងមីដែលបានផលកម្រៃ លុះណាតម្លៃដំឡូងស្រស់ប្រមាណ ៣០០រៀលក្នុងមួយគីឡូក្រាម និង ៧០០រៀលក្នុងមួយគីឡូក្រាមចំពោះដំឡូងស្ងួត៖ «តម្លៃដំឡូងមីទាបអ៊ីចឹងធ្វើឲ្យយើងជួបការលំបាក គឺមិនបានផលកម្រៃទេ ព្រោះយើងចំណាយអស់ដើមទុនច្រើន។ បើដំឡូងមីតម្លៃ ២បាតកន្លះឡើងទៅដូចកាលពីដើមរដូវប្រមូលផលនោះវាមិនអីទេ»។
លោកបន្តទៀតថា តម្លៃដំឡូងមីបានធ្លាក់ថ្លៃនេះប្រមាណមួយខែមកហើយ គឺចាប់តាំងពីចុងខែកុម្ភៈ រហូតមក ធ្វើឲ្យអ្នកដាំដំឡូងមីមានការព្រួយបារម្ភខ្លាចរកប្រាក់សងគេពុំបាន។ អ្នកភូមិឲ្យដឹងថា ដំឡូងមីរយៈពេលមួយខែមកនេះ មិនត្រឹមតែចុះថោកប៉ុណ្ណោះទេ ថែមទាំងពិបាករកឈ្មួញទិញផលិតផលពីកសិករទៀតផង៖ «ព្រោះអីដំឡូងខ្លះវាត្រូវភ្លៀងត្រូវអីខូចគុណភាព គេអត់ទិញក៏មាន ហើយបើទិញវិញគេឲ្យតម្លៃថោកណាស់មិនរួចខ្លួនទេឆ្នាំនេះ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង អ្នកស្រី ព្រំ វណ្ណា មានប្រសាសន៍យ៉ាងខ្លីថា បញ្ហានេះអ្នកស្រីបានបកស្រាយប្រាប់ប្រជាកសិកររួចអស់ទៅហើយ៖ «រឿងតម្លៃដំឡូងចុះថោកនេះ គេបានឆ្លើយនៅក្នុងវេទិកាសាធារណៈរួចអស់ទៅចា៎ ខ្ញុំជាប់រវល់បន្តិច»។
រីឯឈ្មួញកណ្ដាលដែលទិញដំឡូងមីនៅតំបន់ជាយដែនខេត្តបាត់ដំបង នោះវិញ គឺលោក ផ្លែក សុភឿន មានប្រសាសន៍ទទួលស្គាល់ថា តម្លៃដំឡូងមីពិតជាធ្លាក់ថ្លៃមែន។ យ៉ាងណាលោកថា ចង់ទិញដំឡូងមីពីប្រជាកសិករឲ្យតម្លៃខ្ពស់ជាងនេះដែរ ប៉ុន្តែដំឡូងមីឆ្នាំនេះគ្មានហាងឆេងទេ។ លោកបញ្ជាក់ថា ដំឡូងមីធ្លាក់ថ្លៃនេះដោយសារឈ្មួញមកពីប្រទេសចិន និងប្រទេសវៀតណាម ចូលមកទិញដំឡូងមីខ្មែរមានចំនួនតិចជាងឆ្នាំមុនៗ៖ «ចិន គេមិនសូវទិញទេដំឡូងឆ្នាំនេះ។ ចំពោះនៅបាត់ដំបង យើងនេះសព្វថ្ងៃបានឈ្មួញចិន ម្នាក់គេចាំទិញខ្លះទេ បានប្រជាពលរដ្ឋលក់ដំឡូងមីបានខ្លះនោះ កុំអីពួកគាត់មិនដឹងលក់ដំឡូងមីទៅណាទេ»។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ពន្យល់ថា មានកត្តាមួយចំនួនដែលជំរុញឲ្យតម្លៃដំឡូងមីធ្លាក់ចុះនេះ គឺបណ្ដាលមកពីរដូវនេះដំឡូងមីនៅក្នុងស្រុកមានចំនួនច្រើនជាងតម្រូវការទីផ្សារ និងឈ្មួញមកពីប្រទេសជិតខាង ដែលធ្លាប់ទិញដំឡូងមីខ្មែរ រួមមានឈ្មួញមកពីប្រទេសចិន វៀតណាម និងថៃ ជាដើម ផ្អាកទិញដំឡូងមីខ្មែរ ឬទិញក្នុងបរិមាណតិចជាងពេលកន្លងទៅ៖ «បាទ! ឲ្យតែតម្រូវការធ្លាក់ តម្លៃក៏ធ្លាក់ទៅតាមនោះដែរ ព្រោះកាលពីដើមដៃដំបូងគេត្រូវការដំឡូងមីច្រើន គេឲ្យតម្លៃល្អ តែពេលនេះឈ្មួញមកពីប្រទេសជិតខាងខ្មែរយើងគេគ្រប់តម្រូវការរបស់គេហើយ បានជាវាចុះថោកនោះ»។
យ៉ាងនេះក្ដី លោកថា បញ្ហានេះដើម្បីជួយដល់ប្រជាពលរដ្ឋបាន លុះណារដ្ឋាភិបាលបង្កើតជារោងចក្រកែច្នៃដំឡូងមីផលិតជាគ្រឿងឧបភោគបរិភោគក្នុងប្រទេសឲ្យបានច្រើន ដោយមិនពឹងផ្អែកទៅលើទីផ្សារប្រទេសជិតខាងច្រើនពេក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
