ប្រជា​នេសាទ​រិះគន់​ទិវា​មច្ឆជាតិ​ឆ្នាំ​២០១៤​ថា​គ្រាន់​តែ​ល្អ​មើល

0:00 / 0:00

ប្រជា​នេសាទ​ព្រួយ​បារម្ភ​ចំពោះ​ផល​នេសាទ​ធម្មជាតិ​ទាំង​ទឹក​សាប និង​ទឹក​ប្រៃ​ថយ​ចុះ។ ក្តី​បារម្ភ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រារព្ធ​ទិវា​មច្ឆជាតិ​ប្រចាំ​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​អភិវឌ្ឍន៍​វិស័យ​ជលផល បាន​អះអាង​ថា ធនធាន​ជលផល​កម្ពុជា មាន​ការ​រីក​ចម្រើន ហើយ​រដ្ឋាភិបាល​កំពុង​ដាក់​ផែនការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​នៅ​រដូវ​បិទ​នេសាទ​ឆ្នាំ​ថ្មី​នេះ។

ទិវា​មច្ឆជាតិ​ប្រចាំ​ឆ្នាំ​២០១៤ នេះ កំណត់​យក​ប្រធានបទ "ត្រី​ដើម្បី​អ្នក​ទាំងអស់​គ្នា ទាំងអស់​គ្នា​ដើម្បី​ត្រី"។ ពិធី​នេះ ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១ កក្កដា នៅ​តំបន់​អាង​ទឹក​ក្តុល ភូមិ​ក្រាំងកន្ទ្រោល ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ជា​អធិបតី​ផង។

ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ជលផល លោក ណៅ ធួក មាន​ប្រសាសន៍​មួយ​ថ្ងៃ​មុន​ពិធី​ចាប់​ផ្ដើម​ថា ការ​ជ្រើស​ប្រធានបទ​នេះ​ដើម្បី​បំផុស​ស្មារតី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​ការពារ​មច្ឆជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ពីព្រោះ​អី​ប្រជាពលរដ្ឋ​ខ្មែរ​បរិភោគ​ត្រី​គ្រប់​គ្នា មួយ​ឆ្នាំ​អស់​ប្រមាណ ៦៣​គីឡូក្រាម​ម្នាក់ អ៊ីចឹង​ធនធាន​ត្រី​នេះ​ត្រូវ​តែ​ជួយ​ការពារ​ទាំងអស់​គ្នា​ដែរ ហើយ​អ៊ីចឹង​ជា​ភារកិច្ច​រួម ទាល់​តែ​អ្នក​ទាំងអស់​គ្នា​ដើម្បី​ត្រី ទើប​ត្រី​ដើម្បី​ទាំងអស់​គ្នា​ដែរ»

