អាជីវករ​និង​ពលរដ្ឋ​ត្អូញត្អែរ​ពី​ទិន្នផល​ត្រី​ប្រហុក​ថយ​ចុះ​និង​មាន​តម្លៃ​ថ្លៃ​នៅ​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
2015.01.02
ត្រី​ប្រហុក កំពង់ឆ្នាំង ៨៥៥ ពលរដ្ឋ​ទិញ​ត្រី​ធ្វើ​ប្រហុក​នៅ​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥។
RFA/Chin Chetha

ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​រក​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក ទុក​ហូប​ប្រចាំ​ឆ្នាំ និង​លក់​ដូរ​ខ្លះ បាន​ត្អូញត្អែរ​ពី​ទិន្នផល​ត្រី​ថយ​ចុះ និង​មាន​តម្លៃ​ថ្លៃ​ជាង​រាល់​ឆ្នាំ។ ពួក​គេ​អះអាង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​មន្ត្រី​ជលផល បាន​បញ្ជាក់​ផ្ទុយ​ពី​ការ​ពិត​ដែល​ថា តម្លៃ​ត្រី​ប្រហុក​ថោក គឺ​ប្រហែល ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​តម្លៃ​ត្រី​លក់​ជាក់ស្ដែង​ពី ១.៨០០​រៀល ទៅ ២​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។

អាជីវករ​ម្នាក់​កំពុង​ដើរ​ប្រមូល​ទិញ​ត្រី​នៅ​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង បាន​ថ្លែង​ប្រតិកម្ម​ចំពោះ​មន្ត្រី​ជលផល​ថ្នាក់​លើ​ថា តែង​តែ​រក​រឿង​ឈ្មួញ​កណ្ដាល​លក់​ត្រី​ប្រហុក​បន្ត​ទៅ​ឲ្យ​ពលរដ្ឋ​ក្នុង​តម្លៃ​ថ្លៃ ប៉ុន្តែ​ជាក់ស្ដែង ឆ្នាំ​នេះ​ត្រី​ខ្សត់ ហើយ​អ្នក​នេសាទ​ផ្ទាល់​ក៏​បាន​លក់​មក​ឲ្យ​គាត់​ក្នុង​តម្លៃ​ថ្លៃ​ទៅ​ហើយ ដោយ​មិន​មែន​ជា​ការ​ដំឡើង​ថ្លៃ​របស់​ឈ្មួញ​កណ្ដាល​នោះ។

អាជីវករ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ត្រី​ចាប់​ផ្ដើម​ត្រូវ​ពី​ថ្ងៃ​៨​កើត ខែ​បុស្ស ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ ប៉ុន្តែ​តម្លៃ​ត្រី​ប្រហុក​ទិញ​ផ្ទាល់​ពី​អ្នក​នេសាទ​មិន​ដែល​មាន​តម្លៃ​ក្រោម ១​ពាន់​រៀល​ឡើយ​ក្នុង​១​គីឡូក្រាម៖ «ត្រី​ប្រហុក​ណា! គេ​ផ្សាយ​តាម​ប៉ុស្តិ៍ (វិទ្យុ​ក្នុង​ស្រុក) តម្លៃ ៧ ទៅ ៨០០​រៀល​ទេ បង​ឯង​សួរ​គេ​អ្នក​រក​ផ្ទាល់ គេ​លក់​ឲ្យ​ខ្ញុំ​ពីរ​ពាន់​ហើយ ហើយ​អ្នក​ផ្សាយ​ហ្នឹង​អត់​មាន​មើល​ទេ ចេះ​តែ​ផ្សាយ​ទៅ។ អ្នក​លើ​ចុះ​មក​រក​រឿង​ពួក​ខ្ញុំ​ឈ្មួញ​កណ្ដាល ថា​ត្រី​ប្រហុក​គេ​ដាក់​ថោក តែ​ឈ្មួញ​លក់​ថ្លៃ​ទៅ​វិញ»

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ថ្លែង​បញ្ជាក់​ថា ផល​ត្រី​ឆ្នាំ​នេះ​ថយ​ចុះ​មែន ប៉ុន្តែ​តម្លៃ​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ជា​មធ្យម​ចន្លោះ​ពី ១​ពាន់ ទៅ ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម។ រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ ត្រី​ប្រហុក​បាន​ស្បើយ​បន្តិច ប៉ុន្តែ​តម្លៃ​ត្រី​នៅ​តាម​កំពង់ផែ​មួយ​ចំនួន​អាច​ក្រោម ១​ពាន់​រៀល ដូចជា​នៅ​កំពង់ប្រាសាទ និង​ឆ្នុកទ្រូ ជាដើម។

ប្រជា​នេសាទ​ម្នាក់​បាន​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា រដូវ​កាល​ធ្វើ​ប្រហុក ឬ​ផ្អក​ឆ្នាំ​នេះ លោក​រក​ត្រី​បាន​ជាង ២០០​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ខុស​កាល​ពី​ឆ្នាំ​ទៅ ដែល​លោក​អាច​រក​បាន​ច្រើន​ជាង​នេះ​ទ្វេ​ដង។

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល អ្នកស្រី ថុន សឿន ដែល​ជើង​កំពុង​រន្ថាន់​ជាន់​ត្រី​ប្រហុក​ក្នុង​ជាល​ក្បែរ​អ្នក​ភូមិ​ចំនួន​ពីរ​នាក់​ទៀត ថ្លែង​ថា រូប​អ្នកស្រី និង​ពលរដ្ឋ​ជិះ​ឡាន​មក​ពី​ស្រុក​ជាមួយ​គ្នា​ជាង ២០​នាក់ បាន​បង្ខំ​ចិត្ត​ទិញ​ត្រី​ប្រហុក​ក្នុង​តម្លៃ​ថ្លៃ ប៉ុន្តែ​ត្រី​ឆ្នាំ​នេះ​ត្រី​គ្រាន់​ទ្រើស (ត្រី​គ្រាន់​ធំ​បន្តិច) និង​ស្រស់ ហើយ​រយៈពេល​ពីរ​ថ្ងៃ គឺ​មក​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥ អ្នកស្រី​ទិញ​ត្រី​ប្រហុក​បាន ១០០​គីឡូក្រាម​ហើយ៖ «ខ្ញុំ​តែង​តែ​មក​រក​ត្រី​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​កំពង់ផែ​ផ្សារ​ក្រោម​នេះ ចំនួន ៧​ឆ្នាំ​ហើយ។ ត្រី​ឆ្នាំ​នេះ​ថ្លៃ ប៉ុន្តែ​គ្រាន់​បាន​ស្រស់ ព្រោះ​គេ​យក​មក​លក់​ភ្លាម​ហ្មង​ណា»

មន្ត្រី​សម្រប​សម្រួល​សហគមន៍​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​បាត់ដំបង នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) អ្នកស្រី នូ សារឹម ថ្លែង​ថា មូលហេតុ​ចម្បង​នៃ​ការ​ថយ​ចុះ​ទិន្នផល​ត្រី​ឆ្នាំ​នេះ គឺ​បណ្ដាល​មក​ពី​ទឹក​ឡើង​ក្នុង​រដូវ​វស្សា​តិច​ពេក ដែល​ធ្វើ​ឲ្យ​បឹង ឬ​ឡូ​នេសាទ​ខ្លះ​រីង​រាក់ និង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ទំនើបៗ​កាន់​តែ​កើន​ឡើង គួប​ផ្សំ​នឹង​អ្នក​ប្រកប​របរ​នេសាទ​កាន់​តែ​កើន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។