យ៉ាងហោចណាស់មានមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៥នាក់ទៀត រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ ២ករណីផ្សេងគ្នា នៅយប់ថ្ងៃទី៩ និងព្រឹកថ្ងៃទី១០ ខែឧសភា។
ហេតុការណ៍នៅយប់ថ្ងៃទី៩ ខែឧសភា គឺកើតឡើងក្នុងផ្ទះលក់ចាប់ហួយ ១ខ្នង ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមថា បណ្ដាលមកពីម្ចាស់ផ្ទះឈ្មោះ ម៉ូវ កេង បានដុតទៀនបំភ្លឺក្នុងផ្ទះក្បែរកានដាក់សាំងលក់ នៅពេលដែលចរន្តអគ្គិសនីដាច់ ភ្លាមនោះស្រាប់តែទៀនដួលរលំប៉ះនឹងសាំង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោងប្រមាណជា ៧ និង ៤០នាទីយប់ និងបណ្ដាលអោយក្មេងស្រីម្នាក់ស្លាប់។
អធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ថា ក្មេងស្រីម្នាក់ដែលស្លាប់នោះ គឺមានឈ្មោះ ណារី ណាវី អាយុ ៤ឆ្នាំ និងអ្នករងរបួសទាំង ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ចំណែកហេតុការណ៍មួយទៀត កើតឡើងនៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី១០ ខែឧសភា ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អគ្គិភ័យដែលបង្កឡើងដោយការផ្ទុះធុងហ្គាស៍ បណ្ដាលឲ្យឆាបឆេះផ្ទះចំនួន ៣ល្វែង និងស្លាប់មនុស្សប្រុសម្នាក់។ យ៉ាងណា ខាងសមត្ថកិច្ចនៅមិនទាន់បូកសរុបនៃការខូចខាតបណ្ដាលមកពីអគ្គិភ័យឆាបឆេះទាំងពីរករណីនេះនៅឡើយទេ រហូតមកដល់ព្រលប់ថ្ងៃទី១០ ខែឧសភា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