ងាក​ទៅ​ប្រជា​នេសាទ​ទឹក​សាប និង​ទឹក​ប្រៃ​វិញ ពួក​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ពិធី​នេះ​ឡើយ ពីព្រោះ​រដ្ឋាភិបាល​ហាក់​មិន​មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​នេសាទ ការ​បំផ្លាញ​បរិស្ថាន​នៅ​តំបន់​ជម្រក​ត្រី​ពង​កូន ហើយ​ទិន្នផល​ត្រី​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ប្រធាន​បណ្ដាញ​ប្រជា​នេសាទ​តំបន់​ឆ្នេរ​សមុទ្រ លោក នាក់ សេន។ បច្ចុប្បន្ន​លោក​រស់នៅ​ឃុំ​ត្រើយកោះ ខេត្ត​កំពត មាន​ការ​ចាប់​អារម្មណ៍​ថា ជា​រូបភាព​ឃើញ​ថា​ល្អ​ណាស់ ចំពោះ​ពិធី​មច្ឆជាតិ​នេះ ប៉ុន្តែ​ធាតុ​ពិត​គ្មាន​បាន​ប្រយោជន៍​អ្វី ឬ​មាន​គោលដៅ​ឲ្យ​ពិត​ប្រាកដ​ក្នុង​ការ​កាត់​បន្ថយ​បទល្មើស​នេសាទ និង​អាច​បង្កើន​ទិន្នផល​ត្រី​បាន​ដូច​សម័យ​មុនៗ​នោះ​ទេ៖ «អា​រឿង​ធ្វើ​ទិវា​មច្ឆជាតិ​ទទួល​ស្គាល់​ហើយ​គ្រាន់​ថា​នៅ​ប្រទេស​យើង ដូចជា​នៅ​ខេត្ត​ខ្ញុំ​អី​នេះ គ្មាន​ឃើញ​អី​រីក​ចម្រើន គ្មាន​ឃើញ​អី​គង់វង្ស គ្មាន​ឃើញ​អី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ ខ្ញុំ​ដូចជា​ពិបាក​ដែរ ចាប់​អារម្មណ៍​ត្រា​ណា​ការពារ​របស់​យើង​ឲ្យ​បាន​ទៅ​មុខ ឲ្យ​បាន​ថេរ​ទៅ ចុះ​បើ​ចេះ​តែ​ថយ​ទៅ​ទៅៗ អា​ហ្នឹង​គិត​ធ្វើ​ម៉េច?»

លោក​បន្ត​ថា ផល​នេសាទ​នៅ​តំបន់​ឆ្នេរ​ឆ្នាំ​នេះ​ថយ​ចុះ​ប្រមាណ​ជា ៥០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ ការ​ថយ​ចុះ​នេះ លោក​បាន​លើក​យក​ហេតុផល​បទល្មើស​នេសាទ​ជា​គោល​សំខាន់ ហើយ​សមត្ថកិច្ច​មិន​អាច​ទប់ស្កាត់​បាន​ទេ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ចំណែក​ប្រជា​នេសាទ​នៅ​តំបន់​ទឹក​សាប​វិញ ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។

ប្រធាន​សហគមន៍​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប លោក ឡុង សុចែត មាន​ប្រសាសន៍​ថា ទិន្នផល​នេសាទ​នៅ​តាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ឆ្នាំ​នេះ​ថយ​ចុះ​ច្រើន​ជាង​ឆ្នាំ​មុន បើ​ប្រៀបធៀប​នឹង​ពេលវេលា​ដូច​គ្នា​ស្ថានភាព​កម្ពស់​ទឹក​ដូច​គ្នា៖ «យើង​ត្រួត​ពិនិត្យ​មើល​តាម​លក្ខណៈ​គ្រួសារ ដែល​គាត់​នេសាទ​បាន​នៅ​តាម​ទន្លេ អ៊ីចឹង​មើល​ដឹង​តើ​ពេល​នេសាទ​បាន​មក ដូច​អ្នក​ខ្លះ​រាយ​មង​អី​មួយ​ថ្ងៃ​អាច​បាន​ត្រឹម ៣​ម៉ឺន ២​ម៉ឺន។ អ្នក​ខ្លះ​អាច​បាន ៤​ម៉ឺន​អី​ក្នុង​មួយ​ថ្ងៃ​ឆ្នាំ​ទៅ ឆ្នាំ​នេះ​ខ្សោយ​ណាស់ មួយ​ថ្ងៃ​បាន​មួយ​ម៉ឺន ៧ ទៅ ៨​ពាន់​អី​ត្រី​វា​ខ្សោយ​ជាង​ឆ្នាំ​មុន»

