ស្ត្រីបម្រើការងារនៅក្លឹបកម្សាន្ត ស្កាយ ផត (Sky Port) ម្នាក់ ឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីយប់ថ្ងៃទី១៨ កញ្ញា ថា នៅខណៈភ្លើងកំពុងឆេះក្លឹបកម្សាន្តនេះ ពេលអគ្គីភ័យផ្ដើមឆេះដំបូង អ្នកគ្រប់គ្រងក្លឹប បានបិទរបងមិនឲ្យភ្ញៀវ និងបុគ្គលិកចេញក្រៅបរិវេណទេ។ ស្ត្រីដដែលពន្យល់ថា មូលហេតុដែលគេបិទរបងនេះ ព្រោះខ្លាចភ្ញៀវរត់ចេញមកក្រៅមិនឲ្យលុយថ្លៃច្រៀងខារ៉ាអូខេ។
ស្ត្រីដែលបានឃើញហេតុការណ៍នេះបន្តថា ភ្លើងបានឆេះចេញពីជាន់លើ។ ប្រភពបន្តថា នៅពេលរបងក្លឹបត្រូវបិទដូចនេះ អ្នកខ្លះបានឡើងលើរបងដើម្បីរត់ចេញ ហើយអ្នកផ្សេងទៀតបានរុញទម្លុះរបងដើម្បីចេញក្រៅ ស្របពេលដែលមានអណ្ដាតភ្លើង និងផ្សែងខ្មៅហុយខ្មួលខ្មាញពេញហាង។
ក្លឹបកម្សាន្ត ស្កាយ ផត មានទីតាំងកែងផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ អគ្គីភ័យចាប់ផ្ដើមឆេះកាលពីម៉ោងជាង ៨យប់ និងត្រូវពន្លត់ដោយប៉ូលិស និងទាហានកងពលតូចលេខ៩០ ដែលនៅក្បែរនោះ នៅម៉ោងជាង ១០ ក្នុងរាត្រីដដែល។ សមត្ថកិច្ចប្រើឡានជិត ២០គ្រឿងដើម្បីពន្លត់។
ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកពន្លត់អគ្គីភ័យ លោក នេត វន្ថា ឲ្យដឹងថា របាយការណ៍បឋមដែលទទួលបាន គ្មានមនុស្សស្លាប់ ឬរបួសនៅក្នុងហេតុការណ៍នេះទេ ប៉ុន្តែខូចខាតទ្រព្យសម្បត្តិខ្លះៗនៅក្នុងហាង។ លោកបន្តថា អគ្គីភ័យផ្ដើមឆេះដំបូងចេញពីបន្ទប់មួយក្នុងចំណោមបន្ទប់ទាំង១០ ដែលកំពុងតែមានភ្ញៀវច្រៀងខារ៉ាអូខេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
