បុរស​ម្នាក់​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ទួលសង្កែ

មន្ត្រី​ពន្លត់​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និយាយ​ថា បុរស​ម្នាក់​វ័យ​ជាង ៤០​ឆ្នាំ ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ជប៉ុន បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ ក្នុង​សង្កាត់​ទួលសង្កែ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ទោ នេត វន្ថា ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ម៉ោង​ប្រមាណ ២​រសៀល ថ្ងៃ​ទី២១ ឧសភា អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង ដែល​មាន​ទំហំ ៣x៦​ម៉ែត្រ បណ្ដាល​ឲ្យ​ខូចខាត​ទាំង​ស្រុង។ លោក​បន្ត​ថា គិត​មក​ដល់​ពេល​នេះ អគ្គីភ័យ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​វេលា ពុំ​បាន​រាល​ដាល​ដល់​លំនៅឋាន​ជិត​ខាង​នោះ​ទេ។

លោក នេត វន្ថា បញ្ជាក់​ថា មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​អគ្គីភ័យ​ឆាបឆេះ​នេះ គេ​នៅ​មិន​ទាន់​រក​មូលហេតុ​ឃើញ​នៅ​ឡើយ។ ទោះ​ជា​បែប​ណា លោក​បញ្ជាក់​ថា អគ្គីភ័យ​នេះ​ទំនង​អាច​ជាប់​ទាក់ទង​នឹង​បុរស​ម្ចាស់​ផ្ទះ ព្រោះ​បុរស​រូប​នេះ​មាន​ជំងឺ​សម្ពាធ​បេះដូង ដែល​មិន​អាច​ព្យាបាល​បាន។ ក្រោយ​ពី​អគ្គីភ័យ​ត្រូវ​បាន​ពន្លត់​ទាំង​ស្រុង គេ​រក​ឃើញ​ទ្វារ​ត្រូវ​ចង​ខ្សែ​ពី​ខាង​ក្នុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។

លោក នេត វន្ថា៖ «រឿង​ហ្នឹង​វា​ស្មុគស្មាញ​ដែរ ខ្ញុំ​មិន​ទាន់​ហាន​ថា​វា​មក​ពី​មូលហេតុ​ច្បាស់​លាស់​ទេ។ ប៉ុន្តែ​គ្រាន់​ថា​ខ្ញុំ​សូម​បើក​វង់ក្រចក​ដាក់​ថា កំពុង​ស្រាវជ្រាវ​សិន។ ខ្ញុំ​សូម​អះអាង​ពាក់ព័ន្ធ​ទៅ​លើ​មូលហេតុ​ដែល​បង្ក​នេះ គឺ​យើង​ឃើញ​ពិនិត្យ​ជា​រួម​ទៅ ពាក់ព័ន្ធ​នឹង​ខ្សែ​ភ្លើង​ក៏​ដូច​ជា​មិន​មាន ហើយ​ពាក់ព័ន្ធ​ទៅ​លើ​ការ​ផ្ទុះ​កំប៉ុង​ហ្គាស៍ ដូច​ជា​មិន​មាន។ ប៉ុន្តែ​ពិនិត្យ​ជា​រួម​ទៅ គឺ​បុគ្គល​ហ្នឹង​ដែល​ជា​បុគ្គលិក​មន្ទីរពេទ្យ​ជប៉ុន ហ្នឹង គឺ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​មួយ គឺ​ជំងឺ​អាដែង​សម្ពាធ​បេះដូង មិន​អាច​ព្យាបាល​បាន។ ហើយ​ថ្ងៃ​កើត​ហេតុ​ទៀត​សោត គាត់​ទទួល​គ្រឿង​សុរា​ស្រវឹង។ ពេល​ដែល​កំពុង​តែ​ហូប​ស្រា​ហ្នឹង គាត់​ដេញ​ប្រពន្ធ​គាត់​ទៅ​ទិញ​មី ទិញ​ស៊ុប មក​ឲ្យ​គាត់​ដើម្បី​ហូប​បន្ត។ អ៊ីចឹង​ពេល​ប្រពន្ធ​ចេញ​ទៅ​ផុត គឺ​យើង​ឃើញ​មាន​ចំណង​ចង​ពី​ខាង​ក្នុង ក្នុង​ផ្ទះ​មាន​ខ្សែ​លួស។ ចង​ទ្វារ​មិន​ឲ្យ​ចូល​បាន ហើយ​អ៊ីចឹង​ក៏​មាន​អគ្គីភ័យ​កើត​ឡើង​តែ​ម្ដង​ទៅ»

គិត​មក​ដល់​ពេល​នេះ សម្ភារៈ​ត្រូវ​បាត់បង់ រួម​មាន ម៉ូតូ​ម៉ាក​សង់​ការ៉េ​មួយ​គ្រឿង គ្រែ​មួយ និង​តូប​លក់​គ្រឿងទេស​មួយ​កន្លែង និង​ផ្ទះ​ទំហំ ៣x៦ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។