ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ថា ភ្លើងបានឆេះហាង និងតូបលក់ដូររបស់ជនបរទេសមានទីតាំងនៅតាមបណ្ដោយឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ អស់ចំនួន ៥តូប ឬហាង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧។
សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ភ្លើងឆេះនេះ អាចបណ្ដាលមកពីម៉ាស៊ីនភ្លើងដែលជនបរទេសបញ្ឆេះនៅអំឡុងពេលមូលដ្ឋានខេត្តព្រះសីហនុ ដាច់ភ្លើងប្រមាណ ២ម៉ោង ផ្ទុះឆេះបង្កឲ្យមានអណ្ដាតភ្លើងឆេះរាល ទៅលើហាង ឬតូបលក់ដូររបស់ពួកគេ ដែលធ្វើពីស្លឹកប្រក់ស្បូវ។
លោក ជួន ណារិន្ទ បន្ថែមថា អគ្គិភ័យនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ប៉ុន្តែផ្ទះចំនួន ៥ខ្នង ត្រូវបំផ្លាញ ហើយពេលនេះ សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធបានគ្រប់គ្រងស្ថានការណ៍ពន្លត់ភ្លើងបានជាស្ថាពរ ដោយប្រើរថយន្តពន្លត់ភ្លើងមកពីស្ថាប័នរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងរថយន្តពន្លត់អគ្គិភ័យកំពង់ផែស្វយ័តខេត្តព្រះសីហនុ៖ «ដំបូងហ្នឹង គឺភ្លើងនៅខេត្តយើងនេះដាច់ប្រហែលជាជាង ២ម៉ោង ហើយទំនងជានៅពេលដាច់ភ្លើងក៏មានការបញ្ឆេះម៉ាស៊ីនភ្លើងរបស់គាត់ ហើយប្រហែលជាពេលនោះអាចផ្ទុះបំពង់ស៊ីមាំង ហើយនិងប្រេង វាបែកផ្កាភ្លើងក៏ឆាបឆេះឡើង ព្រោះនៅខាងណោះសុទ្ធតែប្រក់ស្បូវ»។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ឲ្យប្រុងប្រយ័ត្នអំពីអគ្គិភ័យដែលអាចនឹងកើតមាននៅតាមផ្ទះរៀងៗខ្លួន ព្រោះរដូវនេះជារដូវក្ដៅ ហើយមានខ្យល់បោកបក់ជាប់មិនដាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
