កសិករ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ពោត

នៅ​ឆ្នាំ​២០១៣ នេះ​ តម្លៃ​ផល​ដំណាំ​ពោត ​របស់​ប្រជាកសិករ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា មាន​ការ​ស្រុត​ចុះ​យ៉ាង​ខ្លាំង​ខុស​ពី​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ បញ្ហា​នេះ​​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខាត​បង់​ដើម​ទុន​ ហើយ​អាច​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​គេ​ថែម​ទៀត។

0:00 / 0:00

អ្នក​ស្រុក​នៅ​ខេត្ត​បាត់ដំបង និង​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​រក​ទី​ផ្សារ​លក់​កសិផល​ពោត​​ជា​ច្រើន​ម៉ឺន​​តោន​ដែល​បាន​ប្រមូល​ផល​ពី​ចម្ការ។ កសិផល​ពោត​ទាំង​នោះ ពួកគាត់​លក់​បាន​តម្លៃ​ទាប​ និង​ពោត​នៅ​តាម​តំបន់​ខ្លះ​ទៀត​ ពុំ​មាន​ក្រុម​ឈ្មួញ​ចូល​ទៅ​ទិញ​នោះ​ឡើយ។

កសិករ​ឈ្មោះ​ នាង ភឿន​ រស់​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​ ថ្លែង​នៅ​ថ្ងៃ​ទី​១២ សីហា ថា នៅ​ឆ្នាំ​២០១៣ នេះ ប្រជាពលរដ្ឋ​ជា​​អ្នក​ប្រកប​របរ​កសិកម្ម​បាន​នាំ​ដាំ​ដំណាំ​ពោត​ច្រើន​ជាង​ឆ្នាំ​២០១២ កន្លង​ទៅ។ នៅ​ពេល​ពោត​ឲ្យ​ផល​ ពួកគាត់​បាន​នាំ​គ្នា​ចុះ​កាច់​ពី​ចម្ការ​ ប៉ុន្តែ​បែរ​ជា​ផល​ពោត​ទាំង​នោះ​លក់​បាន​តម្លៃ​ទាប​អត់​ទីផ្សារ​ទៅ​វិញ។ វិបត្តិ​អត់​ទីផ្សារ​នេះ​បាន​ញ៉ាំង​ឲ្យ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ខាតបង់​ដើម​ទុន និង​អាច​ធ្លាក់​ខ្លួន​ជំពាក់​លុយ​គេ​ថែម​ទៀត។

កសិករ នាង ភឿន៖ «សំណូមពរ​ឲ្យ​ខាង​ខេត្ត​បាត់ដំបង​ ជួយ​រក​ទី​ផ្សារ​ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​តម្លៃ កុំ​ឲ្យ​វា​ចុះ​ខ្លាំង​ពេក។ ឥឡូវ​នេះ​ពោត​ស្នូល ១​គីឡូ​ក្រាម​លក់​បាន​ជាង ៤​បាត (ស្មើ​៤០០​ប្រាក់​រៀល) ចង់​ឲ្យ​បាន​តម្លៃ​ខ្ពស់​ជាង​នេះ​ សមរម្យ បើ​មិន​អ៊ីចឹង​ទេ អត់​រួច​ថ្លៃ​ទេ ប្រជាជន​ចង​ក​ងាប់​អស់​ហើយ»

កសិករ​ជា​ច្រើន​នាក់​ទៀត​រស់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​ថា ​កសិផល​ពោត​របស់​ពួក​គាត់​កំពុង​ជួប​វិបត្តិ​អត់​ទីផ្សារ។ ម្យ៉ាង​វិញ​ទៀត ក្រុម​ឈ្មួញ​កណ្ដាល​ដែល​ដើរ​ប្រមូល​ទិញ​ពោត​នៅ​ក្នុង​ស្រុក ​ពួកគេ​ទិញ​ក្នុង​តម្លៃ​ទាប ធ្វើ​ឲ្យ​ពួក​គាត់​ពុំ​អាច​លក់​ពោត​ទាំង​នោះ​បាន។

