គ្រួសារ​យុវជន​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​គ្រឿង​ញៀន​អំពាវនាវ​រក​យុត្តិធម៌

ដោយ រាជ វិញ្ញូ
2017.03.11
ផែនទី​ខេត្ត​តាកែវ ៦២០ ផែនទី​ខេត្ត​តាកែវ
Photo: RFA

គ្រួសារ​របស់​យុវជន​ឈ្មោះ ហឿន ស៊ុយទ្រី ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​ខេត្ត​តាកែវ បាញ់​សម្លាប់ អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​អន្តរាគមន៍​រក​មុខ​ឃាតក។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស​វិញ​យល់​ថា ករណី​បាញ់​សម្លាប់​ជន​សង្ស័យ​ដែល​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​ខុស​ច្បាប់។

គ្រួសារ​ចាត់​ទុក​ករណី​ក្រុម​សមត្ថកិច្ច​បាញ់​សម្លាប់​យុវជន ហឿន ស៊ុយទ្រី គឺ​ជា​រឿង​អយុត្តិធម៌​ដែល​គួរ​មាន​ការ​ស៊ើប​អង្កេត និង​រក​មុខ​ឃាតក​មក​ទទួល​ខុស​ត្រូវ។

ក្រុម​គ្រួសារ​យុវជន ហឿន ស៊ុយទ្រី ថ្លែង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧ ក្រុម​សមត្ថកិច្ច​ជាច្រើន​នាក់​ដែល​អះអាង​ថា ខ្លួន​គឺ​ជា​មន្ត្រី​ព្រះរាជអាជ្ញា និង​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​តាកែវ ទទួល​បន្ទុក​ចុះ​បង្ក្រាប​គ្រឿង​ញៀន បាន​ចូល​ទៅ​ចាប់​កូន​ប្រុស​របស់​ពួក​គាត់​វាយ​ខ្នោះ និង​បាញ់​សម្លាប់ ថ្វីត្បិតតែ​ជន​រងគ្រោះ​ពុំ​មាន​អាវុធ​ក្នុង​ដៃ​យ៉ាង​ណា​ក៏ដោយ។

ម្ដាយ​យុវជន ហឿន ស៊ុយទ្រី គឺ​លោកស្រី ស៊ុន មួចហៀង រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំងត្រាញ់​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា នៅ​ម៉ោង​ប្រហែល ៦​ល្ងាច លោកស្រី​បាន​ប្រើ​កូន​ប្រុស​ឲ្យ​ទៅ​បេះ​ស្វាយ​នៅ​ក្បែរ​ផ្ទះ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​ឮ​ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ឲ្យ​ប្ដី​លោកស្រី​ស្ទុះ​ទៅ​មើល​កន្លែង​ឮ​ស្នូរ​កាំភ្លើង​នោះ ក៏​បាន​ឃើញ​កូន​ប្រុស​ដែល​ប្រើ​ទៅ​បេះ​ផ្លែ​ស្វាយ បែក​ក្បាល​ហូរ​ឈាម និង​ដៃ​ជាប់​ខ្នោះ ព្រម​ទាំង​មនុស្ស​មាន​គ្នា​ប្រហែល ៧​នាក់ ដែល​អះអាង​ថា​ជា​សមត្ថកិច្ច កំពុង​វាយ​ទាត់​ធាក់​យ៉ាង​ឃោរឃៅ​លើ​កូន​ប្រុស​លោកស្រី​បន្ថែម​ទៀត ថ្វីត្បិតតែ​ប្ដី​លោកស្រី​អង្វរ​ក​យ៉ាង​ណា​ក្ដី។

សាច់ញាតិ​ដដែល​នេះ​បន្ត​ថា ក្រុម​អាជ្ញាធរ​ទាំងនោះ​មិន​បាន​បង្ហាញ​ភស្តុតាង ឬ​ក៏​រក​ឃើញ​គ្រឿង​ញៀន​នៅ​លើ​ខ្លួន​កូន​ប្រុស​របស់​លោកស្រី​នោះ​ទេ។

