អ្នកភូមិ និងអាជ្ញាធរឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ចោទមន្ត្រីជលផលថាជាអ្នកបំផ្លាញធនធានត្រី ដោយបណ្ដោយឲ្យមានបទល្មើសនេសាទក្នុងរដូវហាមនេសាទ។
អ្នកភូមិលើកឡើងថា មន្ត្រីជលផលមិនបានចាប់យកទូកច្រើនគ្រឿងអូសត្រី និងចាប់ត្រីធំតូច ដែលប្រើឧបករណ៍នេសាទទំនើបនៅក្នុងឡូនេសាទលេខ៩៤ និងប្រឡាយលេខ១៥ ទេ៖ «បុរស៖ ខ្ញុំចោទថា មន្ត្រីជលផលសុទ្ធតែពួកពុករលួយទាំងអស់។ អ្នកបំផ្លាញមច្ឆជាតិផ្ទាល់មិនមែនប្រជាពលរដ្ឋអ្នកបំផ្លាញទេ។ ក្នុងដើមទឹកហ្នឹង គឺលួចបង់ដោយសម្ងាត់ត្រឹម ២០ទូកអីទេ ១យប់។ រុញទល់ៗភ្លឺជាទូកធំៗ ម៉ាស៊ីនសុទ្ធតែ ១៥សែស ២០សែស។ រុញល្អក់ទឹកតែម្តងក្នុងប្រឡាយ១៥ យើងល្អក់ទឹកតែម្តង។ ស្ត្រី៖ ប៉ុន្តែខ្ញុំគ្រាន់តែឆ្ងល់ថា អ្នករុញបានទាំងកំពឹស ទាំងបង្គាអីទាំងអស់ ម៉េចក៏គេអត់ចាប់ ហើយ ១យប់ៗគេរកបានសឹងងាប់។ បុរស៖ ប្រជាពលរដ្ឋរកស៊ីដាក់មងអីតិចតួច ចាប់យកតែម្តង អត់ឲ្យវិញ ចាប់យកទៅហ្មង»។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទងមន្ត្រីជលផលខេត្តតាកែវ លោក សំណាង សុំការបំភ្លឺតបនឹងការចោទរបស់អ្នកភូមិនៅក្នុងឃុំព្រៃផ្គាំ ប៉ុន្តែលោកបិទទូរស័ព្ទ។
ក្នុងនោះដែរ អាជ្ញាធរឃុំព្រៃផ្គាំ លោក កែវ សុខា ថ្លែងគាំទ្រពលរដ្ឋ។ លោកថាបានឃើញសកម្មភាពនេសាទដោយទូកធំៗប្រមាណ ២០គ្រឿងក្នុង ១ថ្ងៃៗ ចូកយកត្រីខ្ទេចខ្ទីពីក្នុងទឹក ចាប់ពីខាងកើតប្រាសាទភ្នំដា ទៅដល់ប្រឡាយ៩៤ ប្រឡាយ១៥ ជាដើម។ លោកបន្តថា ក្រៅពីទូកចូក ក៏មានរបាំងស្បៃមុងរាយក្នុងទឹកចម្ងាយ ៣ ទៅ ៤គីឡូម៉ែត្រ ដើម្បីចាប់ត្រីនារដូវហាមនេសាទ ប៉ុន្តែមន្ត្រីជលផលធ្វើមិនឃើញករណីលួចនេសាទនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