ពួកគាត់​បញ្ជាក់​ថា ឥឡូវ​នេះ​កសិផល​ពោត​ខ្លះ​ដែល​ទុក​គរ​ចោល​ក្នុង​ចម្ការ​រង​ការ​ខូច​ខាត​ថែម​ទៀត៖ «តម្លៃ​អត់​មាន​ហាងឆេង អត់​មាន​ទីផ្សារ ហើយ​គេ​មិន​ទិញ​ទៀត​ គេ​យក​តិចតួច រើស​យក​របស់​ដែល​ល្អ​បំផុត។ សុទ្ធ​តែ​ដាក់​ប្លង់​នៅ​អង្គការ (ធនាគារ)។ របស់​ដែល​ធ្វើ​បាន​ហើយ​អត់​មាន​ទីផ្សារ​អ៊ីចឹង។ នៅ​ខែ​៨ នេះ ច្រើន​ណាស់ ពោត​ព្រោះ​អី​ដំឡូង​ដាំ​មួយ​សា​ទៅ​ភ្ជួរ​ចោល​អស់​ប្រជាជន​នៅ​ស្រុក​នេះ​ខាត​អស់​មួយ​សា​ហើយ ដំឡូង​ភ្ជួរ​ដី​ដាំ​ពោត​មួយ​សា​ទៀត តែ​ឥឡូវ​ពោត​អត់​មាន​ទីផ្សារ អ៊ីចឹង​ទៅ​ខូច កាច់​ហើយ​ដុះ​ក្នុង​ចម្ការ​គេ​អត់​ទិញ​យើង»

បច្ចុប្បន្ន​​មាន​ក្រុម​ឈ្មួញ​ដើរ​ទិញ​ពោត​នោះ​ដែរ ប៉ុន្តែ​ពួកគេ​ទិញ​ក្នុង​ចំនួន​តិចតួច ហើយ​ពួកគេ​ហ៊ាន​ឲ្យ​តម្លៃ​ទាប​ខុស​ពី​ការ​ចង់​បាន​របស់​កសិករ។ ពោត​ស្នូល​មួយ​គីឡូ​ក្រាម​លក់​បាន​ថ្លៃ ៤.១​បាត​ ឬ​ស្មើ​ប្រហែល ៤០០​ប្រាក់​រៀល​ប៉ុណ្ណោះ។ តម្លៃ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ដាំ​ពោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ខាត​បង់​ច្រើន​ ព្រោះ​នៅ​ពេល​ចុះ​បង្ក​បង្កើន​ផល​ដាំដុះ​ ពួកគាត់​​ខ្លី​លុយ​ពី​អង្គការ​ និង​ ធនាគារ​យក​ទៅ​ធ្វើ​ដើម​ទុន ជួល​កម្លាំង​ពលកម្ម​ដាំដុះ​ ហើយ​នៅ​ពេល​ប្រមូល​ផល​ត្រូវ​ជួល​កម្លាំង​ពលកម្ម​ថែម​ទៀត៖ «សុំ​រដ្ឋាភិបាល​ជួយ​ប្រជាពលរដ្ឋ​ ពោត​នេះ​ស្រេច​តែ​គេ​ទិញ​ម្ដង​បី​បាត ម្ដង ៤​បាត។ វេទនា​ខ្លាំង​ណាស់​ឆ្នាំ​នេះ​​ អត់​មាន​ទីផ្សារ​ទេ សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឆាប់ៗ​បន្តិច​មក​វេទនា​ខ្លាំង​ណាស់»

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​ ពោត​ស្នូល ១​គីឡូក្រាម​លក់​បាន​ថ្លៃ ៤.៧​បាត ស្មើ​ជាង ៥០០​ប្រាក់​រៀល ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ នេះ ពោត​ស្នូល​លក់​បាន​តម្លៃ​តែ ៤​បាត ស្មើ ៤០០​ប្រាក់​រៀល​ប៉ុណ្ណោះ។ បញ្ហា​ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដាំ​ពោត​ទាំង​នោះ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខាត​បង់​និង​ជំពាក់​បំណុល​ធនាគារ។

កសិផល​ពោត​នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រមូល​ទិញ បន្ទាប់​មក​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម និង​មួយ​ចំនួន​ទៀត​នាំ​ចេញ​ទៅ​ប្រទេស​ចិន។ យ៉ាង​ណា​ក៏​ដោយ​ វិបត្តិ​ទីផ្សារ​ និង​សេចក្ដី​អំពាវនាវ​រក​ទីផ្សារ​លក់​កសិផល​ពោត​របស់​កសិករ​ខ្មែរ​កើត​មាន​ឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ មាន​ការ​រំជើប​រំជួល​ខាង​ផ្នែក​នយោបាយ​នៅ​ក្រោយ​ការ​បោះឆ្នោត ហើយ​រដ្ឋាភិបាល​ដែល​គេ​រំពឹង​ថា ​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា នោះ រហូត​មក​ដល់​ពេល​នេះ​ ក៏​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។