លោកស្រី​សង្ឃឹម​ថា លោក ហ៊ុន សែន និង​លោក ស ខេង ជួយ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​លោកស្រី​ដែល​ជា​ពលរដ្ឋ​សាមញ្ញ​ផង៖ «»

ចំណែក​ឪពុក​របស់​យុវជន ហឿន ស៊ុយទ្រី គឺ​លោក ហម សារី ក៏​ថ្លែង​ថា កូន​ប្រុស​របស់​លោក​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​អ្នក​ណា​ឡើយ។ លោក​បន្ថែម​ថា កូន​ប្រុស​របស់​លោក​ត្រូវ​បាន​គេ​ដាក់​ខ្នោះ​ដៃ​មិន​ដោះ​ចេញ​នោះ​ទេ ថ្វីត្បិតតែ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល​ក្ដី។ ឪពុក​ដដែល​នេះ​បញ្ជាក់​ថា ពេទ្យ​ខេត្ត​ថា​គ្មាន​លទ្ធភាព​ព្យាបាល​ឡើយ និង​ជំរុញ​ឲ្យ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ភ្នំពេញ ហើយ​ពេទ្យ​នៅ​ភ្នំពេញ​បញ្ជាក់​ថា កូន​ប្រុស​របស់​លោក​បាន​ស្លាប់​ទៅ​ហើយ ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ក្បាល​ក្រោម​ស្លឹក​ត្រចៀក បណ្ដាល​ឲ្យ​ធ្លាយ​អំបែង​លលាដ៍ក្បាល៖ «»

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​ជុំវិញ​ករណី​ឃាតកម្ម​លើ​យុវជន​ឈ្មោះ ហឿន ស៊ុយទ្រី ពី​អាជ្ញាធរ​ខេត្ត​តាកែវ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ មីនា។ ចំណែក​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក មាស វិរិទ្ធ ថ្លែង​ថា លោក​មិន​ទាន់​ទទួល​បាន​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ថា តើ​ភាគី​ណា​ជា​អ្នក​ខុស ជុំវិញ​ការ​ស្លាប់​របស់​យុវជន​ឈ្មោះ ហឿន ស៊ុយទ្រី នោះ​ដែរ៖ «»

ឪពុក​ម្ដាយ​យុវជន ហឿន ស៊ុយទ្រី បញ្ជាក់​ថា កូន​ប្រុស​របស់​ពួក​គាត់​ធ្លាប់​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ដែរ ប៉ុន្តែ​បាន​សន្យា​ឈប់​ប្រើប្រាស់​វិញ​អស់​ប្រហែល​មួយ​ខែ​មក​ហើយ។ ពួក​គាត់​ក៏​សង្កត់​ធ្ងន់​ថា ថ្វីត្បិតតែ​ធ្លាប់​ប្រើប្រាស់ តែ​យុវជន ហឿន ស៊ុយទ្រី មិន​ធ្លាប់​ធ្វើ​ការ​លក់​ដូរ​គ្រឿង​ញៀន​នោះ​ទេ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​អាជ្ញាធរ​បើក​ការ​បាញ់​ប្រហារ​លើ​ជន​ណា​ម្នាក់​រហូត​បណ្ដាល​ឲ្យ​ស្លាប់ ទាំង​ដែល​ជន​នោះ​គ្មាន​អាវុធ ឬ​កាំភ្លើង​ក្នុង​ដៃ គឺ​ជា​បទល្មើស​ឃាតកម្ម​ដោយ​ចេតនា និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់ ហើយ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «»

ឪពុក​ម្ដាយ​យុវជន ហឿន ស៊ុយទ្រី ថ្លែង​ថា ដោយសារ​ពួក​គាត់​ជា​ពលរដ្ឋ​សាមញ្ញ​មិន​យល់​ដឹង​ច្រើន ដូច្នោះ​មិន​ទាន់​គិតគូរ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ណា​មួយ ដើម្បី​ស្វែងរក​យុត្តិធម៌​នៅ​ឡើយ​ទេ ម្យ៉ាង​វិញ​ទៀត ដោយសារ​កំពុង​ជាប់​រវល់​រៀបចំ​ពិធី​បុណ្យ​សព​ឲ្យ​កូន​ប្រុស​ចប់​សព្វគ្រប់​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។