ប្រជាពលរដ្ឋអ្នកនេសាទត្រីនៅតាមដងទន្លេស្រែពក និងទន្លេសេសាន ខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃពុធ ទី២៩ ខែឧសភា ថាត្រីច្រើនប្រភេទទាំងហ្វូងៗ បានចរាចរពីទន្លេមេគង្គក្រោម ឡើងមកទន្លេនៅខេត្តតំបន់ឦសាន ច្រើនខុសពីបណ្ដាឆ្នាំកន្លងទៅនេះ។
អ្នកនេសាទនៅឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី លោក ម៉ុក ស្រេង កត់សម្គាល់ឃើញថា ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែឧសភា ចលនាត្រីបន្លាស់ទីនៅដងទន្លេចំណុចពីស្ពានស្រែពកថ្មី មកជួររទេះក្នុងភូមិ៥ មានបីលើក ហើយបរិមាណត្រីទាំងហ្វូងកើនច្រើនខុសរៀងរាល់ឆ្នាំ។ លោកបន្តថា អ្នកនេសាទនៅតំបន់នោះ អាចនេសាទត្រីដោយបង់សំណាញ់ និងរាយមងមួយទូកៗ អាចចាប់ត្រីបានប្រមាណ ១០០គីឡូក្រាមក្នុងមួយថ្ងៃ៖ «ជិត ១០ឆ្នាំ បានឃើញត្រីហ្នឹងវាសម្បូរណ៍ដល់ប៉ុណ្ណេះ នាំគ្នាទៅបង់ទៅក៏បានច្រើនៗក្នុងមួយគ្រួសារ ហាហុកសិបគីឡូក្រាម ប្រមូលគ្នាទៅបង់សំណាញ់ដាក់មង វាឡើងមកទាំងហ្វូងៗ។ ត្រីកេះ ត្រីឆ្លាំង អាហ្នឹងអត់ហ្វូងទេ បើដូចត្រីឆ្ពិន ត្រីផ្កាក្ដួច កូនត្រីច្រងៀល ហ្នឹង វាឡើងមានហ្វូងវា គេហៅថាត្រីប៉ាវ៉ា ណា!»។
ចាប់ពីឆ្នាំ២០០៦ ក្រោយពេលទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម បានសាងសង់ជាច្រើននៅខ្សែទឹកខាងលើទន្លេសេសាន និងទន្លេស្រែពក មក ប្រជាសហគមន៍នេសាទនៅខេត្តរតនគិរី ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី រាយការណ៍ថា ផលត្រីបានធ្លាក់ចុះបរិមាណច្រើននៅក្នុងទន្លេទាំងពីរនេះ។ ប្រភេទត្រីមានតម្លៃមួយចំនួន ដូចជាត្រីប៉ាសេអី ត្រីប៉ាវ៉ា កាន់តែក្រខ្សត់។ ជាពិសេស នៅរដូវត្រីធ្វើបន្លាស់ទីទៅរកកន្លែងពងកូន មិនឃើញមានត្រីចរាចរច្រើនពីទន្លេខ្សែទឹកខាងក្រោមដូចមុនឡើយ ពីព្រោះគុណភាពទឹក និងចរន្តទឹកទន្លេ ប្រែប្រួលខុសប្រក្រតី ដោយសារការបើកបិទទំនប់វារីអគ្គិសនី។
មន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី គឺទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង លោក មៀច មាន អះអាងដូចគ្នាថា ត្រីឆ្នាំនេះពិតជាធ្វើបន្លាស់ទីច្រើនជាងឆ្នាំមុនៗ ទាំងទន្លេស្រែពក និងទន្លេសេសាន។ លោកកត់សម្គាល់ថា កាលពីឆ្នាំ២០១២ កន្លងទៅ រាជរដ្ឋាភិបាលបានចាត់វិធានការលប់ឡូត៍នេសាទ និងបង្ក្រាបទៅលើការនេសាទប្រើឧបករណ៍ខុសច្បាប់នៅទន្លេមេគង្គក្រោម និងទន្លេសាប ហេតុនេះបរិមាណផលត្រីកើនឡើងគួរឲ្យកត់សម្គាល់។ ត្រីទាំងនោះធ្វើបន្លាស់ទីទៅរកទីពងកូននៅទន្លេផ្នែកខាងលើ ដែលសម្បូរណ៍កន្លែងពងកូន។
លោកសំណូមពរទៅស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាល ចាត់វិធានការធ្វើយ៉ាងណាគ្រប់គ្រងទៅលើលំហូរទឹក និងគុណភាពទឹក ទាក់ទិនការអភិវឌ្ឍវិស័យវារីអគ្គិសនី ដើម្បីអភិរក្សផលត្រីកំពុងកើនឡើងវិញនេះ៖ «ត្រីហ្នឹងវាមកទាំងពង វាពងពេញៗពោះ។ ខាងស្ថាប័នជំនាញ ឬខាងក្រសួង ស្នើទៅភាគីខាងលើ កុំឲ្យគេបើកទឹក ធ្វើយ៉ាងណាឲ្យទឹកហ្នឹងមានស្ថិរភាពផ្តល់ឱកាសឲ្យត្រីហ្នឹងពងកូនបានល្អ»។
របាយការណ៍របស់មន្ត្រីខណ្ឌជលផលខេត្តរតនគិរី ឲ្យដឹងថា កាលពីឆ្នាំ២០១២ ផលត្រីដែលប្រមូលបាននៅក្នុងខេត្តនេះ មានប្រមាណជាង ៤៥០តោន។
នាយខណ្ឌជលផលខេត្តរតនគិរី លោក ងួន សុគន្ធ មានប្រសាសន៍បញ្ជាក់ថា អ្វីដែលសមត្ថកិច្ចជំនាញមានលទ្ធភាពធ្វើបាន គឺចាត់វិធានការទប់ស្កាត់អ្នកនេសាទ កុំឲ្យប្រើឧបករណ៍នេសាទខុសច្បាប់ និងបង្កើតសហគមន៍នេសាទ ដើម្បីអភិរក្សអន្លង់ពងកូនរបស់ត្រី។ លោកទទួលស្គាល់ថា ឆ្នាំនេះត្រីពិតជាធ្វើបន្លាស់ទីច្រើនពីទន្លេខាងក្រោម ដើម្បីរកទីពងកូន។ ហេតុនេះ លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋអ្នកនេសាទ ចូលរួមការពារមេត្រីពូជ ដើម្បីជំរុញឲ្យកំណើនត្រីកើនច្រើនឡើងវិញ ក្នុងទន្លេទាំងពីរនេះ៖ «បង្កើតខាងអភិរក្សធនធានជលផលហ្នឹង បឹងអភិរក្ស ហើយបឹងតាមដងទន្លេ យើងធ្វើអភិរក្សដែរ បង្កើតសហគមន៍បានច្រើនគ្រប់កន្លែង»។
ប្រជាពលរដ្ឋអ្នកនេសាទនៅខេត្តរតនគិរី លោក ម៉ុក ស្រេង ឲ្យដឹងដែរថា ត្រីដែលបន្លាស់ទីច្រើននាឆ្នាំនេះ រួមមាន ត្រីឆ្ពិន ត្រីផ្កាក្ដួច ត្រីកែ ត្រីកេះ ត្រីឆ្លាំង និងត្រីប៉ាវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
