"ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មាន​ភាព​ប្រសើរ​ជាង​រាល់​ឆ្នាំ"

0:00 / 0:00

ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប បញ្ចប់​ទៅ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៤ សីហា ដោយ​បេក្ខជន​ខ្លះ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រឡង​នោះ ហើយ​ខ្លះ​ទៀត​ហាក់​មិន​សប្បាយ​ចិត្ត​ចំពោះ​កា​រឹត​បន្តឹង​ហួសហេតុ​ពេក​របស់​ក្រសួង​ចំពោះ​ការ​ប្រឡង​នៅ​ឆ្នាំ​នេះ​ទេ។

យ៉ាង​ណា​មន្ត្រី​ក្រសួង​អប់រំ​គិត​ថា នេះ​ជា​ការ​កែទម្រង់​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​អប់រំ​ឲ្យ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ការ​ប្រឡង​នៅ​ថ្ងៃ​ដំបូង​នេះ មាន​ភាព​មិន​ប្រក្រតី​ខ្លះ​ដែរ ដោយ​មាន​បេក្ខជន​បន្លំ ២​នាក់ ទៅ​ប្រឡង​ជំនួស​បង​ប្អូន ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ចាត់​វិធានការ​តាម​ច្បាប់។

មន្ត្រី​ក្រសួង​អប់រំ និង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ វាយ​តម្លៃ​ស្រដៀង​គ្នា​ថា ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​ឆ្នាំ​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​រាល់​ឆ្នាំ។

ស្ថាប័ន​ទាំង​ពីរ​ដែល​ធ្លាប់តែ​ខ្វែង​គំនិត​គ្នា​ក្នុង​វាយ​តម្លៃ​ការ​ប្រឡង​រាល់​លើក​នោះ នៅ​ឆ្នាំ​នេះ​ហាក់​មើល​ឃើញ​ស្រប​គ្នា​ខ្លះ ដោយ​ឃើញ​ថា បេក្ខជន​ប្រឡង​ស្ទើរ​តែ ១០០​ភាគរយ​នៅ​ទូទាំង​ប្រទេស មិន​បាន​លួច​ចម្លង​គ្នា​ក្នុង​បន្ទប់​ប្រឡង គ្មាន​ការ​លួច​មើល​ប្រ៊ីយ៉ុង និង​មិន​មាន​ការ​រៃអង្គាស​ប្រាក់​សូកប៉ាន់​មេ​ប្រយោគ ឬ​គ្រូ​អនុរក្ស។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា ការ​លួច​យក​ប្រ៊ីយ៉ុង និង​ទូរស័ព្ទ​ចូល​ក្នុង​មណ្ឌល​ប្រឡង​នៅ​តែ​មាន ប៉ុន្តែ​ត្រូវ​បាន​គ្រូ​អនុរក្ស​ឆែក​ដក​ហូត​នៅ​តាម​ខ្លោងទ្វារ​ចូល​មណ្ឌល​ប្រឡង។ យ៉ាង​ណា​ការ​លួច​ចម្លង​គ្នា​ពី​មួយ​ទៅ​មួយ និង​ការ​លួច​ចម្លង​ប្រ៊ីយ៉ុង មិន​មាន​ដូច​រាល់​ឆ្នាំ​ទេ ពិសេស​ការ​សូកប៉ាន់​មេ​ប្រយោគ​ក្នុង​បន្ទប់​ប្រឡង​គឺ​គ្មាន​តែម្ដង។

ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​របស់​លោក​នោះ គឺ​ការ​បែក​ធ្លាយ​វិញ្ញាសា​នៅ​តែ​មាន ដូច​ជា​ការ​បែក​ធ្លាយ​វិញ្ញាសា​គីមី និង​វិញ្ញាសា​ប្រវត្តិវិទ្យា​នៅ​ខេត្ត​ព្រៃវែង និង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​បេក្ខជន​ប្រឡង​ជំនួស ២​នាក់ ដែល​ករណី​នេះ​កើត​ឡើង​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្ដាល៖ «សំឡេង»។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ករណី​បេក្ខជន​ប្រឡង​ជំនួស​ដូច​ខាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លើកឡើង​មែន។ ប៉ុន្តែ​ករណី​នេះ ​ត្រូវ​បាន​ក្រសួង​អប់រំ​ចាត់​វិធានការ​ភ្លាមៗ ដោយ​ឃាត់​ខ្លួន​បេក្ខជន​បន្លំ​ទាំង ២​នាក់​នោះ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់។ រី​ឯ​សាមី​ខ្លួន ឬ​បេក្ខជន​ត្រូវ​ប្រឡង ២​នាក់ ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

