រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចូល​ឆ្លើយ​បំភ្លឺ​នៅ​សភា​អំពី​រឿង​ថវិកាជាតិ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​ចូល​បំភ្លឺ​អំពី​រឿង​ថវិកាជាតិ​នៅ​សភា តាម​ការ​ស្នើសុំ​របស់​គណៈកម្មការ​ជំនាញ​ទី២។ សមាជិកសភា​មកពី​គណបក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង មិន​មាន​ការជំទាស់ ឬ​ខ្វែងគំនិត​គ្នា​ឡើយ ហើយ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៥ នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​នៅ​ចុងខែ​វិច្ឆិកា​នេះ។

តាម​គម្រោង​នៃ​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា បាន​កំណត់​ថ្ងៃ​ទី​២៤​វិច្ឆិកា គឺជា​ការ​ឆ្លើយ​តប​និង​ពន្យល់​បង្ហាញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ស្ដីពី​ច្បាប់​ថវិកាជាតិ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៥​ទៅលើ​ការ​ព្យាករណ៍​លម្អិត​នៃ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច រួម​ទាំង​ហិរញ្ញវត្ថុ​សាធារណៈ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា អំពី​ស្ថានភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​កត្តា​អវិជ្ជមាន​មួយ​ចំនួន​ដែល​អាច​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ​២០១៥​នោះ មាន​ដូច​ជា អស្ថិរភាព​ទីផ្សារ​ពលកម្ម ការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​កសិផល​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ប៉ុន្តែ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៤ បន្ត​រីកចម្រើន ក្នុង​កម្រិត​ល្អ​ប្រសើរ តាមរយៈ​ការរៀបចំ​គោលនយោបាយ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ទាន់​ពេលវេលា។

តាម​ការ​ប៉ាន់ស្មាន​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​ក្នុង​កំណើន​៧%​ប្រចាំ​ឆ្នាំ ក្នុង​នោះ កំណើន​ពី​វិស័យ​ឧស្សាហកម្ម​១០% សេវាកម្ម​៧% និង​វិស័យ​កសិកម្ម​ប្រមាណ​៣%។ ប៉ុន្តែ​ការ​ចង់​បាន​របស់ សមាជិកសភា​មកពី​គណបក្សប្រឆាំង​វិញ​គឺ​ចង់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បង្ហាញ​អំពី​ឯកសារ​លម្អិត​នៃ​ចំណូល​ចំណាយ​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ។

អនុប្រធាន​ទីមួយ​នៃ​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា​ព័ត៌មាន​ស្ដីពី​ចំណូល​ចំណាយ​រដ្ឋបាល គឺជា​ឯកសារ​ចាំបាច់​បំផុត​សម្រាប់​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាយតម្លៃ ការរៀបចំ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៥។ ប៉ុន្តែ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​វិច្ឆិកា​នៅ​វិមាន​រដ្ឋសភា ភាគី​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនបាន​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​ឯកសារ​លម្អិត​ទាំង​នោះ​ឡើយ ។ សំឡេង

ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាង​ថា ក្រសួង​មិន​មាន​ឯកសារ​លម្អិត​ស្ដីពី របាយការណ៍​ចំណូល​ចំណាយ​ថ្នាក់ក្រោម​ជាតិ​នោះ​ទេ ដោយសារតែ​ការរៀបចំ​ច្បាប់​ថវិកាជាតិ​កន្លងមក គឺ​រៀបចំ​បែប​មជ្ឈការ មានន័យថា កញ្ចប់​ថវិកា​ចំណាយ​ទាំងអស់​គឺ​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ទៅតាម​ក្រសួង​មន្ទីរ​នៅ​តាម​ថ្នាក់​ខេត្ត ។ ម្យ៉ាងវិញទៀត រាល់​ការ​ចំណាយ​ទាំងអស់ រាជរដ្ឋាភិបាល ហាក់​មិនដែល​ទាមទារ​ឯកសារ​លម្អិត​ពី​ថ្នាក់ក្រោម​ជាតិ​នោះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៥ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អាមេរិក សភា​គ្រោង​នឹង​អនុម័ត​នៅ​ចុងខែ​វិច្ឆិកា​ដោយ​គ្មាន ការ​តវ៉ា​ពី​គណបក្សប្រឆាំង​ឡើយ​។ ការ​អនុម័ត​ដោយ​រលូន​នេះ ដោយសារតែ​ក្រសួង​សេដ្ឋកិច្ច បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ពង្រឹង​លើ​ការ​ប្រមូល​ពន្ធ​បន្ថែម និង​កំណែទម្រង់​ច្បាប់​ថវិកាជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត រួម​ទាំង​បង្កើត​ឲ្យ​មាន​បទដ្ឋាន​រួមគ្នា សម្រាប់​រៀបចំ​ច្បាប់​ថវិកាជាតិ​ឲ្យ​បាន នៅ​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។