ចំណែក​ជា​ប្រជា​នេសាទ​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង វិញ មាន​ប្រសាសន៍​ដែរ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​ធ្វើ​ពិធី​លែង​កូន​ត្រី​ក្នុង​ពិធី​មច្ឆជាតិ​ជាច្រើន​លើក​ទៀត​ក៏ដោយ ក៏​មិន​អាច​ឲ្យ​ធនធាន​ត្រី​ធម្មជាតិ​សម្បូរ​ឡើង​វិញ​ឡើយ បើ​សិន​ជា​ពុំ​មាន​ការ​ថែទាំ​ព្រៃរនាម ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​ពួក​វា​ឲ្យ​បាន​គង់វង្ស និង​ទប់ស្កាត់​បទល្មើស​នេសាទ​មិន​បាន​នោះ​ទេ៖ «ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ផង ព្រោះ​ត្រី​ស្រុក​ខ្មែរ​យើង​ឥឡូវ​ស្ទើរ​តែ​អស់​ទៅ​ហើយ ជិត​ដាច់​ពូជ​ហើយ ព្រោះ​អា​ក្រណាត់​ឈិប​ក៏​មាន អា​ស្បៃ​ម៉ុង​អូស​កម្លាំង​ម៉ាស៊ីន​ឲ្យ​ពេញ​ព្រៃ អត់​ឃើញ​ជលផល​ណា​ចុះ​ពិនិត្យ​មើល​ផង បើ​ចុះ​ទៅ​គ្រាន់​តែ​ក្រវែលៗ​យក​តែ​លុយ​ទៅ​វិញ​បាត់ បើ​អ៊ីចឹង​មច្ឆជាតិ​ស្រុក​ខ្មែរ​យើង​ចេះ​តែ​អស់​ទៅៗ​ហើយ»

