ពិធី​បុណ្យ​អបអរ​អង្ករ​ផ្កា​រំដួល​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ខាង​រសជាតិ​លើ​ពិភពលោក

សហព័ន្ធ និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅ​បរទេស បាន​អះអាង​ថា អង្ករ​ខ្មែរ​ប្រភេទ​ផ្កា​រំដួល បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ខាង​រសជាតិ​ឆ្ងាញ់​ដាច់​គេ​នៅ​លើ​ពិភពលោក។ មោទនភាព​នេះ បាន​លេច​ឡើង​បន្ទាប់​ពី​អង្គការ​អន្តរជាតិ​មួយ បាន​ប្រមូល​អង្ករ​មក​ពី​គ្រប់​ប្រទេស​ធ្វើ​ការ​ប្រឡង​ប្រជែង។ ដើម្បី​អបអរ​សាទរ​ចំពោះ​ជ័យ​ជម្នះ​អង្ករ​ខ្មែរ គឺ​ក្រុមហ៊ុន​បាន​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​អង្ករ​ជា​លើក​ដំបូង ដែល​ពុំ​ធ្លាប់​មាន​សោះ​នៅ​កម្ពុជា។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន ព្រម​ទាំង​ក្រុមហ៊ុន​ជាច្រើន​ទៀត បាន​រួម​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អង្ករ​មួយ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។

«សំឡេង​ភ្លេង»

ពិធី​បុណ្យ​ដែល​ឧបត្ថម្ភ​ដោយ​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរជាតិ សហគមន៍​អឺរ៉ុប ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ បារាំង ព្រម​ទាំង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍​របស់​កម្ពុជា ផង​នោះ គឺ​ជា​បុណ្យ​ដំបូង​ដែល​មិន​ធ្លាប់​មាន​សោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្រារព្ធ​ពិធី​បុណ្យ​នៅ​ក្នុង​សណ្ឋាគារ សូហ្វីតែល (Sofitel) គេ​បាន​រៀប​ចំ​បង្ហាញ​អ្នក​ទេសចរ​បរទេស ឱ្យ​ដឹង​អំពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពី​អតីតកាល​ផ្សារភ្ជាប់​ជាមួយ​នឹង​អង្ករ ដូច​ជា​ក្រៅ​ពី​យក​ទៅ​ដាំ​បាយ​ហូប គេ​អាច​យក​ទៅ​ធ្វើ​នំ​ច្រើន​ប្រភេទ ធ្វើ​ក្រឡាន​ក្នុង​បំពង់​ឫស្សី ព្រម​ទាំង​អាច​យក​ស្រូវ​ទៅ​បុក​ធ្វើ​ជា​អំបុក​ជាដើម។

ក្នុង​នោះ​ដែរ ឧបករណ៍​ត្បាល់ និង​ក្ដឿង​ជាន់ ដែល​ខ្មែរ​បុរាណ​ធ្លាប់​ប្រើប្រាស់​ក្នុង​ការ​បុក​ស្រូវ ឬ​ក៏​ស្រិត​ស្ទៃ​អង្ករ ដែល​បាន​បាត់​បង់​ជា​យូរ​មក​ហើយ ត្រូវ​បាន​គេ​រៀប​ចំ​បង្ហាញ​ឱ្យ​ឃើញ​ឡើង​វិញ​នៅ​ទី​នោះ​ទាំងអស់។

«សំឡេង​ជាន់​ក្ដឿង»

នាយក​ក្រុមហ៊ុន ខ្មែរ ហ៊្វូត (Khmer Foods) ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ខ្លះ​ទៀត ដែល​នាំ​អង្ករ​កម្ពុជា ចេញ​ទៅ​បរទេស គឺ​លោក​ឧកញ៉ា គឹម សាវុធ។ លោក​បាន​មាន​ប្រសាសន៍​ថា អង្ករ​ខ្មែរ​បាន​ជាប់​លេខ​១ ខាង​រសជាតិ​ឆ្ងាញ់​ជាង​គេ​នៅ​លើ​ពិភពលោក កាល​ពី​ពេល​ថ្មីៗ។ លោក​ឧកញ៉ា បាន​មាន​ប្រសាសន៍​ទៀត​ថា រូប​លោក​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ការ​រំភើប​ខ្លាំង​ពេក​នៅ​ពេល​ដែល​ទទួល​សារ​ថា អង្ករ​ខ្មែរ​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ ដែល​លោក​មិន​នឹក​ស្មាន​ដល់។ លោក​បញ្ជាក់​ថា ដោយសារ​តែ​មោទនភាព​នៃ​អង្ករ​ខ្មែរ​នេះ ទើប​លោក​ជាមួយ​នឹង​ដៃគូ​ជាច្រើន​ទៀត រួម​គ្នា​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​អង្ករ​ដែល​ពុំ​ធ្លាប់​មាន​សោះ។

