ជំទប់ទី២ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចោទប្រកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ថាចិញ្ចឹមត្រីឆ្ដោជាង ១ម៉ឺនក្បាលក្នុងស្រះទឹក ពុំមានសមត្ថកិច្ចណាចុះទៅបង្ក្រាបទប់ស្កាត់នៅឡើយទេ។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលបញ្ជាក់ថា ការចិញ្ចឹមត្រីឆ្ដោនោះ ធ្វើឡើងជាលក្ខណៈតូចតាចសម្រាប់ដោះស្រាយនៅក្នុងអង្គភាពប៉ូលិសទេ។
ស្រះទឹកដែលនាយនគរបាលប៉ុស្តិ៍ចិញ្ចឹមត្រីឆ្ដោនោះ ស្ថិតនៅខាងក្រោយការិយាល័យប៉ូលិសឃុំព្រែកនរិន្ទ ដែលមានទំហំទទឹង ២៤ម៉ែត្រ និងបណ្ដោយប្រមាណ ៤០ម៉ែត្រ។ ក្នុងស្រះទឹកនោះ យើងសង្កេតឃើញមានត្រីឆ្ដោ និងត្រីប្រា ប៉ុនកដៃកូនក្មេងរាប់ពាន់ក្បាល ហែលប្រដេញគ្នានៅក្នុងទឹកស្រះយ៉ាងកកកុញ។
ជំទប់ទី២ ឃុំព្រែកនរិន្ទ មកពីគណបក្ស សម រង្ស៊ី លោក ញៀប រ៉ុត មានប្រសាសន៍ខណៈនាំក្រុមការងារចុះពិនិត្យមើលស្រះចិញ្ចឹមត្រីឆ្ដោរបស់មេប៉ូលិសឃុំ នៅថ្ងៃទី៣០ សីហា ថា ស្រះចិញ្ចឹមត្រីឆ្ដោនេះ នាយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំ ដាក់កូនត្រីឆ្ដោជាង ១ម៉ឺន ២ពាន់ក្បាល ប្រមាណពីរខែមកហើយ ពុំមានសមត្ថកិច្ចណាចុះទៅបង្ក្រាបនោះទេ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋក្បែរការិយាល័យប៉ុស្តិ៍នគរបាល មានការខឹងសម្បា និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទង្វើរបស់មន្ត្រីប៉ូលិសនេះថា មិនគួរណាខ្លួនជាអ្នកអនុវត្តន៍ច្បាប់ ប្រកបរបរចិញ្ចឹមត្រីឆ្ដោធ្វើអាជីវកម្មនោះទេ៖ «មេប៉ុស្តិ៍គាត់ដឹងថា ការចិញ្ចឹមត្រីឆ្ដោជាអំពើខុសច្បាប់ទៅហើយ ចុះហេតុអ្វីបានជាគាត់ហ៊ានប្រព្រឹត្តអំពើខុសច្បាប់បែបនេះ?»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកនរិន្ទ លោក ស៊ុន វិសុទ្ធ ទទួលស្គាល់ថា លោកពិតជាបានចិញ្ចឹមត្រីឆ្ដោនៅក្នុងស្រះទឹកក្បែរការិយាល័យប៉ុស្តិ៍ប៉ូលិសប្រាកដមែន ប៉ុន្តែលោកអះអាងថា ស្រះដែលលោកចិញ្ចឹមត្រីឆ្ដោនោះ មានចំនួនប្រមាណ ១.៣០០ក្បាល សម្រាប់ដោះស្រាយនៅក្នុងអង្គភាពប៉ូលិសទេ គឺពុំមែនជាការចិញ្ចឹមដើម្បីធ្វើអាជីវកម្មដូចការចោទប្រកាន់នោះឡើយ៖ «អត់ទេ ខ្ញុំមិនបានចិញ្ចឹមត្រីឯណារាប់ម៉ឺនក្បាលនោះ បើចិញ្ចឹមច្រើនបែបនេះ តើខ្ញុំទៅរកនុយត្រីពីណាមកដាក់ឲ្យវាស៊ីបានទៅ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផលជុំវិញតំបន់បឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ការចិញ្ចឹមត្រីឆ្ដោ បើទោះជាមានចំនួនតិចតួចក៏ដោយ គឺជាទង្វើខុសច្បាប់ជលផល ពីព្រោះការចិញ្ចឹមត្រីឆ្ដោ គេត្រូវរកកូនត្រីតូចៗមកធ្វើជាចំណីអាហារ ដែលនាំឲ្យហិនហោចអស់មច្ឆជាតិគ្មានសល់នៅថ្ងៃមុខ។ បញ្ហានេះហើយ ដែលគេហាមឃាត់នៅទូទាំងប្រទេស មិនឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីឆ្ដោ ចាប់យកកូនត្រីផ្សេងទៀតមកធ្វើជាចំណីរបស់វានោះទេ។ អ្នកស្រីអំពាវនាវឲ្យមន្ត្រីជលផលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រកបរបរចិញ្ចឹមត្រីឆ្ដោនេះឲ្យបានតឹងរ៉ឹង និងហាមមិនឲ្យបន្តសកម្មភាពបែបនេះទៅមុខទៀត៖ «ខ្ញុំមានការព្រួយបារម្ភដោយសារធនធានជលផលឥឡូវនេះ វាប្រឈមនឹងហិនហោចពូជត្រីកាន់ខ្លាំងឡើង ដោយសារតែប្រជាពលរដ្ឋគាត់ចាប់យកកូនត្រីទៅលក់ឲ្យអ្នកចិញ្ចឹមត្រីឆ្ដោនេះឯង»។
ទោះយ៉ាងនេះក្ដី មន្ត្រីក្រុមប្រឹក្សាស្រុកឯកភ្នំ គណបក្សប្រឆាំង បញ្ជាក់ថា ការចិញ្ចឹមត្រីឆ្ដោនេះកើតមានជាច្រើនកន្លែងទៀត រួមមាននៅភូមិពាមឯក ឃុំពាមឯក និងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងស្នើឲ្យស្នងការនគរបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ដកនាយប៉ុស្តិ៍នគរបាលនោះចេញពីតំណែង និងផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
