រដ្ឋាភិបាលបានប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ២០១៥-២០១៦ ចាប់តាំងតែពីថ្ងៃទី១ ខែតុលា រហូតមកដល់ពេលនេះមានរយៈពេលជិត ២ខែមកហើយ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រីក្នុងបឹងទន្លេសាប អាចចូលទៅរកស៊ីចិញ្ចឹមជីវិត។ ក៏ប៉ុន្តែនៅឯឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង វិញ អ្នកនេសាទមួយចំនួនសម្ដែងការមិនសប្បាយចិត្តទេ ដោយពួកគេអះអាងថា មន្ត្រីជលផលខ្លះបានគាបសង្កត់យកប្រាក់ពីពួកគេ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងបឹងទន្លេសាបនៃឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ចម្ងាយជិត ៣០គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប ត្អូញត្អែរថា ពួកគេកំពុងតែពិបាកប្រកបមុខរបរនេសាទត្រីតូចតាច ដោយសារតែមានមន្ត្រីជលផលខ្លះទៅគាបសង្កត់យកប្រាក់ពីលើមុខរបរនេះ។
ក្រុមអ្នកភូមិបានចោទប្រកាន់មន្ត្រីជលផលចំនួន ២រូប ថាមានជាប់ពាក់ព័ន្ធនឹងការទៅគាបសង្កត់យកប្រាក់ពីពួកគេ ជាថ្នូរនឹងការបើកឲ្យទៅនេសាទត្រីក្នុងបឹងទន្លេសាបបានដោយស្រួល។
បុរសម្នាក់ជាអ្នកភូមិត្នោតកំបុត នៃឃុំកំពង់ភ្លុក ក្នុងចំណោមអ្នកនេសាទជាច្រើនទៀត សុំមិនហ៊ានបញ្ចេញឈ្មោះ មានប្រសាសន៍ថា គាត់មិនសប្បាយចិត្តទេ ពីព្រោះតែគាត់មានមុខរបរជាអ្នកនេសាទត្រីតូចតាច និងបានកម្រៃប្រចាំថ្ងៃតិចតួចគ្រាន់ចិញ្ចឹមជីវិត ប៉ុន្តែបែរជាមន្ត្រីជលផលខ្លះទៅគាបសង្កត់ឲ្យគាត់បង់ប្រាក់ថ្លៃនេសាទត្រីនៅក្នុងបឹងទន្លេសាប។ បុរសដដែលបញ្ជាក់ថា កាលពីសប្ដាហ៍មុន គាត់បានបង់ប្រាក់ចំនួន ១៥ម៉ឺនរៀលឲ្យទៅមន្ត្រីជលផលប្រចាំឃុំកំពង់ភ្លុក ម្ដងរួចមកហើយ ស្រាប់តែកាលពី ៣-៤ថ្ងៃមុន ក៏មានមន្ត្រីជលផលមកពីតំបន់ចុងឃ្នៀស ម្នាក់ទៀតទៅទារឲ្យពួកគាត់បង់លុយក្នុងទូកនេសាទ ១គ្រឿងចំនួន ១០ម៉ឺនថែមទៀត៖ «ថាជំរុញឲ្យបង់ ១០ម៉ឺនគ្រប់ក្រុមគ្រួសារក្នុង ១ក្បាលកាណូត។ ថ្លៃរាយមងគេយកដែលយើងនេសាទត្រី»។
អ្នកនេសាទត្រីម្នាក់ទៀតនៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្នពួកគាត់នេសាទបានត្រឹមតែដាក់មងចង្វាពោត ដើម្បីចាប់យកត្រីតូចៗទៅលក់ដូរគ្រាន់បានប្រាក់ទិញអង្ករគីឡូ ដាំបាយចែកកូនហូបប៉ុណ្ណោះ ប៉ុន្តែបើមន្ត្រីជលផលម្នាក់មកទារឲ្យបង់លុយ ១៥ម៉ឺនរៀល និងម្នាក់ទៀតមកទារ ១០ម៉ឺនរៀលដូច្នេះ តើពួកលោកទៅរកលុយពីណាបាន?៖ «ការដែលយកនេះធ្ងន់ធ្ងរពេក បើសិនណាមិនឲ្យលុយ គេនឹងដកយកសម្ភារៈនេសាទ។ អាហ្នឹងខ្ញុំមិនដឹងជាយល់ថាយ៉ាងម៉េច? យើងអ្នកនេសាទតូចតាចពិបាករកលុយណាស់ គ្នាគ្រាន់តែរាយមងត្រីចង្វាពោត ១០-២០ដៃ»។
