ប្រជាសហគមន៍នេសាទត្រើយកោះ នៅខេត្តកំពត កំពុងទន្ទឹងរង់ចាំចំណាត់ការផ្លូវច្បាប់ពីសំណាក់អាជ្ញាធរទៅលើអ្នកនេសាទជនជាតិវៀតណាម ដែលបានសម្លាប់កម្មករទូកនេសាទម្នាក់កាលពីយប់ថ្ងៃទី២៦ ខែកក្កដា កន្លងទៅ។ ប្រជាសហគមន៍អះអាងថា នេះជាករណីធ្ងន់ធ្ងរជាងគេដែលអ្នកនេសាទជនជាតិវៀតណាម បានប្រព្រឹត្តមកលើសមាជិកសហគមន៍របស់ពួកគាត់។
សហគមន៍នេសាទត្រើយកោះ ដែលមានទីតាំងនៅសង្កាត់ត្រើយកោះ ក្រុងកំពត អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច និងខណ្ឌរដ្ឋបាលជលផលខេត្ត វែកមុខចាប់ឃាតកជនជាតិវៀតណាម ដែលបានសម្លាប់កម្មករទូកម្នាក់ជាសមាជិករបស់សហគមន៍មកផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោក សឿ រិន សមាជិកសហគមន៍ម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍ និងដែលបានជួយស្រង់សាកសពជនរងគ្រោះពីក្នុងទឹកសមុទ្រ បានរៀបរាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់នោះថា ទូកនេសាទរបស់ជនជាតិវៀតណាម ពីរគ្រឿងបានធ្វើសកម្មភាពខុសច្បាប់ក្នុងដែនទឹកកម្ពុជា ខណៈដែលទូកនេសាទរបស់ខ្មែរកំពុងនេសាទក្នុងដែនទឹករបស់ខ្លួន។
លោក សឿ រិន រៀបរាប់បន្ថែម៖ «វាអូសមងជាប់គ្នា វាខឹងខ្លាំង វាកាត់ពូមកបុកពន្លិចតែម្ដង។ តែដល់ពេលបុកអត់លិច កូនដៃ [កម្មករ ] ក៏ធ្លាក់ទឹក ហើយវាក៏ស្រង់កូនដៃឡើង រួចសម្លាប់ចោល។ បន្ទាប់មកវាតេអូហៅពួកខ្ញុំថា ឱ្យទៅយកខ្មោចពួកគ្នាឯងវិញទៅ។ វាមិនគួរសោះ អូសនៅទឹកដីខ្មែរសោះ វាមានកម្លាំងដល់ថ្នាក់ហ្នឹង ដល់ធ្វើបាបខ្មែរ»។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៨យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ចម្ងាយប្រមាណ ២គីឡូម៉ែត្រពីឆ្នេរសង្កាត់ត្រើយកោះ។ បុរសជាកម្មករទូកនេសាទដែលត្រូវបានសម្លាប់នោះ មានឈ្មោះ អៃ យ៉ូប អាយុ ៤២ឆ្នាំ ជាជនជាតិចាម រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ជនរងគ្រោះមានប្រពន្ធអាយុ ៣៥ឆ្នាំ មានជំងឺរ៉ាំរ៉ៃជាប់ខ្លួន និងមានកូន ២នាក់ក្នុងបន្ទុក ជាពលរដ្ឋក្រីក្ររស់នៅពឹងផ្អែកលើការចុះទូកដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
មន្ត្រីនៃអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពត លោក ហេង ភារៈ ដែលបានតាមដានករណីនេះ បានថ្លែងថា អាជ្ញាធរហាក់បង្ហាញពីភាពឆកល្វែងក្នុងការគ្រប់គ្រងដោយបណ្ដោយឱ្យជនជាតិវៀតណាម អាចនេសាទបានដោយខុសច្បាប់ក្នុងដែនទឹករបស់ខ្មែរ។ លោកបានអះអាងថា សមាគមអាដហុក នឹងជួយគាំពារផ្នែកច្បាប់ដល់ក្រុមគ្រួសារជនរងគ្រោះ។
លោក ហេង ភារៈ៖ «វាជាករណីមួយដែលឃាតកម្មពិតប្រាកដ។ អាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជាមានការអនុវត្តយឺតយ៉ាវ ក៏ដូចជាអនុវត្តមានកម្រិតនៅក្នុងការតាមចាប់ជនល្មើស។ យើងសង្ឃឹមថា អាជ្ញាធរខេត្តនឹងសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីតាមចាប់ជនល្មើសទាំងនោះមកផ្ដន្ទាទោស»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីលោក សរ សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត ស្តីអំពីដំណើរការនៃការតាមចាប់ជនដៃដល់បាននៅឡើយទេ នៅថ្ងៃទី៣០ ខែកក្កដា។
ចាប់តាំងពីឆ្នាំ២០០២ មក ចំណាត់ការរបស់អាជ្ញាធរទៅលើសកម្មភាពនេសាទខុសច្បាប់របស់ជនជាតិវៀតណាម ហាក់មិនសូវមានប្រសិទ្ធភាពដែលនាំឱ្យពលរដ្ឋក្នុងសហគមន៍ដាក់ការសង្ស័យថា អាជ្ញាធរអាចទទួលបានផលពីការនេសាទខុសច្បាប់នោះ។ នេះបើតាមការអះអាងរបស់លោក សឿ រិន សហគមន៍នេសាទត្រើយកោះ។
លោកក៏បានអំពាវនាវឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនសហគមន៍៖ «មន្ត្រីមួយណាក៏ធ្វើអត់បែកដែរ។ ប្រជាពលរដ្ឋរបស់ខ្ញុំ សុំឱ្យតែបំបាត់អូសគូ និងបទល្មើសទូកឆក់ទេ។ សុំប៉ុណ្ណឹង ខ្ញុំសុំអត់ដែលបានទេ តាំងពីឆ្នាំ២០០២ មកដល់ឥឡូវ»។
តាមការឱ្យដឹងរបស់ប្រជាសហគមន៍អ្នកនេសាទជនជាតិវៀតណាម ដែលភាគច្រើនមានមូលដ្ឋាននៅកោះត្រល់ តែងលួចនេសាទចូលដែនទឹកកម្ពុជា ដោយមិនញញើតអាជ្ញាធរ ហើយជាញឹកញាប់តែងប៉ះទង្គិចជាមួយប្រជាសហគមន៍នេសាទ។ ចំណុចដែនទឹកដែលវៀតណាម តែងបំពាននោះ ស្ថិតនៅទីតាំងជង្ហុកក្រមយ ដែលនៅចន្លោះសង្កាត់ត្រើយកោះ និងស្រុកទឹកឈូ ខេត្តកំពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