ចំពោះ​ការ​ធ្លាយ​វិញ្ញាសា​គីមី​និង​ប្រវត្តិវិទ្យា​វិញ លោក​ក៏​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បង្ហោះ​វិញ្ញាសា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក មែន។ ប៉ុន្តែ​ក្រុម​ការងារ​នៅ​ក្រសួង​ដែល​ធ្វើ​ការ​ផ្នែក​ព័ត៌មានវិទ្យា បាន​ធ្វើ​កោសល្យវិច័យ អង្កេត​វិញ្ញាសា​ដែល​ធ្លាយ​នោះ​ហើយ គឺ​ខុស​ទាំង​ស្រុង​នឹង​វិញ្ញាសា​ដែល​ក្រសួង​ចេញ​ប្រឡង៖ «សំឡេង»។

លោក រស់ សាលីន បញ្ជាក់​ថា មន្ត្រី​ជំនាញ​ក្រសួង​កំពុង​ពិនិត្យ​និង​ស្វែង​រក​តាម​លី​ញ​បន្ត​នៃ​ការ​ចែក​ចាយ​វិញ្ញាសា​នោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​រក​អត្តសញ្ញាណ​ជន​ដែល​ប្រព្រឹត្ត ដែល​មាន​ចរិត​ភូត​កុហក​អ្នក​ដទៃ និង​បង្ក​ឲ្យ​មាន​ការ​ជ្រួល​ច្របល់​បោកប្រាស់ និង​ប៉ះពាល់​ដល់​ស្មារតី​បេក្ខជន​ប្រឡង។

ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​ឆ្នាំ​នេះ នៅ​តាម​មណ្ឌល​ប្រឡង​ជា​ច្រើន​នៅ​តាម​រាជធានី​ភ្នំពេញ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ប៉េអឹម​ប្រមាណ ២០ ទៅ ៣០​នាក់ នៅ​ប្រចាំការ​តាម​មណ្ឌល​ប្រឡង​ដើម្បី​ការពារ​សុវត្ថិភាព​បេក្ខជន​ប្រឡង និង​សណ្ដាប់ធ្នាប់​ចរាចរណ៍ ពិសេស​ការពារ​ខ្លាច​ក្រែង​មាន​ការ​គប់​ប្រ៊ីយ៉ុង ពី​ខាង​ក្រៅ។

​ក្រោយ​បញ្ចប់​ការ​ប្រឡង បេក្ខជន​ប្រឡង​ភាគ​ច្រើន​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង​ដោយ​ហេវហត់។ ពួក​គេ​ភាគច្រើន​ត្រូវ​ទទួល​ប័ណ្ណ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការ​ជ្រើសរើស​មហាវិទ្យាល័យ​ជា​ច្រើន​ស្អេកស្កះ ដែល​ចែក​នៅ​ខ្លោង​ទ្វារ​ចេញ។ ពួកគេ​ហាក់​ស្ទះ​ស្ទើរ​មិន​ដឹង​ត្រូវ​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ណា​បន្ត បើ​ជោគវាសនា​ប្រឡង​ពួក​គេ​លើក​នេះ​មិន​ទាន់​ច្បាស់​យ៉ាង​ណា​នៅ​ឡើយ។

​យុវតី​ម្នាក់​ជា​បេក្ខជន​ប្រឡង​នៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី កញ្ញា សុខ មាលតី គិត​ថា វិន័យ​ប្រឡង​លើក​នេះ​តឹងរ៉ឹង​ខ្លាំង​មិន​អាច​ងាក​ឆ្វេង​ស្ដាំ​បាន។ ម្យ៉ាង​ប្រ៊ីយ៉ុង​ដែល​នាង​ខំ​លាក់​យ៉ាង​សម្ងាត់​មិន​ឲ្យ​គ្រូ​ឆែក​នៅ​ខ្លោង​ទ្វារ​ចូល បាន​ទៅ​ដល់​បន្ទប់​ប្រឡង​ហើយ​នោះ មិន​អាច​បើក​មើល​បាន​ថែម​ទៀត៖ «សំឡេង»។

