បណ្ណាល័យសម្រាប់កម្មកររោងចក្រកាត់ដេរ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកទី១ នៅកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីឲ្យកម្មករកម្មការិនី ចូលអានសៀវភៅ ឬស្រាវជ្រាវឯកសារនៅពេលទំនេរពីការងារ។ កម្មករ កម្មការិនីស្វាគមន៍វត្តមានបណ្ណាល័យនេះ ខណៈដែលមន្ត្រីរដ្ឋាភិបាលរំពឹងថា បណ្ណាល័យនេះនឹងធ្វើឲ្យកម្មករនៅក្បែរសៀវភៅឡើងវិញ។
បណ្ណាល័យទី១ នៅប្រទេសកម្ពុជា សម្រាប់កម្មកររោងចក្រ ដែលដាក់ប្រើប្រាស់មនសៀវភៅចម្រុះច្រើនប្រភេទ អ៊ីនធឺណិត និងឧបករណ៍ថេបឡេត (Tablet) បំពាក់ដោយម៉ាស៊ីត្រជាក់ ត្រូវបានរោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេស អនុញ្ញាតឲ្យកម្មកររបស់ខ្លួនចូលអាននៅពេលទំនេរពីការងារ។
ប្រធានរោងចក្រ ជប៉ុន រ៉ុក (Japan Rocks S.E.A) លោក កាស៊ូហ្គា (KASUGA) ដែលអនុញ្ញាតឲ្យមានបណ្ណាល័យនៅក្នុងរោងចក្ររបស់លោកឲ្យដឹងថា កម្មករអាចចូលបណ្ណាល័យនេះនៅពេលម៉ោងសម្រាកពេលថ្ងៃត្រង់ និងពេលថែមម៉ោង គឺកម្មករអាចចែកជាក្រុមចូលបណ្ណាល័យបាន។ ចំពោះកម្មកររោងចក្រផ្សេងៗចង់ចូលអានសៀវភៅនៅបណ្ណាល័យនេះ រោងចក្រមិនទាន់មានគោលការណ៍នៅឡើយទេ។
លោករំពឹងថា បណ្ណាល័យនេះ នឹងធ្វើឲ្យកម្មករ កម្មការិនី ចូលចិត្តអាន និងស្រាវជ្រាវ ដើម្បីវិវឌ្ឍការយល់ឃើញរបស់កម្មករបន្ថែមទៀត៖ «លើសពីនេះទៀត យើងមានកម្មវិធីអប់រំបញ្ហាសុខភាព និងកម្មវិធីផ្សេងទៀត ដែលយើងសហការជាមួយអង្គការស៊ីប៉ា (Sipar) និងអង្គការ CWPD ក្នុងម៉ោងការងារតែម្ដង»។
តាមការបញ្ជាក់ពីរដ្ឋបាលរោងចក្រ ជប៉ុន រ៉ុក កម្មករ កម្មការិនី ដែលធ្វើការងារនៅរោងចក្រភាគច្រើនអាចអាន និងមើលអក្សរខ្មែរបាន។
ពិធីសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីគម្រោងសាកល្បងចំនួន៣ ទទួលបានការចាប់អារម្មណ៍ពីកម្មករ និងថៅកែរោងចក្រ។ បណ្ណាល័យសម្រាប់កម្មករបានបើកសាកល្បង ៣កន្លែង ដែលមួយកន្លែងនៅក្នុងរោងចក្រខេត្តសៀមរាប និងពីរកន្លែងទៀតនៅក្នុងរោងចក្រនៃរាជធានីភ្នំពេញ។
នាយកអង្គការស៊ីប៉ា លោក ហុក សុទ្ធិ ប្រាប់ថា ដើម្បីឲ្យបណ្ណាល័យដំណើរការ អង្គការរបស់លោកជួយផ្ដល់ជាថវិកា និងបច្ចេកទេស និងភាគីរោងចក្រជាអ្នកផ្តល់ទីតាំងសម្ភារៈមួយចំនួន។