លោក​ឧកញ៉ា គឹម សាវុធ៖ «និយាយ​ឱ្យ​ត្រង់ គឺ​ជា​មោទនភាព​របស់​ជាតិ​យើង ជា​ប្រវត្តិសាស្ត្រ​ដែល​ពុំ​ធ្លាប់​មាន​សោះ​ពី​មុន​មក។ គោល​បំណង​ដែល​យើង​ចង់​ធ្វើ​នេះ គឺ​យើង​ចង់​បង្ហាញ​អង្ករ​កម្ពុជា ដល់​ពិភពលោក​តាម​រយៈ​អ្នក​ទេសចរ។ អ៊ីចឹង​ហើយ​បាន​យើង​ជ្រើស​រើស​ខេត្ត​សៀមរាប ដែល​សម្បូរ​អ្នក​ទេសចរ​មក​មើល​ប្រាសាទ​អង្គរ។ អ៊ីចឹង តាម​រយៈ​គាត់​មក​ទស្សនា​ប្រាសាទ​អង្គរ គាត់​អាច​ឈាន​ចូល​មើល ហើយ​គាត់​អាច​ភ្លក់​ទៅ​គាត់​ស្គាល់ គាត់​អាច​ត្រឡប់​ទៅ​វិញ គាត់​ផ្សព្វផ្សាយ​ដល់​ក្រុម​គ្រួសារ មិត្តភក្ដិ​គាត់​ធ្វើ​ឱ្យ​គេ​ស្គាល់​អង្ករ​កម្ពុជា របស់​យើង»

ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្លះ បាន​ចាប់​ផ្ដើម​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៥ ក៏ប៉ុន្តែ ការ​ប្រកួត​ប្រជែង​ទីផ្សារ​អង្គរ​នៅ​ពេល​នោះ គឺ​កម្ពុជា មិន​បាន​ជោគជ័យ​ទេ ដោយសារ​ក្រុម​អ្នក​នាំ​ចេញ​មក​ពី​ប្រទេស​ផ្សេង​ទៀត បំបាក់​ទីផ្សារ​តាម​រយៈ​ការ​ទម្លាក់​ថ្លៃ​ទាប។ ក៏ប៉ុន្តែ ចាប់​ពី​អំឡុង​ឆ្នាំ​២០០៩ អង្ករ​កម្ពុជា បាន​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស​ជា​ថ្មី ដោយសារ​មាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប ទើប​ធ្វើ​ឱ្យ​អង្ករ​ខ្មែរ​ដណ្ដើម​បាន​ជោគជ័យ​រហូត​មក​ដល់​ពេល​នេះ។

«សំឡេង​របាំ​ច្រូត​ស្រូវ»

មិន​មែន​តែ​ក្រុមហ៊ុន និង​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ប៉ុណ្ណោះ​ទេ ដែល​ទទួល​ស្គាល់​ថា អង្ករ​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់ សូម្បី​តែ​កំពូល​ចុងភៅ​នៅ​តាម​សណ្ឋាគារ​ផ្កាយ​៥ ជាច្រើន ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​របស់​គេ គឺ​ចូល​ចិត្ត​ទទួល​ទាន​បាយ ដែល​ដាំ​ពី​អង្ករ​ខ្មែរ។

១-ផ្ទាំង​ប៉ាណូ​នៃ​ពិធី​បុណ្យ​អង្ករ​ខ្មែរ។

២-ក្រុម​សិល្បៈ​ស្លៀកពាក់​ខ្មែរ​សម័យ​បុរាណ​កាន់​អង្រែ​បុក​អំបុក។

៣-ស្ត្រី​ម្នាក់​នេះ​កំពុង​យក​គ្រាប់​ស្រូវ​លីង​នៅ​ក្នុង​ឆ្នាំង​ដី ដើម្បី​យក​ទៅ​បុក​ធ្វើ​ជា​អំបុក។

៤-ស្ត្រី​ម្នាក់​នេះ​យក​អង្ករ​ដំណើប​ជាមួយ​ចេក​ទុំ វេច​ខ្ចប់​នៅ​ក្នុង​ស្លឹក​ចេក​ដាក់​អាំង​ធ្វើ​ជា​នំ​អន្សម​អាំង។