​បេក្ខជន​ប្រឡង​មួយ​រូប​ទៀត គឺ​យុវជន លឹម សុខវិទ្យា ឲ្យ​ដឹង​ថា គ្រូ​ចាំ​ផ្ដើម​ដកហូត​ប្រ៊ីយ៉ុង និង​ទូរស័ព្ទ​តាំង​ពី​ខ្លោងទ្វារ​ចូល​មណ្ឌល​ប្រឡង ហើយ​ក្នុង​បន្ទប់​ប្រឡង​គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ជា​មេខ្លោង​ដើរ​ប្រមូល​លុយ​ឲ្យ​គ្រូ​ង​បន្ទប់​ថ្នាក់​ដូច​សម័យ​ប្រឡង​មុនៗ​ទេ។

​មិន​ខុស​គ្នា​ដែរ យុវតី​មួយ​រូប​ទៀត គឺ​កញ្ញា លី យូងីញ គិត​ថា វិញ្ញាសា​ថ្ងៃ​ដំបូង​នេះ​មិន​ពិបាក​ពេក​ទេ នាង​អាច​ធ្វើ​បាន។ ប៉ុន្តែ​នាង​ចាប់​អារម្មណ៍​ថា ទាំង​អនុរក្ស ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​សង្កេតការណ៍​ប្រឡង និង​គ្រូ​ឃ្លាំមើល​អាគារ​ហាក់​ស្រុះ​គ្នា រឹត​បន្តឹង​មិន​ឲ្យ​មាន​ការ​ចាក់​អ៊ុត​ក្នុង​បន្ទប់​ប្រឡង។ សម្រាប់​នាង នាង​គិត​ថា អាច​ជាប់​នៃ​ការ​ប្រឡង​លើក​នេះ តែ​សម្រាប់​បេក្ខជន​ភាគ​ច្រើន​ដែល​មិន​សូវ​ចេះ អាច​មាន​សង្ឃឹម​តិច៖ «សំឡេង»។

​ក្រសួង​អប់រំ​យុវជន​និង​កីឡា ធ្វើ​ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ លើ​ការ​ប្រឡង​គ្រប់​ប្រភេទ ដោយ​កំណត់​ទិស​ស្លោក​ថា «អ្នក​ចេះ​គឺ​ជាប់»។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន គិត​ថា ដើម្បី​បាន​គុណភាព​អប់រំ​ឲ្យ​ប្រសើរ​ឡើង​វិញ​នោះ មិន​មែន​កែប្រែ​ឥរិយាបថ​នៃ​ការ​ប្រឡង​នោះ​ទេ គឺ​ត្រូវ​កែប្រែ​ប្រព័ន្ធ​អប់រំ​តាំង​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​១២ និង​បន្ត​រហូត​ដល់​ឧត្ដម​សិក្សា ទើប​អាច​ទទួល​បាន​គុណភាព​នៃ​ការ​សិក្សា​ពិតប្រាកដ។ យ៉ាង​ណា​របត់​ថ្មី​នៃ​ការ​ប្រឡង​បាក់ឌុប លើក​នេះ​ក៏​អាច​បញ្ជាក់​ខ្លះ​ដែរ​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ឲ្យ​ប្រសើរ តែ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​បាក់ឌុប មាន​មុខ​វិញ្ញាសា ៣​សំខាន់ ដែល​បេក្ខជន​ត្រូវ​ត្រៀម​ធ្វើ​ឲ្យ​បាន​ត្រូវ​ច្រើន​ដើម្បី​ធានា​ថា ពួកគេ​អាច​ទទួល​សញ្ញាប័ត្រ​លើក​នេះ រួម​មាន​អក្សរសាស្ត្រ​ខ្មែរ​គណិតវិទ្យា និង​រូបវិទ្យា។

ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​បាក់ឌុប​នេះ​ដែរ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ២​នាក់ នៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៤ សីហា ដែល​ជា​ម្ចាស់​បណ្ណាគារ​របឹងតាកែវ ស្ថិត​នៅ​ទល់​មុខ​សាកលវិទ្យាល័យ​បៀលប្រាយ តាកែវ។

គេហទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ដឹង​ថា មូលហេតុ​ឃាត់​ខ្លួន​នោះ ដោយសារ​តែ​ពួកគេ​រឹងរូស​មិន​ព្រម​ស្ដាប់​បង្គាប់​អាជ្ញាធរ​មូលដ្ឋាន និង​នៅ​តែ​បន្ត​ថត​ចម្លង​វិញ្ញាសា​ប្រឡង​បាក់ឌុប​ក្លែងក្លាយ និង​បាន​លក់​វិញ្ញាសា​ក្លែងក្លាយ​នេះ ៥​មុខវិជ្ជា តម្លៃ ១០០​ដុល្លារ។ សមត្ថកិច្ច​បញ្ជូន​ពួកគេ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។