កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា មានអគ្គិភ័យមួយបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត ១០ខ្នង ជិតផ្សារប៉េសេ រាជធានីភ្នំពេញ។ មកដល់ល្ងាចថ្ងៃដដែល មន្ត្រីជាន់ខ្ពស់ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់វិទ្យុអាស៊ីសេរី ថា កម្លាំងសមត្ថកិច្ចកំពុងស្វែងរកម្ចាស់ផ្ទះសិប្បកម្មមួយកន្លែង ដែលជាផ្ទះបង្កអគ្គិភ័យ ដើម្បីសាកសួរតាមនីតិវិធីច្បាប់។
ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ លោក នេត វត្ថា មានប្រសាសន៍ថា អគ្គិភ័យនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ប៉ុន្តែវាបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋគិតជាទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា អាជ្ញាធរកំពុងចាត់វិធានការបន្តទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ៖ «រថយន្តយើងខ្ញុំចេញទៅ ១៤គ្រឿង និងស្រាបៀកម្ពុជា ១គ្រឿង ធ្វើប្រតិបត្តិការ ១ម៉ោងជាង ខូចផ្ទះ ៦ខ្នង និងរោលហ្នឹង ៣ខ្នងទៀត។ ពលរដ្ឋហ្នឹងឆេះផ្ទះម្តងហើយ តែគេជួយទាន់ ទើបលើកនេះជាមហន្តរាយធំ។ យើងកំពុងសហការជាមួយមេភូមិ និងមេប៉ុស្តិ៍ ព្រោះផ្ទះប្រធានភូមិ និងផ្ទះសេនាជនក្នុងភូមិគាត់ហ្នឹង ក៏ឆេះដូចគ្នាដែរ»។
របាយការណ៍របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញថា រយៈពេលកន្លះឆ្នាំនេះ មានភ្លើងឆេះផ្ទះចំនួន ៤៥ករណី បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងខូចខាតទ្រព្យសម្បត្តិរាប់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