៥-បុរស​ម្នាក់​នេះ​យក​អង្ករ​ដំណើប​ច្រក​នៅ​ក្នុង​កំណាត់​បំពង់​ឫស្សី ដុត​ធ្វើ​ជា​ក្រឡាន។

៦-ស្ត្រី និង​បុរស​បរទេស​បង្ហាញ​ស្រា​ផលិត​ពី​អង្ករ​ខ្មែរ។

៧-ក្រុម​ចុងភៅ​កំពូលៗ​ជា​ជនជាតិ​ខ្មែរ និង​បរទេស កំពុង​យក​អង្ករ​ខ្មែរ​ដាំ​បាយ និង​ភ្លក់​រសជាតិ។

៨-ចុងភៅ​ខ្មែរ​ម្នាក់​កំពុង​ភ្លក់​បាយ​ដែល​ដាំ​ពី​អង្ករ​ខ្មែរ។

៩-ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ជាមួយ​ដៃគូ​បរទេស​មួយ​ចំនួន កាត់​ខ្សែ​បូ​ធ្វើ​ពិធី​បុណ្យ​អង្ករ។

១០-ក្រុម​មហាជន និង​អ្នក​ទេសចរ​បរទេស​ជាច្រើន ចូល​ទៅ​មើល​ការ​រៀប​ចំ​ពិធី​បុណ្យ​អង្ករ។

១១-បុគ្គលិក​ក្រុមហ៊ុន និង​អ្នក​ទេសចរ​នាំ​គ្នា​ថតរូប។

១២-របាំ​ច្រូត​ស្រូវ​ដែល​ជា​និមិត្តរូប​ឱ្យ​កសិករ​កម្ពុជា។

១៣-រូប​កសិករ​កំពុង​ស្ទូង​ស្រូវ។

១៤-លោក​ឧកញ៉ា គឹម សាវុធ នាយក​ក្រុមហ៊ុន ខ្មែរ ហ៊្វូត (Khmer Foods Group)។

ប្រធាន​ចុងភៅ​របស់​សណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana) ដែល​ត្រូវ​បាន​គេ​អញ្ជើញ​មក​ធ្វើ​ជា​អ្នក​ស្រង់​ក្លិន និង​ភ្លក់​រសជាតិ​អង្ករ លោក សុង តេង បាន​មាន​ប្រសាសន៍​ថា នៅ​សណ្ឋាគារ​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ គឺ​ភ្ញៀវ​ចូល​ចិត្ត​ពិសារ​បាយ​ដែល​ដាំ​ពី​អង្ករ​ផ្កា​ម្លិះ របស់​ខ្មែរ ពីព្រោះ​អង្ករ​បរទេស ភាគ​ច្រើន​វា​មាន​ជាតិ​ស្អិត​តិចតួច តែ​អង្ករ​ខ្មែរ​មាន​ជាតិ​ស្អិត ហើយ​ក្រអូប។

ប្រធាន​ចុងភៅ​ដដែល បាន​បញ្ជាក់​ថា នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​១​ខែៗ គឺ​លោក​បាន​ប្រើប្រាស់​អង្ករ​ខ្មែរ​សម្រាប់​ដាំ​បាយ​ជូន​ភ្ញៀវ​ទេសចរ​អស់​ប្រមាណ​ពី ៤០​បាវ ឬ​ក៏​លើស​ពី​នេះ៖ «អង្ករ​ដែល​ខ្ញុំ​ធ្វើ​ឱ្យ​គេ​ទទួល​ទាន ភាគ​ច្រើន​ផ្កា​ម្លិះ ដោយសារ​អង្ករ​ហ្នឹង វា​មាន​លក្ខណៈ​ក្រអូប។ នៅ​ពេល​យើង​ដាំ​ស្ល​មក វា​មាន​ពណ៌​វា​ក្រអូប ទាក់ទាញ​ឱ្យ​យើង​ហូប។ ដូច​ថា អា​នេះ​យើង​យក​វា​មក ដើម្បី​ធ្វើ​រសជាតិ​អង្ករ​សុទ្ធ អត់​មាន​គ្រឿង​ផ្សំ​អ្វី​ទេ»

