មន្ត្រី​ជលផល​នៅ​កំពង់ឆ្នាំង​រង​ការ​រិះគន់​ថា​បង្ក្រាប​បទល្មើស​នេសាទ​មិន​ត្រឹមត្រូវ

ដោយ ជិន ជេដ្ឋា
2014.07.31
ឧបករណ៍​នេសាទ​ខុស​ច្បាប់ កំពង់ឆ្នាំង ៣០៥ របាំង​សំណាញ់​តាម​ដង​ស្ទឹង​ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។
RFA

ប្រជាពលរដ្ឋ និង​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ថ្លែង​រិះគន់​ធ្ងន់ៗ​ចំពោះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​នេះ​ថា អនុវត្ត​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​មិន​បាន​ត្រឹមត្រូវ។

ពួក​គេ​អះអាង​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ថា ខណៈ​ដែល​បទល្មើស​កើត​មាន​ច្រើន​នៅ​ក្នុង​បឹង​ទន្លេសាប បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​នោះ បែរ​ជា​ក្រុម​មន្ត្រី​ជំនាញ​ជលផល​ទៅ​កាប់​ទម្លាយ​បែរ​ចិញ្ចឹម​ត្រី​ប្រា​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ។

ការ​ថ្លែង​រិះគន់​នេះ គឺ​នៅ​បន្ទាប់​ក្រុម​មន្ត្រី​ជំនាញ​ជលផល​មាន​គ្នា​ប្រមាណ​ជា ១០​នាក់ ដឹក​នាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក សេង ប៊ុនឈឿន ហៅ តា​ហោ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិសាស្ត្រ​ស្រុក​ជលគីរី និង​បាន​កាប់​បែរ​លែង​ត្រី​ប្រា​ជាច្រើន​ក្បាល​របស់​អ្នក​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

ប្រជាពលរដ្ឋ និង​ជា​ម្ចាស់​បែរ​ត្រី អ្នកស្រី ជួង សម មាន​ប្រសាសន៍​ថា កូន​ត្រី​ប្រា​ចំនួន ១​ម៉ឺន ៥​ពាន់​ក្បាល ដែល​គ្រួសារ​អ្នកស្រី​ខំ​ចិញ្ចឹម ប៉ុន្តែ​ត្រូវ​ខាង​ជលផល​លែង​វិញ​នោះ គឺ​ជា​ត្រី​ដែល​បាន​មក​ពី​ការ​នេសាទ​ខ្លួន​ឯង​ខ្លះ និង​ចង​ការ​ប្រាក់​គេ​ជាង ១​លាន​រៀល ដើម្បី​ទៅ​ទិញ​កូន​ត្រី​គេ ទើប​បាន​មក​ចិញ្ចឹម​នេះ។ អ្នកស្រី​ថា សកម្មភាព​បង្ក្រាប​នេះ គឺ​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​គ្រួសារ​អ្នកស្រី និង​ស្នើ​ឲ្យ​មន្ត្រី​ទាំង​នោះ សង​កូន​ត្រី​ប្រា​គាត់​វិញ៖ «ពេល​គេ​កំពុង​តែ​ចាក់​ហ្នឹង ខ្ញុំ​អង្វរ​គេ ពូ​ឯង​កុំ​ចាក់​របស់​ខ្ញុំ​អី ខ្ញុំ​ចិញ្ចឹម​ត្រី​ប្រា​ទេ ខ្ញុំ​មិន​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទេ អត់​ខុស​ច្បាប់​ទេ។ លេង​គេ​ស្រែក​មក​វិញ គេ​ថា​របស់​ខ្ញុំ​ហ្នឹង​ខុស​ច្បាប់ ត្រី​ប្រា​ក៏ដោយ គាត់​ថា​អ៊ីចឹង​ណា​ពូ»