លោក ហុក សុទ្ធិ ថា គម្រោងនេះមិនអាចជាលទ្ធភាពបង្កើតបណ្ណាល័យគ្រប់រោងចក្រនោះទេ ដូច្នេះទាមទារឲ្យនិយោជក ឬ ថៅកែរោងចក្រ បង្កើតបណ្ណាល័យខ្លួនឯង ហើយអង្គការរបស់លោកនឹងបន្តផ្ដល់បច្ចេកទេស៖ «និយោជកផ្សេងទៀតដែលគាត់ចាប់អារម្មណ៍បង្កើតបណ្ណាល័យគាត់អាចបង្កើតនៅរោងចក្ររបស់គាត់បាន គាត់ត្រូវគិតថា នេះជាការទទួលខុសត្រូវផ្នែកសង្គមរបស់គាត់»។
ដៃគូគម្រោងមានផែនការនឹងជ្រើសរើសរោងចក្រ ៨បន្ថែមទៀត នៅត្រីមាសទី២ នៃឆ្នាំ២០១៦ និងរោងចក្រ ២ទៀត នៅឆ្នាំបន្ទាប់។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហ៊ុយ ហាំងសុង យល់ថា បណ្ណាល័យនេះ នឹងធ្វើឲ្យកម្មករបាននៅក្បែរសៀវភៅឡើងវិញ បន្ទាប់ពីពួកគេបោះបង់ចោលការសិក្សា។ ទោះយ៉ាងនេះក្តី លោកថា ក្រសួងគ្មានលទ្ធភាពដើម្បីជួយពង្រីកបណ្ណាល័យទេ ប៉ុន្តែក្រសួងគាំទ្រឲ្យមានបណ្ណាល័យ៖ «ក្រសួងមិនត្រឹមតែគាំទ្រទេ ថែមទាំងត្រេកអរ គាត់បានធ្វើបានកាន់តែច្រើនកាន់តែល្អ ប៉ុន្តែក្រសួងមិនពាក់ព័ន្ធនឹងការពង្រីកបណ្ណាល័យ»។
បណ្ណាល័យសម្រាប់កម្មករ និងផ្តល់ប្រយោជន៍កម្មការិនី ២ម៉ឺននាក់ នៅឆ្នាំ២០១៨។ ប៉ុន្តែការសិក្សាមួយរបស់អង្គការ រូម ធូ រីដ (Room to Read) បង្ហាញថា ប្រជាជនកម្ពុជា ម្នាក់ ក្នុងមួយឆ្នាំអានសៀវភៅចំនួន ១ក្បាលកន្លះ។ ដើម្បីបង្ការកុំឲ្យមានបណ្ណាល័យគ្មានអ្នកចូលអាន ក្រុមអ្នកពាក់ព័ន្ធ មានបណ្ដុះបណ្ដាលដល់កម្មករ កម្មការិនីបន្ថែមលើសពីការអាន។
កម្មការិនីរោងចក្រ ជប៉ុន រ៉ុក កញ្ញា សៅ ស្រីមុំ និយាយថា កញ្ញានឹងឆ្លៀតពេលទំនេរចូលអាចសៀវភៅនៅក្នុងបណ្ណាល័យនេះ។ កញ្ញាយល់ថា អ្វីដែលខ្លួនមិនដឹង នឹងអាចស្រាវជ្រាវរកឃើញបាននៅក្នុងបណ្ណាល័យនេះ៖ «សម្រាប់ខ្ញុំគឺជួយចំណេះដឹងតែម្ដង បានន័យថា អ្វីដែលខ្ញុំមិនអាចដឹងពីក្រៅ នៅពេលខ្ញុំចូលបណ្ណាល័យខ្ញុំអាចដឹងបាន»។
បណ្ណាល័យទី១ ដែលចេញរូបរាងនេះ មានឈ្មោះថា បណ្ណាល័យមណ្ឌលធនធានចំណាយថវិកាជាង ២ម៉ឺនដុល្លារ ដោយមិនគិតថ្លៃទីតាំង។ អង្គការស៊ីប៉ា ដែលផ្ដួចផ្ដើមឲ្យមានបណ្ណាល័យនេះ គ្រោងចំណាយថវិកាជាង ៦០ម៉ឺនដុល្លារ ដើម្បីបង្កើតបណ្ណាល័យចំនួន ១៥ នៅឆ្នាំ២០១៨ ខាងមុខ នៅតាមបណ្ដារោងចក្រផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