ក្រុមហ៊ុន ខ្មែរ ហ៊្វូត បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន អង្ករ​ខ្មែរ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​ចំនួន ៥២​ប្រទេស​នៃ​ពិភពលោក ហើយ​ចាប់​តាំង​ពី​ខែ​មករា រហូត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​បរទេស បាន​ចំនួន ២៦​ម៉ឺន ៧​ពាន់​តោន។ ក្រុមហ៊ុន​មាន​គម្រោង​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​បរទេស​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៣ ឱ្យ​បាន​ចំនួន ៤០​ម៉ឺន​តោន។ ក៏ប៉ុន្តែ ទន្ទឹម​នឹង​ជំរុញ​ការ​នាំ​ចេញ​នេះ គឺ​ផ្នែក​ឯកជន​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​ជំរុញ​វិស័យ​ដឹក​ជញ្ជូន​ឱ្យ​កាន់​តែ​មាន​ការ​ងាយ​ស្រួល​ដែរ ពីព្រោះ​បច្ចុប្បន្ន វិស័យ​ដឹក​ជញ្ជូន​នៅ​មាន​បញ្ហា​ជាច្រើន​ជាង​វិស័យ​ផ្សេងៗ។

បើ​ទោះ​បី​ជា​ផ្នែក​ឯកជន និង​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រឹងប្រែង​ជំរុញ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា កាន់​តែ​កើន​ឡើង​ក៏ដោយ ក៏​កសិករ​ខ្មែរ​ដែល​ជា​អ្នក​ដាំ​ស្រូវ​ផ្ទាល់ មិន​ទាន់​មាន​មោទនភាព​ចំពោះ​រឿង​នោះ​នៅ​ឡើយ​ទេ។ អ្វី​ដែល​កសិករ​មិន​សប្បាយ​ចិត្ត គឺ​មិន​មាន​ពូជ​ស្រូវ​ល្អ និង​តម្លៃ​ស្រូវ​ថោក នៅ​ពេល​ផលិត​បាន។

បុរស​កសិករ​ម្នាក់ រស់​នៅ​ភូមិ​ព្រៃដង្ហើម ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប គឺ លោក រស់ ខឿត បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ឮ​ថា អង្ករ​ខ្មែរ​ជាប់​លេខ​១​ខាង​រសជាតិ ក៏ប៉ុន្តែ​នៅ​មាន​បញ្ហា​ខ្លះ​ដែល​ត្រូវ​ការ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ ដូច​ជា​មិន​មាន​អ្នក​ជំនាញ​មក​ជួយ​បង្រៀន​បច្ចេកទេស​ថ្មី ព្រម​ទាំង​ខ្វះ​ពូជ​ស្រូវ​ល្អ​មក​ឱ្យ​កសិករ​ផលិត​ជាដើម។ បញ្ហា​មួយ​ទៀត គឺ​រដ្ឋាភិបាល​ត្រូវ​ធានា​នូវ​ទីផ្សារ​លក់​ស្រូវ​ឱ្យ​បាន​ថ្លៃ ដើម្បី​កុំ​ឱ្យ​កសិករ​ខាត​ទុន​ផលិត៖ «ទាក់ទង​នឹង​អង្ករ​ថា ជាប់​ចំណាត់​ថ្នាក់​លេខ​១ ប៉ុន្តែ​កសិករ​ដូច​លក់​មិន​បាន​ថ្លៃ​ប៉ុន្មាន​ដូច​ជា​បាក់​ទឹក​ចិត្ត​ដែរ។ ១​គីឡូ បើ​យើង​លក់​ឱ្យ​ទៅ​តាម​ផ្ទះ យើង​បាន​តែ ១.៨០០-២.០០០​រៀល។ ធ្វើ​ឱ្យ​ខាត​ទុន​ផលិត យើង​កាត់​ថ្លៃ​ជី ថ្លៃ​ឈ្នួល​កម្មករ​ភ្ជួរ​រាស់​អី​ទាំងអស់ វា​អត់​រួច​ខ្លួន។ កសិករ​ចង់​ឱ្យ​តែ​រដ្ឋាភិបាល​ធ្វើ​ម៉េច ឱ្យ​តម្លៃ​ឱ្យ​ខ្ពស់​សម្រាប់​កសិករ»

ការ​ទាមទារ​ឱ្យ​ស្រូវ​មាន​តម្លៃ​ខ្ពស់​របស់​កសិករ​ខ្មែរ​នេះ គឺ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​មួយ​ចំនួន​នៅ​ឡើយ​ទេ ដោយសារ​តែ​ឧបសគ្គ​នៅ​ពេល​ខាង​មុខ ក្រុមហ៊ុន​ខ្លះ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​អង្ករ​ខ្ពស់​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា (ភូមា)។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ កន្លង​ទៅ សហគមន៍​អឺរ៉ុប បាន​យល់​ព្រម​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​ដោយ​អនុគ្រោះ​ពន្ធ​គយ បន្ទាប់​ពី​ប្រទេស​មីយ៉ាន់ម៉ា បាន​កំណែ​ទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។