បន្ថែម​លើ​នេះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង មក​ពី​គណបក្ស​ប្រឆាំង លោក ដួង ចន្ដ្រា ថ្លែង​រិះគន់​ថា ការ​នេសាទ​ដោយ​ប្រើ​របាំង​ស្បៃ​មុង​រាប់​រយ​ម៉ែត្រ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ឃុំ​មួយ​ចំនួន នៃ​ស្រុក​ជលគីរី និង​ស្រុក​កំពង់លែង មិន​ដែល​ឃើញ​បង្ក្រាប​មាន​ប្រសិទ្ធភាព​ឡើយ ប៉ុន្តែ​បែរ​ជា​មក​បំពារបំពាន​លើ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​ត្រី​ស្រប​ច្បាប់​ទៅ​វិញ៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ជា​រៀង​រាល់​ថ្ងៃ ដែល​គាត់​តែង​តែ​តេ (ទូរស័ព្ទ) ក្រើន​រំឭក ឲ្យ​យើង​ធ្វើ​យ៉ាង​ម៉េច​ជួយ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​ល្មើស​នេសាទ​នេះ​ដែរ ហើយ​ខ្ញុំ​ក៏​តែង​តែ​ព្យាយាម​ជូន​ដំណឹង​នេះ​ទៅ​អភិបាល​ខេត្ត​ជា​រៀង​រាល់​ពេល​នៃ​ការ​ប្រជុំ​ផង ប៉ុន្តែ​មក​ដល់​ពេល​នេះ​ឃើញ​ថា នៅ​តាម​មូលដ្ឋាន​ហាក់​ដូច​ជា​ធ្វើ​ជា​ព្រងើយ​កន្តើយ មិន​អើពើ​ទៅ​នឹង​ការ​ល្មើស​នេសាទ​ហ្នឹង​ឯង»

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក សេង ប៊ុនឈឿន ពន្យល់​យ៉ាង​ខ្លី​ថា កូន​ត្រី​ប្រា​ដែល​ខាង​លោក​បាន​លែង​នោះ គឺ​ជា​កូន​ត្រី​ដែល​បាន​មក​ពី​ការ​នេសាទ​ខុស​ច្បាប់ ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង។ ចំពោះ​ការ​រិះគន់​ថា មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​មិន​ត្រឹមត្រូវ ឬ​ពុំ​មាន​ប្រសិទ្ធភាព​នោះ ត្រូវ​លោក​ឆ្លើយ​តប​ថា បទល្មើស​នេសាទ​នៅ​ទូទាំង​ខេត្ត​ពុំ​មាន​ការ​កើន​ឡើង​នោះ​ទេ ជាពិសេស​ក្នុង​រដូវ​បិទ​នេសាទ​នេះ ប៉ុន្តែ​លោក​ទទូច​សុំ​ឲ្យ​ការ​រិះគន់ និង​ការ​ផ្ដល់​ព័ត៌មាន​នានា ទាក់ទង​នឹង​បទល្មើស ត្រូវ​តែ​មាន​ភាព​ច្បាស់​លាស់ ដើម្បី​ឲ្យ​ខាង​លោក​ងាយ​ស្រួល​ចុះ​បង្ក្រាប៖ «ខ្ញុំ​សូម​បញ្ជាក់ អា​ត្រី​ប្រា​ក្នុង​បែរ យើង​អត់​ទៅ​ធ្វើ​អី​បាន​ទេ​បាទ បើ​សិន​ជា​គេ​បាន​ពី​ឧបករណ៍​ស្រប​ច្បាប់។ ខ្ញុំ​ទៅ​ចាក់​នេះ​ត្រី គឺ​លាក់​នៅ​ក្នុង​ព្រៃ ត្រី​ហ្នឹង​បាន​មក​ពី​ឧបករណ៍​នេសាទ​ស្បៃ​មុង ហើយ​គាត់​យក​ទៅ​ដាក់​ហាប៉ាៗ មិន​មែន​បែរ​ទេ ហាប៉ា ជា​ឧបករណ៍​មួយ​ដែល​គេ​សម្រាប់​ប្រស់​ត្រី​នោះ​ណា!»

មន្ត្រី​សម្រប​សម្រួល​សហគមន៍ នៃ​អង្គការ​ការពារ និង​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា ហ្វេក (Fact) អ្នកស្រី នៅ សារឹម ថ្លែង​គាំទ្រ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ជលផល​នេះ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ទិញ​កូន​ត្រី​ពី​កន្លែង​ផ្សេង​មក​ចិញ្ចឹម គឺ​មិន​ខុស​ច្បាប់​នោះ​ទេ លើក​លែង​តែ​ក្នុង​សកម្មភាព​ដង​កូន​ត្រី​ប្រា​ដោយ​ឧបករណ៍​ផ្សេងៗ ដែល​ច្បាប់​បាន​ហាម​ឃាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។