ពលរដ្ឋ​នៅ​ពោធិ៍សាត់​រិះគន់​អាជ្ញាធរ​ថា​មិន​អើពើ​ទប់ស្កាត់​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​ការ​មិន​អើពើ និង​ទប់ស្កាត់​សកម្មភាព​ជីក​ស្រះ​បន្ថែម និង​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុស​ច្បាប់​នៅ​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាលត្រាច។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ធនធាន​មច្ឆាជាតិ​ផង និង​ខ្លាច​ទឹក​នៅ​ក្នុង​ទំនប់​គជនប់ រីង​ស្ងួត ដោយសារ​តែ​ការ​បូម​ទឹក​នោះ​ទៅ​ដាក់​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្រឡាញ់ ជាច្រើន​នាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ថា ស្រះ​ចិញ្ចឹម​ត្រី​ប្រា និង​ត្រី​ឆ្ដោរ​ខុស​ច្បាប់​ចំនួន ១០​កន្លែង និង​សកម្មភាព​ជីក​ស្រះ​បន្ថែម​មួយ​ចំនួន​ទៀត បាន​កើត​មាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ខាង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ហាក់​មាន​ការ​ត្រូវរ៉ូវ​គ្នា​ក្នុង​ការ​ប្រព្រឹត្ត​សកម្មភាព​នេះ។

ប្រជាពលរដ្ឋ​ម្នាក់ លោក គុជ វេង មាន​ប្រសាសន៍​ថា ស្រះ​ចិញ្ចឹម​ត្រី​ទំហំ​ទទឹង​ប្រហែល ៣០​ម៉ែត្រ និង​បណ្ដោយ ៧០​ម៉ែត្រ​ចំនួន ១០​ស្រះ កំពុង​តែ​ដំណើរ​ការ ហើយ​លោក​ទទួល​ព័ត៌មាន​ថា​គេ​នឹង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន ១០ បន្ថែម​ទៀត​នៅ​ចុង​ភូមិ​ក្រឡាញ់ ក្បែរ​ទំនប់​គជនប់៖ «ប្រជាពលរដ្ឋ​ក៏​ឃើញ យើង​ក៏​បាន​ឃើញ​ដែរ។ ដឹក​ឡាន​ខ្ញុំ​ឃើញ​ដឹក​ត្រី​ឆ្ដោរ​ចេញ​មក​ពី​ហ្នឹង​ហ្មង។ បាន​ឥឡូវ​គេ​កំពុង​តែ​ពង្រីក​ស្រះ​ហ្នឹង​បន្ថែម​ទៀត»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត អ្នកស្រី ឡោន ស៊ីវី ថ្លែង​បញ្ជាក់​ថា សកម្មភាព​ចិញ្ចឹម​ត្រី​នេះ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​អាង​ទឹក​គជនប់ ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ ត្រូវ​រីង​បណ្ដើរៗ ដោយសារ​តែ​ការ​បូម​ទឹក​បញ្ចូល​ស្រះ​ចិញ្ចឹម​ឯកជន​ទាំង​នោះ។ អ្នកស្រី​សន្និដ្ឋាន​ថា នៅ​បាត​អាង​ទឹក​ទំនប់​គជនប់ អាច​នឹង​មាន​វត្ថុ​បុរាណ​មាន​តម្លៃ ហើយ​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​វត្ថុ​បុរាណ​ទាំង​នោះ ខណៈ​ដែល​ទឹក​នៅ​ក្នុង​ទំនប់​នេះ​ត្រូវ​បាន​គេ​បូម​ស្ទើរ​រីង​ស្ងួត៖ «ឆ្នាំ​នេះ​អត់​មាន​នរណា​ធ្វើ​ស្រែ​ផង បើ​អត់​មាន​ទឹក​នោះ។ ជីក​ស្រះ​ហ្នឹង​តាំង​ពី​ឆ្នាំ​២០១៣ អា​ស្រះ​ដប់​មុន​ឥឡូវ​ចាប់​ផ្ដើម​ជីក​ស្រះ​បន្ថែម​ទៀត​ហើយ អា​នេះ​យើង​ឃើញ​គេ​កំពុង​ធ្វើ​រាល់​ថ្ងៃ ប៉ុន្តែ​ឮ​ថា​ជីក​ស្រះ​ដប់​ថែម​ទៀត។ បើ​ជីក​ត្រង់​ហ្នឹង បូម​ទឹក​ពី​ទំនប់​គជនប់ ហ្នឹង អ៊ីចឹង​ប្រជាពលរដ្ឋ​អត់​មាន​ទឹក​ឲ្យ​គោ​ឲ្យ​ក្របី​ផឹក​ទេ ហើយ​ក៏​គ្មាន​ទឹក​សម្រាប់​ធ្វើ​ស្រែ​ប្រាំង​ដែរ»