ក្រុមអ្នកនេសាទឃុំកំពង់ភ្លុក ចោទប្រកាន់ លោក វៃ វ៉ន មន្ត្រីជលផលកំពង់ភ្លុក និងលោក ស្រី សុភ័ក្រ ជាមន្ត្រីជលផលនៅចុងឃ្នៀស ថាបានជាប់ពាក់ព័ន្ធនឹងការគាបសង្កត់យកលុយពីពួកគាត់នោះ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកលេខទូរស័ព្ទទាក់ទងទៅ លោក វៃ វ៉ន និងលោក ស្រី សុភ័ក្រ ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី២២ វិច្ឆិកា។
ចំណែកអាជ្ញាធរឃុំកំពង់ភ្លុក បានច្រានចោលការចោទប្រកាន់របស់អ្នកនេសាទទៅលើមន្ត្រីជលផលទាំងនោះ ថាជារឿងមិនពិត។
មេឃុំកំពង់ភ្លុក លោក នឹង នី មានប្រសាសន៍ថា មិនមានមន្ត្រីជលផលណាទៅគាបសង្កត់ទារលុយពីអ្នកនេសាទ ដូចការចោទប្រកាន់នោះទេ។ លោក នឹង នី បញ្ជាក់ទៀតថា ចាប់តាំងពីរដូវបើកនេសាទថ្ងៃទី១ ខែតុលា រហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋខ្លះចេញទៅនេសាទត្រីក្នុងបឹងទន្លេសាប ដោយបំពានទៅលើអនុក្រឹត្យរបស់រដ្ឋាភិបាលដែលណែនាំ ដូចជាប្រើមងវែងៗរហូតទៅដល់ចម្ងាយ ២០គីឡូម៉ែត្រក៏មាន។ ដោយសារបញ្ហានេះ គឺមន្ត្រីជលផលបានចុះទៅពិន័យជាអន្តរកាល ចំពោះការប្រើឧបករណ៍នេសាទខុសច្បាប់ទាំងនេះ មិនមែនទៅគាបសង្កត់យកលុយទេ។ លោកមេឃុំអះអាងថា លោកបានដឹងរឿងនេះច្បាស់ ព្រមទាំងទៅជួយអង្វរកុំឲ្យមន្ត្រីជលផល ផាកពិន័យជាប្រាក់ច្រើនពេក ពីព្រោះអ្នកនេសាទក្នុងឃុំរបស់លោកសុទ្ធតែជាអ្នកក្រីក្រខ្លាំង៖ «ខាងបងប្អូននេសាទកំពង់ភ្លុក នោះ មានការព្រមព្រៀងផ្ដិតមេដៃឲ្យគេពិន័យអន្តរកាល ដោយសារយើងរកត្រីដោយប្រើឧបករណ៍ហួសពីអនុក្រឹត្យដែលបានកំណត់»។
ចំណែកតំណាងសហគមន៍នេសាទខេត្តសៀមរាប លោក ឱម ឈឹម មានប្រសាសន៍ថា លោកមិនទាន់បានដឹងពីបញ្ហាដែលថា មានមន្ត្រីជលផលទៅគាបសង្កត់ទារប្រាក់ពីអ្នកនេសាទនៅកំពង់ភ្លុក នោះទេ។ លោក ឱម ឈឹម បញ្ជាក់ថា លោកក៏ជាអ្នករស់នៅក្នុងឃុំកំពង់ភ្លុក ប្រសិនបើមានមន្ត្រីជលផលមកគាបសង្កត់ទារប្រាក់មែន ហេតុអ្វីបានជាអ្នកនេសាទទាំងនោះមិនហ៊ានមកប្រាប់?
ទោះយ៉ាងណា លោក ឱម ឈឹម សង្ស័យថា បញ្ហាដែលមន្ត្រីទៅគាបសង្កត់ទារលុយពីអ្នកនេសាទនោះ គឺទំនងជាអាចមានមែន ក៏ប៉ុន្តែអាចធ្វើឡើងដោយស្ងាត់ៗរវាងមន្ត្រីជលផល ជាមួយនឹងអ្នកនេសាទខ្លះ ដែលប្រើឧបករណ៍នេសាទខុសច្បាប់។ លោក ឱម ឈឹម ផ្ដោតការសង្ស័យបែបនេះ ដោយសារតែលោកដឹងថា កាលពីរដូវបើកនេសាទឆ្នាំ២០១៤ កន្លងទៅ គឺមានអ្នកនេសាទជាច្រើនបានប្រើឧបករណ៍នេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាប នៃឃុំកំពង់ភ្លុក។ ក្នុងចំណោមអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ទាំងនោះ ខ្លះបានបង់លុយជាសម្ងាត់ទៅឲ្យមន្ត្រីជលផល ជាថ្នូរនឹងការបិទមាត់ បិទភ្នែក មិនឲ្យមើលឃើញការប្រើឧបករណ៍នេសាទខុសច្បាប់របស់ពួកគេ ហើយពួកគេក៏រកកម្រៃបានច្រើនកាក់កបក្នុងការនេសាទត្រី ជាងអ្នកដែលប្រើឧបករណ៍នេសាទត្រឹមត្រូវដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
