ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នៅស្រុកពាមជរ ខេត្តព្រៃវែង ប្ដឹងសុំរុះរើគណៈកម្មការគ្រប់គ្រងសហគមន៍នេសាទតេជោមេកឹង ចំនួន ១១នាក់ ពាក់ព័ន្ធនឹងការជួលដៃព្រែកឲ្យជនជាតិវៀតណាម ដាក់ស្បៃមុងនេសាទចាប់ត្រីយ៉ាងអនាធិបតេយ្យ ហើយពុំឃើញមានចំណូលសម្រាប់អភិវឌ្ឍសហគមន៍។ ប៉ុន្តែតំណាងសហគមន៍ច្រានចោលការចោទប្រកាន់នេះ។
ប្រជាពលរដ្ឋសហគមន៍តេជោមេកឹង ប្រមាណ ៣០០នាក់ នៅឃុំកោះរកា និងឃុំកោះសំពៅ ឋិតក្នុងស្រុកពាមជរ ខេត្តព្រៃវែង តាំងពីដើមខែកក្កដា មក បាននាំគ្នាផ្ដិតមេដៃទាមទារឲ្យមានការផ្លាស់ប្ដូរគណៈកម្មការសហគមន៍នេសាទបច្ចុប្បន្ននេះចេញ។ ការទាមទារបែបនេះ ពលរដ្ឋអះអាងថា មេដឹកនាំសហគមន៍ទាំងនោះ ពុំមានសមត្ថភាពអភិរក្ស និងអភិវឌ្ឍសហគមន៍ឲ្យរីកចម្រើនឡើយ។
ប្រជាសហគមន៍តេជោមេកឹង លោក ហ៊ុន សាមុត រៀបរាប់ថា នៅពេលរដូវត្រីចុះម្តងៗ គណៈកម្មការសហគមន៍នេសាទរបស់ពួកគាត់ តែងតែជួល និងលក់ដៃព្រែក និងបឹងបួទាំងនោះទៅឲ្យឈ្មួញត្រី ជាពិសេសជនជាតិវៀតណាម ដាក់ស្បៃមុងនេសាទចាប់ត្រីយ៉ាងអនាធិបតេយ្យ។ ទន្ទឹមនឹងនោះ ក៏បណ្តែតបណ្តោយឲ្យគោក្របី និងសត្វទារបស់ពលរដ្ឋវៀតណាម ចូលស៊ីរុករានពេញតំបន់អភិរក្សនោះ ដែលអាចបំផ្លាញធនធានជលផល។
ជាមួយគ្នានេះ លោកគត់សម្គាល់ថា គណៈកម្មការទាំង ១១រូប ដែលពលរដ្ឋបោះឆ្នោតជ្រើសរើសធ្វើជាតំណាងសហគមន៍នោះ ពុំបានយកចំណូលដែលបានពីការជួល និងលក់ដៃព្រែកបឹងបួនោះ ទៅអភិវឌ្ឍសហគមន៍ទេ ពោលគឺមានតែយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន៖ «បញ្ហានេះធ្ងន់ធ្ងរណាស់ គឺចំណូលសហគមន៍ឡូនេសាទហ្នឹងរាប់ម៉ឺនដុល្លារ ហើយត្រូវបានគាត់ (មេដឹកនាំសហគមន៍) យកលុយហ្នឹងទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់»។
ទាក់ទងរឿងនេះ មេឃុំកោះរកា លោក ឯម ផុន អះអាងថា តំបន់ព្រែកអភិរក្សនោះមានទំហំប្រមាណ ៥០ហិកតារ ប៉ុន្តែលោកពុំបានដឹងរឿងរ៉ាវលក់ដូរព្រែកបឹងបួនេះទេ។
យ៉ាងណាក៏ដោយ ឆ្លើយតបចំពោះការចោទប្រកាន់នេះ តំណាងគណៈកម្មការសហគមន៍ លោក វង្ស សុភ័គ្រ ថាពុំមានការជួល ឬលក់ទៅឲ្យជនជាតិវៀតណាម បូមបាចចាប់ត្រីដូចការចោទឡើយ ប៉ុន្តែអាចមានជនជាតិវៀតណាម លបលួចចូលមកឆក់ត្រីដោយខុសច្បាប់ដែរ ដែលកន្លងមក លោកចាប់បាន និងបណ្ដេញចេញទៅវិញ៖ «មេខណ្ឌអីក៏បានចុះទៅពិនិត្យអស់ហើយដែរ ហើយមកថាយើងជួល ឬលក់ទៅឲ្យវៀតណាម គឺជាចោទប្រកាន់ទាំងស្រុងតែម្តង»។
លោក វង្ស សុភ័គ្រ ថាចំណូលនៅដើមឆ្នាំ២០១៥ នេះទាប ហើយត្រូវចំណាយច្រើនលើឧបករណ៍ដាក់ត្រី ប៉ុន្តែនៅឆ្នាំ២០១៤ សហគមន៍ទទួលបានចំណូលជាង ១០០លានរៀល ហើយយកថវិកាទាំងនេះ អភិវឌ្ឍព្រែកសហគមន៍នោះដែរ ដោយជីក និងស្ដារឲ្យជ្រៅថែមទៀត។
ទាក់ទិននឹងបញ្ហានេះ នាយសង្កាត់រដ្ឋបាលជលផលស្រុកពាមជរ លោក ពិន ចាន់ ក៏ពុំបានដឹងពីរឿងបង់ប្រាក់ ដើម្បីបានសិទ្ធិនេសាទនៅតំបន់សហគមន៍នេសាទតេជោមេកឹង នោះដែរ ប៉ុន្តែកន្លងមក លោកដឹងថា តំណាងសហគមន៍ទាំងនោះគ្រាន់តែជួលបច្ចេកទេសពីវៀតណាម ប៉ុណ្ណោះ៖ «សហគមន៍ហ្នឹងទើបតែបង្កើតថ្មី ដូច្នេះគាត់មិនទាន់មានបច្ចេកទេស អ៊ីចឹងហើយបានជាគាត់មានសិទ្ធិជួលបច្ចេកទេសពីគេ»។
ប្រជាសហគមន៍ទាំងនោះអះអាងថា សហគមន៍នេសាទតេជោមេកឹង នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ តាមអនុសាសន៍រដ្ឋាភិបាល ដើម្បីកែទម្រង់ជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែគណៈកម្មការគ្រប់គ្រងតំបន់សហគមន៍នេះ បែរជាឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ និងផ្តល់សិទ្ធិឲ្យពលរដ្ឋនៃប្រទេសជិតខាង ចូលទាញយកផលប្រយោជន៍ពីធនធានជលផលរបស់ខ្មែរទៅវិញ។ ក្រុមពលរដ្ឋទាំងនេះ ក៏អំពាវនាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស៊ើបអង្កេតដោះស្រាយនូវភាពមិនប្រក្រតីនេះឲ្យបានឆាប់ៗផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
