អង្គភាពនគរបាលពន្លត់អគ្គិភ័យបានឲ្យដឹងថា ៨ខែដើមឆ្នាំ២០១៥ ករណីអគ្គិភ័យមានរហូតជិត ១០០ករណី ដែលចំនួននេះកើនឡើងជាងឆ្នាំមុន។ អង្គភាពនគរបាលពន្លត់អគ្គិភ័យចាត់ទុកថា ការកើនឡើងនេះ ជាសញ្ញាអវិជ្ជមាន និងជាក្ដីបារម្ភដែលដាស់តឿនប្រជាពលរដ្ឋកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ការលើកឡើងរបស់អង្គភាពនគរបាលពន្លត់អគ្គិភ័យនៅពេលនេះ ធ្វើឡើងបន្ទាប់ពីផ្ទះប្រជាពលរដ្ឋជិត ៤០ខ្នង ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុងនៅថ្ងៃទី២៥ ខែសីហា។
លោកវរសេនីយ៍ឯកនៃស្នងការរងសាលារាជធានីភ្នំពេញ ទទួលបន្ទុកជំនាញអាវុធជាតិផ្ទុះ និងពន្លត់អគ្គិភ័យ លោក នេត វន្ថា បានប្រាប់វិទ្យុអាស៊ីសេរីថា អគ្គីភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់ច្បារអំពៅ អស់ជិត ៤០ខ្នង (៣៦) ភាគច្រើនជាផ្ទះធ្វើពីឈើ និងឈើលើថ្មក្រោម ហើយលោកថា អគ្គិភ័យនេះមិនបណ្ដាលឲ្យមានអ្នករងរបួស និងបាត់បង់ជីវិតនោះទេ ខណៈដែលអាជ្ញាធរកំពុងតែជួយពន្លត់អគ្គិភ័យ។
ទោះជាយ៉ាងណា លោក នេត វន្ថា ថា ហេតុការណ៍អគ្គិភ័យនៅក្នុងសង្កាត់ច្បារអំពៅ ដែលបានកើតឡើងនៅម៉ោងជាង ១១ព្រឹកនោះ លោកមិនទាន់អាចបញ្ជាក់ពីមូលហេតុច្បាស់ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ។ ជាងនេះទៀត ស្នងការរងសាលារាជធានីភ្នំពេញ ទទួលបន្ទុកជំនាញអាវុធជាតិផ្ទុះ និងពន្លត់អគ្គីភ័យ លោក នេត វន្ថា បានឲ្យដឹងបន្តថា សម្រាប់រាជធានីភ្នំពេញ ករណីអគ្គីភ័យមានរហូតជិត ១០០ករណី (៩៨) បើគិតត្រឹមខែសីហា នៅក្នុងឆ្នាំ២០១៥។
លោកថា ចំនួននេះកើនឡើងជាងឆ្នាំ២០១៤ មានរយៈពេលរហូតដល់ ១ឆ្នាំ ករណីអគ្គិភ័យមានត្រឹមតែជាង ៧០ករណីប៉ុណ្ណោះ៖ «សម្រាប់នៅរាជធានីភ្នំពេញ អគ្គិភ័យឆាប់ឆេះផ្ទះ និងរោងចក្រ សហគ្រាស មានការកើនឡើង បើយើងបូកបញ្ចូលទាំងករណីអគ្គិភ័យនៅសង្កាត់ច្បារអំពៅ កាលពីព្រឹក (២៥ សីហា) ហើយអគ្គិភ័យមានរហូតដល់ ៩៨ករណី ហើយក្នុងនោះដែរ មានអ្នកស្លាប់ និងរបួសរហូតដល់ ៨នាក់ ដែលក្នុងនោះស្រី ៣នាក់ និងប្រុស ២នាក់»។
អង្គភាពពន្លត់អគ្គិភ័យអះអាងថា មូលហេតុចម្បងដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើង ភាគច្រើនមកពីការឆ្លងចរន្តអគ្គិសនីជាង ៦០ភាគរយ (៦៥%) ជាង ៣០ភាគរយ (៣៥%) មកពីការប្រើប្រាស់ប្រេងឥន្ធនៈ និងហ្គាស និង ១០%ទៀតបណ្ដាលមកពីកង្វះការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា អង្គភាពពន្លត់អគ្គីភ័យមិនទាន់អាចសរុបជាទ្រព្យសម្បត្តិ និងថវិកាជាក់ស្ដែងដែលខាតបង់ចំពោះការកើនឡើងនៃចំនួនករណីអគ្គីភ័យបានឡើយបើគិតត្រឹម ៨ខែ ដើមឆ្នាំ២០១៥។ ជាងនេះទៀត អង្គភាពពន្លត់អគ្គីភ័យ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការប្រើប្រាស់គ្រឿងអេឡិចត្រូនិក ប្រេងឥន្ធនៈទុកដាក់នៅក្នុងផ្ទះ ដែលខ្វះការប្រុងប្រយ័ត្ន អាចធ្វើឲ្យឆាបឆេះ និងឧបករណ៍ដទៃទៀតដែលងាយស្រួលបង្កគ្រោះថ្នាក់អគ្គីភ័យណាមួយកើតឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
