អគ្គិភ័យ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​បន្ត​កើត​ឡើង​ច្រើន​ក្នុង​ពិធី​ចូលឆ្នាំ​រយៈពេល​៣​ថ្ងៃ

0:00 / 0:00

មន្ត្រី​ទទួលបន្ទុក​ពន្លត់​អគ្គិភ័យ និង​មន្ត្រី​ធ្វើការ​ពាក់ព័ន្ធ​នឹង​ចរាចរ​ណ៍លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ ​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្វះ​ការប្រុងប្រយ័ត្ន។ មន្ត្រី​ទទួលបន្ទុក​ពន្លត់ អគ្គិភ័យ និង​មន្ត្រី​ធ្វើការ​ពាក់ព័ន្ធ​នឹង​ចរាចរណ៍​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្វះ​ការប្រុងប្រយ័ត្ន។

មន្ត្រី​ទទួលបន្ទុក​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ​ថា ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល ​៣​ថ្ងៃ មាន​ភ្លើង​ឆេះ​ផ្ទះ​អស់​ជាង ​៦០​ខ្នង​នៅ​ខែត្រ​ក្រុង​ចំនួន​៤។

ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ត្រី នេត វន្ថា មាន​ប្រសាសន៍ថា គិត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ មេសា មាន​ភ្លើង​ឆេះ​ផ្ទះ​ ៤​ករណី​ក្នុង​នោះ​មាននៅ​ខែត្រ​ក្រចេះ​ ឆេះ ​៦​ខ្នង ខែត្រ​មណ្ឌលគិរី​ ១​ខ្នង និង​នៅ​រាជធានី​ភ្នំពេញ ​ឆេះ​ផ្ទះ នៅ​សង្កាត់​ចាក់អង្រែលើ​កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ​មេសា អស់​ផ្ទះ ​៥៥​ខ្នង។ លោក​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ នៅ​ចាក់អង្រែលើ​នេះ សមត្ថកិច្ច​ពុំ​ទាន់​រក​ពី​មូលហេតុ​ឃើញច្បាស់​លាស់​នៅឡើយ​៖ «នៅ​ខែត្រ​គាត់​ដុត​ស្មៅ​ក្បែរ​ផ្ទះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន សម្ដេច​ក្រឡាហោម អគ្គស្នងការ​តែងតែ​ណែ​នាំ​ឲ្យ​ប្រុងប្រយ័ត្ន តែ​ប្រជាពលរដ្ឋ​ដូច​ជា​ពឹង​ផ្អែក​លើ​មន្ត្រី​ជំនាញ​ទាំង​ស្រុង»

រីឯ​គ្រោះថ្នាក់​ចរាចរណ៍​វិញ អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ លោក​ឧត្ដមសេនីយ៍​ទោ ទី ឡុង បញ្ជាក់​ថា ខាង​លោក​មិនទាន់​បូកសរុប​របាយការណ៍​ក្នុង​រយៈពេល ​៣​ថ្ងៃនេះ​នៅឡើយ​ទេ ម្យ៉ាង​លោក​កំពុង​រវល់​រៀបចំ​សណ្ដាប់ធ្នាប់​ខែត្រ​សៀមរាប​ ក្នុង​កម្មវិធី​អង្គ​សង្ក្រាន្ត។ ទោះជា​យ៉ាង​នេះ​ក្ដី លោក​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ មេសា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ ៨​នាក់៖ «យើង​រាយការណ៍​ពី​គ្រោះថ្នាក់ ១​ថ្ងៃៗ​ជូន តែ​ពេល​បូក​សរុប​ប្រចាំ​ថ្ងៃ​បញ្ចប់​ប្រហែល​ថ្ងៃ​ទី​១៧ (មេសា) អី​ឯ​ណោះ»

រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា មានប្រសាសន៍ថា ខាង​លោក​ក៏​មិនទាន់​បូកសរុប​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅឡើយ រង់ចាំ​រហូតដល់​ពិធី​ចូលឆ្នាំ​បញ្ចប់។ លោក​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នឹង​អាច​កើតមានឡើង​ច្រើន​ដដែល នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ដោយសារ​សមត្ថកិច្ច​ហាក់​ដូចជា​មិន​រឹត​បន្តឹង​នៅ​តាម​ផ្លូវ​នានា​ដូច​ខ្លួន​ធ្លាប់​បាន​ប្រកាស​នៅមុន​ពិធី​ចូលឆ្នាំ​បាន​មកដល់​នោះ​ទេ។ លោក​បញ្ជាក់​ថា ករណី​នេះ​អាច​ថា​សមត្ថកិច្ច​ ឬ នគរបាល​ចរាចរ​ប្រមូល​គ្នា​ទៅ​រៀបចំ​នៅ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​ខែត្រ​សៀមរាប។

ចំពោះ​បញ្ហា​អគ្គិភ័យ​វិញ លោក នេត វន្ថា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន ដើម្បី​ជៀស​ផុត​ពី​បញ្ហា​អគ្គិភ័យ​នេះ។ លោក​បញ្ជាក់​ថា នៅ​ពេល​ខាងមុខ​ប្រសិនបើ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​នឹង​ត្រូវ​ប្រឈមមុខ​ការ​ដាក់​ទោស​ទណ្ឌ បើ​សិន​នៅតែ​ធ្វេសប្រហែស​ទៀត។

លោក​ពន្យល់​ថា ភ្លើង​ឆេះ​ផ្ទះ​នៅ​ចាក់អង្រែលើ​ដែល​បង្ក​ឲ្យ​ឆេះ​ផ្ទះ​ជាង ​៥០​ខ្នង​នោះ ដោយសារ​តែ​នៅ​តំបន់​នោះ ជា​តំបន់​សំណង់​មិន​រៀបរយ ហើយ​គ្មាន​ផ្លូវ​សម្រាប់​ឲ្យ​រថយន្ត​អគ្គិភ័យ​ចូល​ទៅ​ពន្លត់​បាន។ លោក​បន្ថែម​ថា រដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​ស្ដីពី​ការសាងសង់​លំនៅឋាន​ឲ្យ​មាន​និយាម ឬ​ស្តង់ដារ​នៅ​ពេល​ខាងមុខ៖«ការងារ ​សាងសង់​សំណង់ មុន​សាងសង់​ត្រូវ​មាន​អ្នក​ជំនាញ​ត្រួត​ពិនិត្យ និង​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ការ​សាងសង់ ហើយ​បើ​មិន​មាន​បំពាក់​បំពង់ ឬ​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ទេ យើង​នឹង​មិន​អនុញ្ញាត។ ទី​២ ការ​ដឹក​ជញ្ជូន ឬ​កន្លែង​ស្តុក​ប្រេងឥន្ធនៈ លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ»

លោក នេត វន្ថា អះអាង​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ​១១៨​គ្រឿង ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ មាន ​៤៨​គ្រឿង ហើយ​រដ្ឋាភិបាល​បាន​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​នេះ ​បន្ថែម​ជាង ១០០​គ្រឿង (១១៣​គ្រឿង) ទៀត ដែល​នឹង​យក​មក​ដល់​កម្ពុជា ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញ​ថា គ្រោះ​អគ្គីភ័យ​អំឡុង​ពេល​ចូលឆ្នាំ​ចិន-វៀតណាម មាន​ចំនួន ១៤​លើក​នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ចំនួន ១២០​ខ្នង។

រីឯ​របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ទី​១០ ខែ​កុម្ភៈ បាន​កើតឡើង​ចំនួន ៨០​លើក សម្លាប់​មនុស្ស ៤១​នាក់ និង​របួស​ចំនួន ១៣៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។