អភិបាល​ខេត្ត​កំពង់ធំ​អះអាង​ថា​ត្រី​ងាប់​នៅ​បឹង​ទន្លេ​ឆ្មា​មិន​មែន​ដោយសារ​ជាតិ​ពុល

0:00 / 0:00

ត្រី​ជាច្រើន​តោន​បាន​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ជាប់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ធំ ដើម​សប្ដាហ៍​នេះ។ ក្រុម​មន្ត្រី​ពាក់ព័ន្ធ​អះអាង​ថា ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ត្រី​ទាំង​នោះ​ងាប់ គឺ​បណ្ដាល​មក​ពី​ខ្យល់​ព្យុះ​កន្ត្រាក់។ ប៉ុន្តែ​ពលរដ្ឋ​ខេត្ត​កំពង់ធំ ស្នើ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឲ្យ​ពិនិត្យ​ត្រី​ងាប់​ទាំង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ចេញ​សេចក្តី​សន្និដ្ឋាន ដ្បិត​គេ​សង្ស័យ​ថា អាច​មាន​ការ​បំពុល​ត្រី។

អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន បាន​បដិសេធ​ថា ត្រី​ងាប់​ជិត ១០០​តោន នៅ​ក្នុង​បឹង​អភិរក្ស​ទន្លេ​ឆ្មា ខេត្ត​កំពង់ធំ កាល​ថ្ងៃ​ទី​១០ ខែ​មិថុនា មិន​មែន​ដោយសារ​ជាតិ​ពុល​ទេ គឺ​ដោយសារ​ខ្យល់​ព្យុះ​កន្ត្រាក់ ព្រោះ​នៅ​តំបន់​ត្រី​ងាប់​នោះ​មាន​ទឹក​រាក់ ហើយ​ពេល​ជួប​ខ្យល់​ព្យុះ ទឹក​ក៏​បាន​ប្រែ​ទៅ​ជា​ល្បាប់​ភក់ ធ្វើ​ឲ្យ​ទឹក​គ្មាន​អុកស៊ីហ្សែន។ បន្ថែម​លើ​នេះ ត្រី​ដែល​នៅ​ពូន​ផ្តុំ​កន្លែង​ខ្យល់​ព្យុះ​នោះ បាន​រុំ​ព័ទ្ធ​ដោយ​ភក់​ល្បាប់​កខ្វក់ ហើយ​ទំនង​ជា​ត្រី​ដក​ដង្ហើម​មិន​រួច ទើប​ងាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់៖ «ខ្យល់​ព្យុះ​កន្ត្រាក់​ធ្វើ​ឲ្យ​ទឹក​វា​រាក់ និង​បូក​លាយ​ឡំ​ជាមួយ​ភក់​កករ​ទៅ វា​ទៅ​លើ​ប្រហែល​ជា​ត្រី​ខ្វះ​ទឹក​ក្នុង​ការ​ដក​ដង្ហើម គួបផ្សំ​វា​មាន​សារធាតុ​ភក់ ឬ​មាន​សារធាតុ​អី​ក៏​យើង​មិន​ដឹង ធ្វើ​ឲ្យ​ងាប់​តែ​ម្តង»

លោក​បញ្ជាក់​ថា ត្រី​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា ពេល​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ គឺ​ធ្លាប់​កើត​មាន​កាល​ពី​ឆ្នាំ​មុន ហើយ​ឆ្នាំ​នេះ​បាន​កើត​មាន​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដោយសារ​ខ្យល់​ព្យុះ​កន្ត្រាក់ និង​មាន​ទឹក​រាក់។

ទាក់ទិន​បញ្ហា​នេះ លោក ណៅ ធួក ប្រធាន​រដ្ឋបាល​ជលផល ឲ្យ​ដឹង​ថា ត្រី​ងាប់​ជិត ១០០​តោន នៅ​តំបន់​អភិរក្ស​បឹង​ទន្លេ​ឆ្មា មាន​ប្រភេទ​ត្រី​សណ្ដាយ ត្រី​ក្រពាត់ ត្រី​ឆ្លាំង ត្រី​កែស និង​ត្រី​ស្រកា​ចម្រុះ ជាដើម។ លោក​បញ្ជាក់​ថា ត្រី​ងាប់​នៅ​ខេត្ត​កំពង់ធំ មិន​មែន​ដោយសារ​ជាតិ​ពុល​ទេ ហើយ​ត្រី​ដែល​ងាប់​ទាំង​នោះ ប្រជាពលរដ្ឋ​អាច​ស្រង់​យក​ទៅ​ប្រឡាក់​ធ្វើ​ប្រហុក ឬ​ត្រី​ប្រឡាក់ ជាដើម។

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ធំ មួយ​ចំនួន បាន​បាន​ទទូច​ដល់​មន្ត្រី​ជំនាញ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​អង្កេត និង​រក​មូលហេតុ​នាំ​ឲ្យ​ត្រី​ងាប់​ជា​បន្តបន្ទាប់ ក្នុង​តំបន់​អភិរក្ស​ទន្លេ​ឆ្មា ជាប់​បឹង​ទន្លេសាប ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចំពោះ​បញ្ហា​នេះ។

ពលរដ្ឋ​ឈ្មោះ ចៀម ឡេង រស់នៅ​ខេត្ត​កំពង់ធំ មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ត្រី​ដែល​ងាប់​នោះ ពុល​ថ្នាំ ឬ​មាន​សារធាតុ​គីមី​ផ្សេងៗ ព្រោះ​មាន​ចំនួន​ច្រើន​រហូត​ជិត ១០០​តោន៖ «ជួន​កាល​ពុល​តាម​រលក​ខ្យល់​បក់​ខ្លាំង ឬ​ពុល​រលក។ អា​ហ្នឹង​ជា​រឿង​មួយ។ ប៉ុន្តែ​ដល់​ពុល​ងាប់​ច្រើន​ពេក​រហូត​ដល់​ជិត ៩០​តោន វា​ខុស​ប្លែក​ពី​ធម្មតា។ បើ​ថា​ក្នុង​ខ្យល់​បក់​កន្លះ​ម៉ោង​ហ្នឹង បើ​ពុល​វា​ពុល​តិចតួច​ទេ វា​មិន​ពុល​ដល់​ងាប់​ហូរហែ​អ៊ីចឹង​ទេ។ នៅ​ក្នុង​ទន្លេ​ហ្នឹង បើ​ថា​ត្រូវ​មុខ​ខ្យល់​វា​ទទឹង​មុខ​ខ្យល់​យ៉ាង​ច្រើន ២​គីឡូម៉ែត្រ ប៉ុន្តែ​នេះ​ខ្ញុំ​សង្ស័យ​ថា មាន​ពុល​ជាតិ​គីមី ហើយ​មើល​ទៅ»

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់​មូសុង​និរតី​ខ្លាំង បង្ក​ឲ្យ​មាន​ភ្លៀង​ផ្គរ​នៅ​តំបន់​មួយ​ចំនួន ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា។ សេចក្តី​ជូន​ដំណឹង​មាន​ចុះ​ហត្ថលេខា លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ចុះ​ថ្ងៃ​ទី​៦ ខែ​មិថុនា បង្ហាញ​ថា ឥទ្ធិពល​ខ្យល់​មូសុង​និរតី​នេះ បង្ក​ឲ្យ​ផ្ទៃ​មេឃ​នៅ​តំបន់​លំហ​សមុទ្រ​កម្ពុជា មាន​ពពក​មីរដេរដាស មាន​ភ្លៀង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​បោក​បក់​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។