អង្គការអន្តរជាតិមួយរកឃើញថា លុយរាប់ពាន់លានដុល្លារអាមេរិក បានហូរចេញពីកម្ពុជា ដោយខុសច្បាប់ក្នុងមួយឆ្នាំៗ តាមរយៈសកម្មភាពពាណិជ្ជកម្ម។ ទំហំទឹកប្រាក់ដែលកម្ពុជា បាត់បង់ គឺជាចំណែកតូចមួយនៃទឹកប្រាក់សរុបជាង ១លានលានដុល្លារអាមេរិក ហូរចេញដោយខុសច្បាប់ពីបណ្ដាប្រទេសក្រីក្រជាង ១០០ នៅលើពិភពលោក ដែលអង្គការនោះបានសិក្សា។
អង្គការសុចរិតភាពហិរញ្ញវត្ថុសកល (Global Financial Integrity) ហៅកាត់ថា (GFI) រកឃើញថា កម្ពុជាបានបាត់បង់ទឹកប្រាក់សរុបប្រមាណជាង ១៥ប៊ីលាន ឬ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ ដោយសារលំហូរសាច់ប្រាក់ដោយខុសច្បាប់ទៅក្រៅប្រទេស។ ក្នុងនោះ ចំនួនទឹកប្រាក់ដែលបាត់បង់ច្រើនជាងគេ គឺនៅឆ្នាំ២០១៣ ដែលមានចំនួនប្រមាណជាង ៤ប៊ីលាន ឬ ៤ពាន់លានដុល្លារ។ ចំនួននេះច្រើនជាងថវិកាជាតិសរុបដែលកម្ពុជា បានចំណាយនៅឆ្នាំ២០១៣ ទៅទៀត ដែលកាលនោះមានចំនួនជាង ៣ពាន់លានដុល្លារអាមេរិក។
របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់អង្គការ GFI មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) ត្រូវបានចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ។ របាយការណ៍ប្រចាំឆ្នាំនេះ បានគណនាចំនួនទឹកប្រាក់ខាតបង់ចន្លោះពីឆ្នាំ២០០៤ ដល់២០១៣ ដោយផ្អែកលើទិន្នន័យពាណិជ្ជកម្មដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ទទួលបានពីប្រទេសចំនួន១៤៩។
ក្នុងរបាយការណ៍ឆ្នាំ២០១៥នេះ កម្ពុជាឈរនៅលេខរៀងទី៦១ ជាប្រទេសខាតបង់ទឹកប្រាក់ជាមធ្យមជាង ១,៥ប៊ីលានដុល្លារក្នុងមួយឆ្នាំ (១៥៩លានដុល្លារក្នុងមួយឆ្នាំ) ដោយសារលំហូរសាច់ប្រាក់ដោយខុសច្បាប់នេះ។ ប្រៀបធៀបនឹងបណ្ដាប្រទេសអាស៊ានដទៃ កម្ពុជាមានចំណាត់ថ្នាក់ល្អជាងប្រទេសភាគច្រើន ក៏ប៉ុន្តែអាក្រក់ជាងមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលខាតបង់ទឹកប្រាក់ជាមធ្យមប្រមាណជិត ៧០០លានដុល្លារក្នុងមួយឆ្នាំ។
ទិន្នន័យក្នុងរបាយការណ៍បង្ហាញថា កត្តាដែលបណ្ដាលកម្ពុជា បាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងលំហូរពាណិជ្ជកម្ម គឺភាគច្រើនពាក់ព័ន្ធនឹងការចេញវិក្កយបត្រមិនត្រឹមត្រូវ មានន័យថា តម្លៃនៅលើវិក្កយបត្រខុសពីតម្លៃជាក់ស្ដែងនៃផលិតផលនាំចេញ ឬនាំចូល ដែលអ្នករកស៊ីបានរាយការណ៍ទៅអាជ្ញាធរ។
របាយការណ៍លើកឡើងថា នេះជាលើកដំបូងហើយដែលអង្គការនេះទទួលបានទិន្នន័យពាណិជ្ជកម្មពីកម្ពុជា ដើម្បីគណនា ដោយប្រៀបធៀបជាមួយនឹងទិន្នន័យបានពីប្រទេសដៃគូពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា។
ក្នុងរបាយការណ៍ឆ្នាំ២០១៥នេះ កម្ពុជាឈរនៅលេខរៀងទី៦១ ជាប្រទេសខាតបង់ទឹកប្រាក់ជាមធ្យមជាង ១,៥ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ (១.៥០៩លានដុល្លារ) ដោយសារលំហូរសាច់ប្រាក់ខុសច្បាប់ក្នុងសកម្មភាពពាណិជ្ជកម្ម។ ប្រៀបធៀបនឹងបណ្ដាប្រទេសអាស៊ានដទៃ កម្ពុជាមានចំណាត់ថ្នាក់ល្អជាងប្រទេសភាគច្រើន ក៏ប៉ុន្តែអាក្រក់ជាងប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលខាតបង់ទឹកប្រាក់ជាមធ្យមប្រមាណជិត ៧០០លានដុល្លារក្នុងមួយឆ្នាំ។
