ឪពុក​របស់​ជន​ជាប់​ចោទ​ក្នុង​រឿង​ចោរកម្ម​អះអាង​ថា​ប៉ូលិស​ខេត្ត​រតនគិរី​ប្រើ​ទារុណកម្ម

0:00 / 0:00

ឪពុក​ជន​ជាប់​ចោទ​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់ អះអាង​ថា ប៉ូលិស​បាន​ធ្វើ​ទារុណកម្ម​កូនប្រុស​គាត់​ធ្ងន់ធ្ងរ ខណៈ​កូនប្រុស​គាត់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស ខេត្ត​រតនគិរី។ មន្ត្រី​សិទ្ធិ​មនុស្ស​ពិនិត្យ​ឃើញ​មាន​ស្លាកស្នាម​នៅ​លើ​ខ្លួន​ជន​ជាប់​ចោទ ដែល​ជា​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទណ្ឌកម្ម។

ឪពុក​ពិរុទ្ធជន​មួយ​រូប អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​ប៉ូលិស​ធ្វើ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មក​លើ​កូនប្រុស​គាត់ និង​ប្ដឹង​សុំ​ឲ្យ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​ប៉ូលិស​តាម​ច្បាប់ រួម​ទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់ ៥​ពាន់​ដុល្លារ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ឈ្មោះ កុយ ពៅ អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​អូររមៀត សង្កាត់​ឡាបានសៀក ក្រុង​បានលុង បាន​មក​កាន់​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ហើយ​ស្នើសុំ​ឲ្យ​អង្គការ​នេះ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​កូនប្រុស​គាត់ ដែល​ត្រូវ​ប៉ូលិស​វាយ​ធំ​ក្នុង​ពេល​សួរ​ចម្លើយ។ លោក កុយ ពៅ អះអាង​ថា កូនប្រុស​គាត់​បាន​បង្ហាញ​ស្នាម​ធ្វើ​ទារុណកម្ម​នៅ​លើ​ខ្លួន​ប្រាណ និង​បាន​បញ្ជាក់​ថា នាយ​រង​នគរបាល​ប៉ុស្តិ៍​ឡាបានសៀក និង​ជា​ជំនួយការ​អធិការ​ក្រុង​បានលុង ឈ្មោះ ផន ទុំ ជា​អ្នក​វាយ​ធ្វើ​ទារុណកម្ម​លើ​រូប​គេ ដោយសារ​ខឹង​ថា ជន​ជាប់​ចោទ​មិន​សហការ​ធ្វើ​រនុក​ក្នុង​របស់​ប៉ូលិស ហើយ​ទៅ​ធ្វើ​ចោរ​លួច​ម៉ូតូ។ លោក​ចាត់​ទុក​ការ​វាយ​ធ្វើ​ទណ្ឌកម្ម​របស់​ប៉ូលិស​លើ​កូនប្រុស​គាត់ ថា​ជា​អំពើ​ឃោរឃៅ និង​រំលោភ​សិទ្ធិ​មនុស្ស៖ «ស្នាម​របួស​ដូច​កោស​ខ្យល់​អ៊ីចឹង ប៉ុន្តែ​វា​គ្រាំ​ក្នុង។ សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ឲ្យ​តុលាការ​កាត់​ទោស​តាម​ច្បាប់​សង​ជំងឺ​ចិត្ត​ខ្ញុំ ដើម្បី​មើល​ជំងឺ​កូន​ក្នុង​គុក»

ជន​ជាប់​ចោទ​ឈ្មោះ ពៅ ពីសាន់ អាយុ ២០​ឆ្នាំ ត្រូវ​ប៉ូលិស​ក្រុង​បានលុង សហការ​ជាមួយ​ប៉ូលិស​ខេត្ត​កំពង់ចាម ចាប់​ខ្លួន​នៅ​ផ្ទះ​សំណាក់​មួយ​នៅ​ស្រុក​មេមត់ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ពី​បទ​លួច​ម៉ូតូ​ពី​ខេត្ត​រតនគិរី។ បន្ទាប់​ពី​ការ​ឃាត់​ខ្លួន ជន​ជាប់​ចោទ​ត្រូវ​បញ្ជូន​មក​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បានលុង។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អធិការ​ប៉ូលិស​ក្រុង​បានលុង លោក ហួត បូរី បដិសេធ​ថា​មិន​មាន​មន្ត្រី​ប៉ូលិស​ណា​ម្នាក់​ធ្វើ​ទារុណកម្ម​ជន​ជាប់​ចោទ​នោះ​ឡើយ៖ «គ្មាន​អ្នក​ណា​វាយ​ទេ វា​ចេះ​តែ​ថា អត់​ទេ យក​វា​មក​គ្មាន​អ្នក​ណា​ប៉ះពាល់​វា​ទេ។ វា​ជាប់​គុក​ពីរ​បី​ដង​ហើយ ទើប​ចេញ​ពី​គុក»

ផ្ទុយ​ពី​ការ​អះអាង​នេះ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក លោក ឆាយ ធី អះអាង​ថា មន្ត្រី​អយ្យការ​បាន​ផ្តល់​លទ្ធភាព​ឲ្យ​លោក​បាន​ជួប​ជាមួយ​ជន​ជាប់​ចោទ ខណៈ​ប៉ូលិស​បញ្ជូន​រូប​គេ​ទៅ​តុលាការ។ លោក​ថា ភស្តុតាង​ស្នាម​ជាំ​ច្រើន​កន្លែង​ឃើញ​មាន​នៅ​លើ​ខ្លួន​ជន​ជាប់​ចោទ។ ដោយ​ឡែក​ជន​ជាប់​ចោទ ក៏​បាន​អះអាង​ថា ប៉ូលិស​បាន​វាយ​ទាត់​ធាក់​លើ​រូប​គេ​យ៉ាង​ធ្ងន់ធ្ងរ៖ «គោលការណ៍​ច្បាប់ គឺ​ត្រូវ​បាន​ហាម​ឃាត់​ពី​ការ​ធ្វើ​ទណ្ឌកម្ម បើ​ទោះ​បី​ជា​គាត់​មាន​ទោស​ក៏ដោយ។ ករណី​នេះ យើង​សំណូមពរ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដែរ»

ទាក់ទិន​ករណី​នេះ​ដែរ ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្រ មាន​ប្រសាសន៍​ថា មន្ត្រី​សិទ្ធិ​មនុស្ស​អាច​ធ្វើ​របាយការណ៍​ស៊ើប​អង្កេត និង​រៀបចំ​លិខិត​អន្តរាគមន៍​ដាក់​ជូន​មន្ត្រី​អយ្យការ ប្រសិន​រក​ឃើញ​មាន​ករណី​ធ្វើ​ទារុណកម្ម​នេះ​មែន៖ «អាដហុក​គាត់​មក​អ៊ីចឹង ខ្ញុំ​ថា​ឲ្យ​គាត់​ថត​មើល បើ​ថា​មាន​ភស្តុតាង​គេ​វាយ។ ខ្ញុំ​ថា​ឲ្យ​គាត់​ធ្វើ​របាយការណ៍​ដាក់​ចូល​មក»

យ៉ាង​នេះ​ក្តី ជន​ជាប់​ចោទ ពៅ ពីសាន់ ត្រូវ​បាន​មន្ត្រី​តុលាការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ខេត្ត​រតនគិរី ពី​បទ​ចោរកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។