ឆ្លើយ​តប​បញ្ហា​នេះ ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី អ្នកស្រី អ៊ឹង ស្រីណាក់ មាន​ប្រសាសន៍​ថា ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​១០ ដែល​អ្នកស្រី​បាន​ជីក និង​ជួល​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ពីរ​បី​ឆ្នាំ​ទៅ​ហើយ​នោះ គឺ​ពួក​គេ​បាន​ចិញ្ចឹម​ប្រភេទ​ត្រី​ចម្រុះ។ ចំណែក​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​២ ដែល​ទើប​កាយ ហើយ​នៅ​ក្បែរ​នោះ គឺ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី​ឡើយ៖ «ស្រះ​ហ្នឹង​ខ្ញុំ​ជួល​ឲ្យ​ប្រជាជន​បន្តិចៗ​ម្នាក់​ដូច​មួយ​ស្រះ​ទៅ​ពីរ​បី​ពាន់​ម្នាក់ អ៊ីចឹង​ទៅ​ខ្លះ​គេ​ចិញ្ចឹម​ត្រី​ប្រា​អ៊ីចឹង​ទៅ អា​ខ្លះ​ត្រី​ទីឡាព្យា អា​ខ្លះ​មាន​ត្រី​ឆ្ដោរ ប៉ុន្តែ​អា​ត្រី​ឆ្ដោរ​ហ្នឹង​អូន​អ្ហើយ! ពីរ​ពាន់​ម្នាក់​បី​ពាន់ តែ​ជលផល​គេ​អត់​ដែល​មើល​ផង​ហ្នឹង ព្រោះ​អី​ដឹង​ពួក​វា​ល្ហេមល្ហាម​នោះ»

អ្នកស្រី​បញ្ជាក់​ថា ទឹក​នៅ​ក្នុង​អាង​គជនប់ បើ​ទោះ​បី​ជា​មិន​បាន​បូម​បញ្ចូល​ស្រះ​ចិញ្ចឹម​ត្រី​ទាំង​នោះ ក៏​នៅ​តែ​រីង​ស្ងួត​ដែរ​នៅ​ក្នុង​រដូវ​ប្រាំង ប៉ុន្តែ​បញ្ហា​នេះ​ខាង​អ្នកស្រី​បាន​ជួយ​ចាក់​ដី​សហគមន៍​នៅ​តាម​ផ្លូវ​ទំនប់​នោះ​ដែរ។ យ៉ាង​ណា អ្នកស្រី​មិន​ជឿ​ថា​នៅ​បាត​អាង​នោះ​មាន​វត្ថុ​បុរាណ​ដូច​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ប្រភព​ទាក់ទង​ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​ពោធិ៍សាត់ លោក ភុំ វិមល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា។

យ៉ាង​ណា មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា នៅ​ក្នុង​ឃុំ​របស់​លោក​ពិត​ជា​មាន​ស្រះ​ចិញ្ចឹម​ត្រី​ច្រើន​មែន ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​ចុះ​ហាម​ឃាត់​ទៅ​លើ​សកម្មភាព​ទាំង​នោះ​ដែរ។ លោក​បន្ត​ថា បច្ចុប្បន្ន​មាន​ស្រះ​តិចតួច​បំផុត​ដែល​កំពុង​ដំណើរ​ការ ប៉ុន្តែ​លោក​មិន​ទាន់​ក្ដាប់​បាន​ថា​ស្រះ​ទាំង​នោះ ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​ប្រភេទ​អ្វី​ខ្លះ​នោះ​ទេ៖ «ខ្ញុំ​អត់​ក្ដាប់​បាន​ដែរ។ ស្រះ​ចិញ្ចឹម​ត្រី​វា​មាន​ប្រហែល​ជា​ប្រាំ​ទៅ​ប្រាំមួយ​ទេ ប៉ុន្តែ​ស្រះ​ដែល​អត់​ចិញ្ចឹម​នោះ​វា​ច្រើន ព្រោះ​យើង​ធ្វើ​ទំនប់​នោះ ម្ល៉ោះ​ហើយ​វា​ស្រះ​ច្រើន»

ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ ឬ​ត្រីរ៉ស់ គឺ​ជា​សកម្មភាព​ខុស​ច្បាប់ និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​មច្ឆាជាតិ និង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន ដោយសារ​តែ​សកម្មភាព​ចាប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​ទៅ​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ​នៅ​តាម​ស្រះ​ទាំង​នោះ​ក្នុង​១​ថ្ងៃៗ​រាប់​រយ​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។