សហគមន៍​នេសាទ​នៅ​ស្រុក​ឯកភ្នំ​បារម្ភ​ពី​ការ​ជីក​អណ្ដូងទឹក​យក​ត្រី​ក្បែរ​តំបន់​អភិរក្ស

0:00 / 0:00

ប្រជា​សហគមន៍​នេសាទ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​បញ្ហា​អ្នក​មាន​ទ្រព្យ​ធន ជីក​អណ្ដូងទឹក​កៀក​បឹង​នៅ​តំបន់​អភិរក្ស ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ត្រី​នៅ​រដូវ​វស្សា។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​អ្នក​ស្រុក​ប្រទះ​ឃើញ​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​អណ្ដូងទឹក​តំបន់​អភិរក្ស​ដោយ​សេរី ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​មាន​វិធានការ​ទប់ស្កាត់​នៅ​ឡើយ។

សហគមន៍​នេសាទ​ត្រី​នៅ​ស្រុក​ឯកភ្នំ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មាន​វិធានការ​រារាំង​កុំ​ឲ្យ​មាន​ការ​ជីក​អណ្ដូងទឹក​នៅ​តំបន់​អភិរក្ស​បន្ត​ទៅ​ទៀត។

ប្រធាន​សហគមន៍​នេសាទ​ភូមិ​អន្សងសក ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ លោក លេន សារ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មេសា ថា ពលរដ្ឋ​អ្នក​មាន​ទ្រព្យ​ធន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​មួយ​គ្រឿង ទៅ​ជីក​អណ្ដូង​នៅ​ចំណុច​បឹង​អា​ផ្ទូល នៃ​ភូមិ​អន្សងសក ក្បែរ​តំបន់​អភិរក្ស ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​មច្ឆជាតិ​នៅ​រដូវ​ទឹក​ឡើង។ លោក​អះអាង​ថា ការ​ជីក​អណ្ដូង​នេះ បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​តំបន់​អភិរក្ស​របស់​សហគមន៍ ហើយ​ធ្វើ​ឲ្យ​ហិនហោច​ត្រី​នៅ​ថ្ងៃ​ខាង​មុខ។ លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន សុទ្ធតែ​បាន​ដឹង​ឮ​បញ្ហា​នេះ​ដូច​គ្នា ប៉ុន្តែ​ពុំ​បាន​ទប់ស្កាត់​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​បញ្ឈប់​ការ​ជីក​អណ្ដូងទឹក​នោះ​ឡើយ៖ « បាទ ! កាលណា​គេ​ជីក​អណ្ដូង​ទៅ គឺ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ច្រើន​ណាស់ ពីព្រោះ​ម្ចាស់​អណ្ដូង គេ​នឹង​បិទ​ផ្លូវ​ទឹក​ឲ្យ​ត្រី​ចូល​ក្នុង​អណ្ដូង​របស់​គេ »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ព្រែក​កញ្ច្រែង នៃ​ស្រុក​ឯកភ្នំ លោក អ៊ុង យួង មាន​ប្រសាសន៍​ថា កន្លង​ទៅ លោក​បាន​ហាម​ឃាត់​ពលរដ្ឋ​ដែល​ជីក​អណ្ដូងទឹក​នោះ ឲ្យ​ផ្អាក​សកម្មភាព​ម្ដង​រួច​មក​ហើយ​កាល​ពី​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ លោក​អះអាង​ថា ការ​បន្ត​សកម្មភាព​ជា​ថ្មី លោក​ពុំ​ទាន់​ទទួល​ដំណឹង​នៅ​ឡើយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក​ថា អណ្ដូងទឹក​ដែល​សហគមន៍​អះអាង​ថា​គេ​លួច​ជីក​នោះ គឺ​ជា​ការ​ស្ដារ​អណ្ដូង​ចាស់​ដែល​មាន​ស្រាប់​ជា​យូរ​ឆ្នាំ​មក​ហើយ៖ « ចុះ​សហគមន៍​ម៉េច​បាន​ជា​គាត់​មិន​ទប់ស្កាត់​ទៅ បើ​ឃើញ​គេ​ជីក​អណ្ដូង​នៅ​ដែនដី​របស់​មើល​ការ​ខុស​ហើយ​នោះ »

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល​តំបន់​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា ការ​ជីក​អណ្ដូង​នៅ​ក្បែរ​តំបន់​អភិរក្ស បើ​ទោះ​បី​ជា​តូច ឬ​ធំ​ក្ដី គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។ អ្នកស្រី​កត់​សម្គាល់​ទៀត​ថា ការ​ជីក​អណ្ដូង​ក្បែរ​បឹង​តំបន់​អភិរក្ស គឺ​ជា​ចេតនា​មួយ​របស់​ម្ចាស់​អណ្ដូង ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ត្រី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម​សាធារណៈ៖ « សហគមន៍​នេសាទ​គាត់​មិន​អាច​មាន​តួនាទី​ទៅ​ចាប់ ឬ​រឹប​អូស​យក​វត្ថុ​តាង​បាន​ដូច​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ គឺ​គាត់​បាន​ត្រឹម​តែ​ឃើញ​ហេតុការណ៍ ហើយ​រាយការណ៍​ឲ្យ​ទៅ​សមត្ថកិច្ច​ប៉ុណ្ណោះ »

អ្នក​ភូមិ​អះអាង​ថា តំបន់​បឹង​អភិរក្ស​មច្ឆជាតិ​ជាច្រើន​កន្លែង​នៅ​ស្រុក​ឯកភ្នំ ជាពិសេស​នៅ​ឃុំ​ព្រែកនរិន្ទ និង​ឃុំ​ព្រែកហ្លួង ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ជា​សាច់ញាតិ​របស់​មន្ត្រី​មាន​អំណាច​ក្នុង​មូលដ្ឋាន​ផង​នោះ បាន​ជីក​អណ្ដូងទឹក​ដើម្បី​ឲ្យ​ត្រី​ចូល​ក្នុង​រដូវ​វស្សា កើត​មាន​ជា​ហូរហែ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ មិន​អាច​ចូល​ទៅ​រក​ត្រី​ជា​លក្ខណៈ​គ្រួសារ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។