ទិន្នន័យក្នុងរបាយការណ៍បង្ហាញថា កត្តាបណ្ដាលកម្ពុជា បាត់បង់ទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងលំហូរពាណិជ្ជកម្ម គឺភាគច្រើនពាក់ព័ន្ធនឹងការចេញវិក្កយបត្រមិនត្រឹមត្រូវ មានន័យថា តម្លៃនៅលើវិក្កយបត្រខុសពីតម្លៃជាក់ស្ដែងនៃផលិតផលនាំចេញ ឬនាំចូលដែលអ្នករកស៊ីបានរាយការណ៍ទៅអាជ្ញាធរ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាននៅឡើយទេនៅថ្ងៃទី១០ ខែធ្នូ ដោយលោកកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏មិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយដែរនៅថ្ងៃទី១០ ធ្នូ។
អនុប្រធានគណៈកម្មការធនាគារនិងហិរញ្ញវត្ថុនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានសេចក្ដីលម្អិតនៃរបាយការណ៍នោះនៅឡើយ តែលោកយល់ថា ទឹកប្រាក់ខាតបង់ដែលរបាយការណ៍បានរកឃើញជាការបាត់បង់ដ៏ធំធេងដល់សេដ្ឋកិច្ចជាតិ។ លោកយល់ថា បញ្ហាវិក្កយបត្រពាណិជ្ជកម្មមិនត្រឹមត្រូវក្នុងសកម្មភាពពាណិជ្ជកម្មគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀត ដែលជាលទ្ធផលនៃការអនុវត្តច្បាប់មានភាពធូររលុង៖ «បញ្ហាដែលសំខាន់ គឺយន្តការគ្រប់គ្រងការហូរចេញនូវធនធានទៅក្រៅហ្នឹង គឺដោយសារការអនុវត្តច្បាប់ហ្នឹងតែម្ដង។ តាមធនាគារយើងឃើញហើយ មានធនាគារមួយចំនួនដែលមិនមានការអនុវត្តតាមស្តង់ដារអន្តរជាតិ ហើយទីពីរ គឺរបៀបយន្តការគ្រប់គ្រងយើង។ យើងដឹងហើយតាមច្រកផ្សេងៗតាមស្អីផ្សេងៗ ក៏មិនទាន់មានការអនុវត្ត។ សំខាន់ គឺការពង្រឹងការអនុវត្តច្បាប់»។
ស្រដៀងគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា ការបាត់បង់ថវិកាជាតិដ៏ច្រើននេះ បណ្ដាលមកពីអំពើពុករលួយដែលកើតមាននៅគ្រប់វិស័យ។ លោកបានលើកឡើងពីការស្រាវជ្រាវរបស់ស្ថាប័នមួយចំនួនកន្លងទៅដែលរកឃើញថា អំពើពុករលួយនេះជាបញ្ហាប្រឈមចម្បងសម្រាប់វិស័យពាណិជ្ជកម្មនៅកម្ពុជា៖ «សំខាន់ គឺប្រព័ន្ធសុចរិតភាពនៅផ្នែកតុលាការ អ្នកអនុវត្តច្បាប់នៅសភាហ្នឹងវាទាប។ មានចំណុចខ្លះខ្សោយណាស់ ពិន្ទុហ្នឹងវាក្រោម ២០ បើគេឲ្យពិន្ទុ ១០០។ អ៊ីចឹងកាលណាប្រព័ន្ធសុចរិតភាពហ្នឹងវាទាប វាបង្កឲ្យបរិយាកាសឲ្យមានអំពើពុករលួយហ្នឹងវាខ្ពស់ហើយ ការបាត់បង់ថវិកាជាតិហ្នឹងវាខ្ពស់ហើយ»។
របាយការណ៍របស់អង្គការសុចរិតភាពហិរញ្ញវត្ថុសកល ប៉ាន់ប្រមាណថា ទំហំទឹកប្រាក់ខុសច្បាប់សរុបដែលហូរចេញពីប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់បានកើនដល់ជាង ១ទ្រីលាន ឬជាង ១លានលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ខណៈមនុស្សរាប់សិបលាននាក់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងរស់នៅក្នុងភាពក្រីក្រ។
ប្រធានអង្គការសុចរិតភាពហិរញ្ញវត្ថុសកល លោក រ៉េមន ប៊េកឃ័រ (Raymond W. Baker) លើកឡើងក្នុងរបាយការណ៍នោះថា ប្រាក់ចំណូលបានពីការប្រមូលពន្ធលើសកម្មភាពពាណិជ្ជកម្មឲ្យបានត្រឹមត្រូវអាចមានចំនួនរាប់សិបរយពាន់លានដុល្លារ ដែលអាចបែងចែកសម្រាប់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ។
លោកប្រៀបប្រដូចទឹកប្រាក់ទាំងនេះទៅនឹងផ្លែឈើដែលរដ្ឋាភិបាលអាចបេះបានយ៉ាងលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាត្រឹមត្រូវ និងយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់។ លោកបន្តថា រដ្ឋាភិបាលប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់គួរតែផ្ដោតការយកចិត្តទុកដាក់ជាដំបូងទៅលើការដោះស្រាយបញ្ហាវិក្កយបត្រពាណិជ្ជកម្មមិនត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