លោក ឡុង សុចែត បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ហិនហោច​ពូជ​ត្រី​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ពេល​នេះ គឺ​បណ្ដាល​មក​ពី​បទល្មើស​នេសាទ​ធ្ងន់ធ្ងរ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ទន្ទ្រាន​យក​ដី​ជាដើម ហើយ​បញ្ហា​នេះ​រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​បាន​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់ ជា​ដើម​ចម​ដែល​នាំ​ឲ្យ​ការ​ទប់ស្កាត់​មិន​មាន​ប្រសិទ្ធភាព៖ «បាន​សេចក្តី​ថា អ្នក​ប្រព្រឹត្តិ​បទល្មើស​ចាប់​បាន​គេ​យក​លុយ​លែង ហើយ​លែង​មក​វិញ អ៊ីចឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្តិ​បទ​នៅ​តែ​ហ៊ាន នៅ​តែ​បំពាន ព្រោះ​វា​ខ្លាច​អី​ហ្នឹង​រក វា​ទៅ​រក​បាន​លុយ ហើយ​យក​លុយ​មក​ដោះ​ខ្លួន​នៅ​ពេល​ដែល​គេ​ចាប់​អ៊ីចឹង អា​ហ្នឹង​យើង​មើល​ឃើញ​ថា វា​មាន​ឥទ្ធិពល​ទៅ​ធនធាន​ជលផល»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​មក​នេះ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​រដ្ឋបាល​ជលផល លោក ណៅ ធួក បាន​បដិសេធ ដោយ​លោក​អះអាង​ថា ផល​ត្រី​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាល​កែ​ទម្រង់​ស៊ី​ជម្រៅ​លើ​វិស័យ​នេះ​កន្លង​មក។ លោក​ថា កាល​ពី​ឆ្នាំ​២០១៣ ទិន្នផល​ត្រី​បី​ប្រភេទ គឺ​ទឹក​សាប ទឹក​ប្រៃ និង​ត្រី​ចិញ្ចឹម កើន​ឡើង ៤៦​ពាន់​តោន លើស​ពី​ឆ្នាំ​២០១២ ដែល​ទទួល​បាន​ជាង ៦៨០​ពាន់​តោន។ ក្នុង​នោះ​ដែរ ត្រី​ទឹក​សាប​មាន​ប្រមាណ​ជាង ៥០០​ពាន់​តោន។ ចំណែក​ការ​បង្ក្រាប​បទល្មើស​វិញ លោក​ថា គិត​ពី​ដើម​រដូវ​ឆ្នាំ​នេះ​មក បង្ក្រាប​បាន​ជាង ១០០​ករណី។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រៃ​លិច​ទឹក​សព្វថ្ងៃ​នៅ​សល់​ប្រមាណ ១​លាន​ហិកតារ ប៉ុន្តែ​លោក​មិន​បង្ហាញ​ថា មាន​ការ​បំផ្លាញ​អស់​ប៉ុន្មាន​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​រដ្ឋបាល​ជលផល​មួយ​រូប​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ព្រៃ​លិច​ទឹក​ត្រូវ​ជន​មាន​អំណាច​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​អស់​ប្រមាណ​ជាង ៣០​ម៉ឺន​ហិកតារ និង​តំបន់​វាល​ទំនាប​លិច​ទឹក​នៅ​រដូវ​វស្សា​មួយ​ចំនួន​ទៀត ដែល​ជាប់​ទាក់ទង​ដែន​នេសាទ និង​ជា​ជម្រក​ត្រី​ពង​កូន​ដែរ​នោះ ក៏​ត្រូវ​គេ​បូម​ខ្សាច់​ចាក់​លុប​ជា​បណ្ដើរ​ដែរ ដូចជា នៅ​តំបន់​ជ្រោយចង្វារ ព្រែកលៀប ខ្ទរ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦អា ដើម្បី​ធ្វើ​ក្រុង​រណប តំបន់​បឹង​ជើងឯក ជាយ​រាជធានី​ភ្នំពេញ តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា ផល​ត្រី​ដែល លោក ណៅ ធួក ថា​កើន​ឡើង​នោះ គឺ​កើន​ឡើង​តែ​តួលេខ​ទេ រីឯ​ចំនួន​ពិត​ប្រាកដ​មិន​មាន​ឡើយ ហើយ​តាម​ស្ថានភាព​ជាក់ស្តែង​ដូច​ប្រជាពលរដ្ឋ​បាន​លើក​ឡើង និង​លក្ខខណ្ឌ​ធម្មជាតិ លក្ខណៈ​បច្ចេកទេស​បង្ហាញ​ថា ផល​ត្រី​មិន​អាច​កើន​ឡើង​បាន​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ប្រឈម​មុខ​ផុត​ពូជ។ លោក​បន្ត​ថា តម្រូវ​ការ​ត្រី​ក្នុង​ស្រុក​សព្វថ្ងៃ ភាគ​ច្រើន គឺ​បំពេញ​ដោយ​ត្រី​ចិញ្ចឹម​នាំ​ចូល​ពី​ប្រទេស​វៀតណាម ចំណែក​ត្រី​ធម្មជាតិ ពិសេស​ពី​បឹង​ទន្លេសាប ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រោះ​ប្រទេស​ទាំង​នោះ​មាន​តម្រូវ​ការ​ខ្ពស់ និង​លក់​បាន​ថ្លៃ។

របាយការណ៍​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ បាន​បង្ហាញ​ឲ្យ​ដឹង​ថា កម្ពុជា ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​ទី​៤ ក្រោម​ប្រទេស​បី​ទៀត គឺ​ប្រទេស​បង់ក្លាដេស (Bangladesh) ឥណ្ឌា (India) និង​ប្រទេស​ចិន (China)។

ក្រុម​ប្រជា​នេសាទ​សហគមន៍​ធ្លាប់​ធ្វើ​សិក្ខា​សាលា​អំពី​វិបត្តិ​ធ្លាក់​ចុះ​ផល​ត្រី និង​ការ​បាត់​បង់​ពូជ​ត្រី​កម្រ ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង តម្លាភាព​យុត្តិធម៌ ចំពោះ​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី និង​សុំ​ឲ្យ​ធ្វើ​ពិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន នៃ​ច្បាប់​ជលផល​ចាស់ ដើម្បី​ឲ្យ​ស៊ី​សង្វាក់​គ្នា​នឹង​ស្ថានភាព​ជាក់ស្តែង ដែល​ជា​ជំហាន​មួយ​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ជលផល​ឲ្យ​រីក​ចម្រើន​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។